រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកភូមិភាគដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៥ សីហា កន្លងមក សម្រាប់ភូមិភាគរាជធានីភ្នំពេញ ប្រភេទកីឡាអត្តពលកម្ម វិញ្ញាសា លោតចម្ងាយ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រហើយនៅព្រឹកថ្ងៃទី១៩ សីហា នេះ ទាំងផ្នែកបុរស ទាំងនារី។
ក្រុមកីឡាដែលចូលរួមប្រកួតផ្នែកបុរសមាន៥ក្រុម និងផ្នែកនារីមាន៥ក្រុម ដូចគ្នា ។ ចំពោះលទ្ធផលសម្រាប់ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី ថោ ដាវី មកពីសាកលវិទ្យាល័យអាស៊ី អឺរ៉ុប លោតបានចម្ងាយ៤,១៤ម៉ែត្រ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី ឯម សំណាង មកពីក្រសួងមហាផ្ទៃ លោតបានចម្ងាយ៣,៧៥ម៉ែត្រ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី ឈុំ ស្រីម៉ី មកពីអង្គការភាពញញឹមនៃកុមារ លោតបានចម្ងាយ៣,៧០ម៉ែត្រ។ ចំណែកផ្នែកបុរសចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ សំអឿន សុធារិទ្ធ មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោតបានចម្ងាយ៦,០៥ម៉ែត្រ ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាកររស់ សុខណា រាជធានីភ្នំពេញ លោតបានចម្ងាយ៦,០៤ម៉ែត្រ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ពុំ មករា មកពីក្រសួងមហាផ្ទៃលោតបានចម្ងាយ៥,៩៨ម៉ែត្រ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកភូមិភាគនេះគឺចាប់ផ្តើមតាំងពីថ្ងៃទី១៥ សីហា នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៤ សីហា ២០១២ ដោយមាន៤វិញ្ញាសាសម្រាប់ប្រកួត គឺបាល់ទះ, បាល់បោះ, អត្តពលកម្ម, និងបាល់ទាត់ ។ វិញ្ញាសាអត្តពលកម្មមាន (លោតកម្ពស់, ចោលដុំដែក, លោតចម្ងាយ, រត់ល្បឿន, ដើរ និងរត់) ។ ចំពោះវិញ្ញាសាមួយចំនួនទៀតត្រូវបានបិទបញ្ចប់ជាបណ្តើរៗហើយ ៕


ចែករំលែកព័តមាននេះ