នាវាជប៉ុនមួយកងមាននាវាចំនួន២០គ្រឿង កាលពីយប់ថ្ងៃទី១៨ សីហាបានចាកចេញដំណើរទៅកាន់ប្រជុំកោះដែលជប៉ុនហៅថា សេនកាគូ ហើយចិនហៅប្រជុំកោះ DIAOYU ដើម្បីអះអាងជាថ្មីពីអធិបតេយ្យភាពរបស់ជប៉ុនលើប្រជុំកោះនេះ ទោះបីជាមានការតវ៉ាប្រឆាំងយ៉ាងខ្លាំងរបស់ក្រុងប៉េកាំងក៏ដោយ ។
មនុស្សប្រមាណជា១៥០នាក់ ជិះក្នុងនាវាទាំងនេះ ដែលក្នុងចំណោមមនុស្សទាំងនោះ មានបណ្តាសមាជិកសភា និងពួកសកម្មជនជាតិនិយម។ កងនាវានេះ បានចេញដំណើរនាវេលាម៉ោង២០ និង៣០នាទី ម៉ោងក្នុងស្រុកពីកោះអីុស៊ី កាហ្ស៊ី ស្ថិតនៅចុងខាងត្បូងរបស់ជប៉ុន ឆ្ពោះទៅប្រជុំកោះសេនកាគូ ក្នុងសមុទ្រចិនខាងត្បូង ។ កងនាវានេះ ត្រូវទៅដល់ប្រជុំកោះនេះនាព្រឹកព្រលឹមថ្ងៃទី១៩ សីហា ។
លោកគឺនីជី កូជីម៉ា សមាជិកសភាមួយរូបនៃតំបន់កាណាហ្គាវ៉ា ក្បែរក្រុងតូក្យូ និយាយថា ខ្ញុំចង់បង្ហាញប្រាប់សហគមន៍អន្តរជាតិថា ប្រជុំកោះនោះជារបស់យើង ។ គឺជាអនាគតរបស់ជប៉ុន ដែលត្រូវដើរតួនាទីលើប្រជុំកោះនេះ ។ ចំណែកលោកស្រី កឺអីុកូយ៉ាម៉ាតានី សមាជិកាសភាជប៉ុនមួយរូបថ្លែងថា ជាក្តីរីករាយដែលសហគមន៍អន្តរជាតិទទួលស្គាល់ជាសាកល ថា ប្រជុំកោះសេនកាគូ ជារបស់ជប៉ុន ក៏ប៉ុន្តែខ្ញុំយល់ថា ជាមួយេបសកកម្មប្រភេទនេះ គឺដើម្បីអាចប្រាប់ពិភពលោកបន្ថែមទៀត លើបញ្ហា
នេះ ។
មុននេះ ក្រុងប៉េកាំងបានស្នើយ៉ាងម៉ឺងម៉ាត់ដល់ជប៉ុនឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពដែនដីរបស់ខ្លួន ។ ក្នុងសេចក្តីប្រកាសមួយរដ្ឋាភិបាលចិនបញ្ជាក់ថា ចិនដាក់ពាក្យតវ៉ាជាផ្លូវការជូនប្រទេសជប៉ុនដោយទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពដែនដីចិន ៕
ចែករំលែកព័តមាននេះ