រាជធានីភ្នំពេញ ៖ ម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងដឹកកន្ត្រកសំពីងសំពោង អ្នកបើកស្ទើររកកន្លែងជិះមិនបានបើកទៅប៉ះរថយន្តម៉ាកឡិចស៊ីសអ័រអិច៣០០ ពណ៌ស្ករ មួយគ្រឿង បណ្តាលឱ្យក្រពឹតទ្វារ កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី១៨ សីហា ២០១២ នៅតាមវិថីឧកញ៉ាទេពផន កែងផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ទោះបីយ៉ាងណាម៉ូតូពុំដួលបណ្តាលអោយមនុស្សរងរបួសឡើយ។
តាមព័ត៌មានឱ្យដឹងថា រថយន្តម៉ាកឡិចស៊ីសអ័រអិច៣០០ ពណ៌ស្ករ មួយគ្រឿងជិះគ្នាពីរនាក់ប្តីប្រពន្ធ និងកូនតូចធ្វើដំណើរតាមវិថីឧកញ៉ា ទេព ផន ក្នុងទិសដៅពីកើតទៅលិច ដោយបត់ទៅស្តាំតាមផ្លូវលេខ២៧១ ។ ខណៈពេលនោះស្រាប់តែមានម៉ូតូម៉ាកឌ្រីមសេ១២៥ ដឹកកន្ត្រកសំពីងសំពោងធ្វើដំណើរស្របទិសគ្នាបានមកប៉ះទ្វាររថយន្តបណ្តាលឱ្យក្រពឹត តែម៉ូតូពុំដួលឡើយ ។ ការចរចាដោះស្រាយគ្នាពោរពេញដោយកំហឹងដាក់គ្នា ប៉ុន្តែយូរបន្តិចទើបភាគីខាងម៉ូតូជួយចេញថ្លៃជួសជុលតែ២៥ដុល្លារប៉ុណ្ណោះ ហើយខាងរថយន្តក៏ព្រមទទួលយកដើម្បីបញ្ចប់គ្នា ។
គួរបញ្ជាក់ថា ម៉ូតូនោះដឹកកន្ត្រកសំពីងសំពោងហើយអ្នកបើកជិះតែចុងកែបស្ទើរតែទប់ខ្លួនពុំរួច ដែលការដឹកបែបនេះ មិនគួរឱ្យមាននោះទេ អាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ