ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសចំណាស់​ជន​ជាតិ​ថៃ​ម្នាក់​ដេក​ស្លាប់​មុខបន្ទប់​ជួលសង្ស័យ​ខ្យល់​គរ

13 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​​​​ ៖ ប​ុរស​ចំណាស់​​ជន​ជាតិ​ថៃ​​ម្នាក់​បាន​ដេក​​ស្លាប់​នៅ​មុខ​បន្ទប់​ជួល​មួយ​កន្លែង​ និង​បង្ក​​ឱ​្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេ​លា​ម៉ោង​៤​និង​​៤០​នាទី​​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ​សីហា​ ​​​នៅ​ក្នុង​ភូមិ​ផ្សារ​​ព្រំ ឃុំ​ស្ទឹង​​កាច់ ស្រុក​សាលា​ក្រៅ ។ បុរស​ចំណាស់​ម្នាក់​នេះ​​ឈ្មោះ កូឡា ​ឆាត អាយុ​៦២​ឆ្នាំ ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ផ្ទះ​ជួល​បន្ទប់​លេខ​​២ ដែល​មាន​ម្ចាស់​ផ្ទះ​ឈ្មោះ​​ ពៅ សុទ្ធ​ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​បុរស​​ជន​ជាតិ​ថៃ​រូប​នេះទើប​តែ​ត្រឡប់​មក​ពី​ស្រុក​របស់​ខ្លួន​វិញ ហើយ​នៅ​មុន​ពេល​កើត​​ហេតុ​​​២​ថ្ងៃ​​​ គាត់​តែង​តែ​ទៅ​លេង​​ល្បែង​​ស៊ី​សង​​នៅ​ក្នុង​កា​ស៊ី​ណូ​តាំង​ពី​ក្បាល​ល្ងាច​រហូត​​ដល់​​ទៀប​ភ្លឺ​ទើប​ត្រឡប់​មក​ផ្ទះ​ជួល​​​វិញ ។ លុះ​នៅ​​ថ្ងៃ​កើត​ហេតុ​វេ​លា​ម៉ោង​៤​និង​៤០​នាទីទៀប​ភ្លឺ​​ពេល​ដែល​បុគ្គលិក​កា​ស៊ី​ណូ​​​២​​ទៅ​៣​នាក់ ​ចេញ​​មក​ពី​ធ្វើ​ការវិញ ដើរ​កាត់​មុខ​ផ្ទះ​របស់​គាត់​ ស្រាប់​តែ​ប្រទះ​ឃើញ​បុរស​រូប​នេះ​ដេក​​ស្លាប់​នៅ​ក្បែរ​មាត់​ទ្វារ​​ ។ ​ពេល​ឃើញ​ភ្លាម​ដោយ​មាន​ការ​ភ័យ​​ខ្លាច ទើប​​ប្រាប់​ម្ចាស់​ផ្ទះ​ឱ្យ​មក​មើល លុះ​ក្រោយ​មក​ម្ចាស់​ផ្ទះ​ក៏​​ទៅ​ប្តឹង​​សមត្ថកិច្ច​​នៅ​ប៉ុស្តិ៍​ស្ទឹង​កាច់​ឱ្យ​មក​ពិនិត្យ​​សព ។

មន្ត្រី​នគរ​បាល​ប៉ុស្តិ៍​ស្ទឹង​កាច់ និង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ព្រម​ទាំង​មន្ត្រី​សមត្ថកិច្ច​​នៅ​ព្រំ​ដែន​ជា​ច្រើន​រូប​​ទៀត​បាន​​មក​ដល់​កន្លែង​​កើត​ហេតុ រួច​ធ្វើ​កោសល្យ​វិច័យសព​​ឃើញ​ថា ​​មិន​មាន​ស្នាម​​ជាំ​អ្វី​នៅ​លើ​​រាង​កាយ ឬ​​មាន​ផឹក​ថ្នាំ​ពុល​អ្វី​​​ទេ តែ​ប្រហែល​ជា​ជន​រង​​គ្រោះ​កើត​ជំងឺ​ខ្យល់​គរ ឬ​​ខ្សោយ​បេះ​ដូង ។ ពេលជំងឺ​នោះ​ធ្វើ​ទុក្ខ ​គាត់​​​បើក​ទ្វារ​ចេញ​មក​​ក្រៅ​ដើម្បី​​ហៅ​គេ​ឱ្យ​ជួយ​រឺត​​ តែ​​ក៏​ដួល​នៅ​មុខ​ទ្វារ​បន្ទប់​ស្លាប់​តែ​ម្តង ​ដោយ​មាន​​ស្នាម​ជាំ​នៅ​លើ​ក្បាល​ជង្គង់​​ខាង​ឆ្វេង​​ដោយ​សារ​​ដួល​បុក​នឹង​ថ្ម ។ លុះ​​សមត្ថកិច្ច​ធ្វើ​ការ​ឆែក​ឆេរ​​បាន​រក​​ឃើញ​​សុទ្ធ​តែ​ថ្នាំពេទ្យ​យ៉ាង​ច្រើននៅ​លើ​គ្រែ​ និង​នៅ​លើ​កម្រាល​ឥដ្ឋ​ ។

​ស្ត្រី​ឈ្មោះ ពៅ សុទ្ធ ​ជា​ម្ចាស់​ផ្ទះ​ជួល​ឱ្យ​ដឹង​ថា គាត់​បាន​ជួល​បន្ទប់​ឱ្យបុរស​​ជន​ជាតិ​ថៃ​​នេះ​ស្នាក់​នៅ​អស់​រយៈ​ពេល​២​ឆ្នាំ​មក​​ហើយ តែ​ក្នុង​មួយ​ខែៗ​បុរស​រូប​នេះ​ស្នាក់​នៅ​តែ​​ប្រហែល​មួយ​អាទិត្យ​ប៉ុណ្ណោះ ដោយ​គាត់​ជា​អ្នក​លេង​ល្បែង តែង​តែ​​ទៅ​រក​ប្រាក់​នៅ​ឯ​ស្រុក​របស់​ខ្លួន​ដើម្បី​យក​មក​ចូល​លេង​ក្នុង​កា​ស៊ីណូ ។ ​ប្រភពព័ត៌មាន​​បន្ត​​​ថា ​​ជា​រៀង​រាល់​យប់​ឱ្យ​​តែ​គាត់​មាន​ប្រាក់​គឺ​មិន​ដែល​​សម្រាក​នៅ​ក្នុង​បន្ទប់​​​ផ្ទះ​ជួល​នេះ​ទេ ​គឺ​សម្រាក​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ។ ​បុរ​ស​រង​គ្រោះ​ឈ្មោះ កូឡា​ឆាត ​នេះ​គ្មាន​បង​ប្អូន ឬ​សាច់​ញាតិ​រស់​នៅ​ជា​មួយ​ទេ គាត់​មក​ជួល​បន្ទប់​ស្នាក់​នៅ​តែ​ម្នាក់​ឯង ។

ប្រភព​​ព័ត៌មាន​បន្ត​ទៀត​ថា ​លុះ​ដល់​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ពេល​សមត្ថកិច្ច​​ពិនិត្យ​ធ្វើ​កោសល្យ​វិច័យ​រួច​រាល់​អស់ មិន​ឃើញ​មាន​អ្វី​ប្លែក ក៏​ប្រគល់​សព​​ទៅឱ្យ​​ភ្នាក់​ងារ​ជន​ជាតិ​ថៃ​នាំ​យក​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ៕