ខេត្តបន្ទាយមានជ័យ ៖ នៅភូមិបន្ទាយឆ្មារខាងត្បូង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ផ្លែដូងមួយដុះកូនចេញចំនួន១៨ដើម ខណៈពេលម្ចាស់ដាំរយៈពេលប្រហែល៤ខែ ។ ម្ចាស់ជឿថាដូងចម្លែកនេះមានឫទ្ធិបារមីអាចជួយឱ្យគាត់ជាស្បើយពីជំងឺដើរមិនរួចទៀតផង ។
លោកនាយប៉ុស្តិ៍នគរបាលបន្ទាយឆ្មារ កាលពីថ្ងៃទី១៦ សីហា ឱ្យដឹងថា ដូងចម្លែកនេះនៅក្នុងដីចម្ការរបស់លោកតា ស យុគ អាយុ៧៥ឆ្នាំ និងលោកយាយ ថាំង ហ៊ីន អាយុ៦៨ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារខាងត្បូង ។
លោកតា ស យុគ ដែលជាអ្នកដាំដើមដូងនោះឱ្យដឹងថា គាត់បានយកផ្លែដូងចំនួន២ដាក់ដាំក្បែរគ្នាក្នុងដីចម្ការចម្ងាយពីផ្ទះរបស់គាត់ប្រហែល៣០០ម៉ែត្រ នៅតាមបណ្តោយផ្លូវបុរាណទៅប្រាសាទបន្ទាយមានបុណ្យ ។ ដូង១ផ្លែមានកូនលូតកម្ពស់ធម្មតា ចំណែកដូង១ផ្លែទៀតដុះចេញមកស្លឹកក្តោប មិនសូវជាលូតកម្ពស់ទេ តែមានសម្រស់ល្អ ពិសេសដុះកូនដល់ទៅ១៨ដើម តែក្នុងនោះងាប់អស់៤ដើម ។
លោកតាដដែលបន្តថា គាត់មានជំងឺហើមជើងទាំង២ ដើរមិនរួចអស់រយៈពេល៣ឆ្នាំមកហើយៗទៅឱ្យគ្រូខ្មែរនៅភូមិក្បាលទន្សោងព្យាបាលរយៈពេល២ខែកន្លះមិនជា ក៏មកព្យាបាលនៅផ្ទះវិញ ។
មានថ្ងៃមួយគ្រូទស្សន៍ទាយ ធ្វើអាសានៈព្រះភូម និងរៀបបាយសីមកពីភូមិថ្មរមៀលមកដល់ផ្ទះគាត់ ហើយគាត់ក៏និយាយប្រាប់ពីរឿងដូងចម្លែកនោះ។ គ្រូទស្សន៍ទាយនោះឱ្យគាត់នាំទៅមើល លុះឃើញហើយក៏លាន់មាត់ថា «ដើមដូងនេះមានបារមីណាស់ បើលោកតាចង់ជាត្រូវតែបន់ស្រន់» ។ ក្រោយមកគាត់បានបន់ស្រន់ថា «បើគាត់ជាសះស្បើយមែននឹងរៀបចំអាសនៈ មានបាយសី និងនិមន្តលោកសូត្រមន្ត» ។
លោកតា ស យុគ អះអាងថា គាត់ធ្វើតាមគ្រូទស្សន៍ទាយនោះ ស្រាប់តែគាត់ដើរបាន និងជាស្បើយឡើងវិញពីរោគា ។ ដូច្នេះហើយនៅថ្ងៃទី១៥ សីហា ២០១២ គាត់រៀបចំសែនព្រេន ធ្វើអាសនៈ និងនិមន្តព្រះសង្ឃសូត្រមន្ត ដោយមានប្រជាពលរដ្ឋ តាជី យាយជីជាច្រើននាក់ចូលរួម និងនាំគ្នាហៅដើមដូងនោះថា «ព្រះ» ។ ក្នុងពិធីនោះនាំគ្នាបន់ស្រន់សូមឱ្យព្រះជួយឱ្យមានភ្លៀងធ្លាក់ផងដែរ ។
ក្រោយធ្វើពិធីបួងសួងរួចមក នៅវេលាម៉ោង១រសៀលថ្ងៃទី១៦ សីហា ស្រាប់តែមានភ្លៀងធ្លាក់មួយមេធំ ។កន្លងមកបាតុភូតចម្លែកនៃធម្មជាតិតែងតែកើតឡើងជារឿយៗដូចជា ជ្រូកក្បាលដំរី ចេកចេញត្រយូងនៅគល់ជាដើម ។ចំពោះដូងចម្លែករបស់លោកតានៅខេត្តបន្ទាយមានជ័យនោះ ថែមទាំងអាចជួយឱ្យគាត់ជាពីជំងឺទៀតផង តែក៏មានអ្នកភូមិជាច្រើនមិនជឿ ។ គេយល់ថាដូងនោះជាបាតុភូតចម្លែកនៃធម្មជាតិ គឺគ្មានឫទ្ធិបារមីទេ ៕



ចែករំលែកព័តមាននេះ