រាជធានីភ្នំពេញ ៖ ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកភូមិភាគដែលបានចាប់ផ្តើមពីថ្ងៃទី១៥ សីហា កន្លងមក សម្រាប់ភូមិភាគរាជធានីភ្នំពេញ បានបញ្ចប់ការប្រកួតវិញ្ញាសាចោលដុំដែកបុរស-នារីហើយកាលពីថ្ងៃទី១៨ សីហា ២០១២ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ ។
ការប្រកួតដែលមាន៥ក្រុមចូលរួមប្រកួតនោះទាំងកីឡាករ និងកីឡាការិនីត្រូវចោលដុំដែកចំនួន៦លើក ។ សម្រាប់កីឡាការិនី ត្រូវចោលដុំដែកដែលមានទម្ងន់៤គីឡូក្រាម ចំណែកកីឡាករចោលដុំដែកដែលមានទម្ងន់៧,២៥គីឡូក្រាម ។ បន្ទាប់ពីការប្រកួតពេញមួយព្រឹកនោះសម្រាប់បុរសចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករលៀម វាសនា មកពីសមាគមកីឡាក្រសួងមហាផ្ទៃដែលចោលបានចម្ងាយ១១,៥៧ម៉ែត្រ ។ ចំណាត់ថ្នាក់លេខ២បានទៅលើកីឡាករ រិន សារ៉ន មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ដែលចោលបានចម្ងាយ១០,៤៨ម៉ែត្រ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករឈឹម តៃវ៉ាន់ ចោលបានចម្ងាយ៩,១៧ម៉ែត្រ ។ ចំពោះចំណាត់ថ្នាក់នារីវិញ លេខ១ បានទៅលើកីឡាការិនី ធឿន ម៉ារ៉ានាថ មកពីសមាគមកីឡាក្រសួងការពារជាតិ ដែលចោលបានចម្ងាយ៨,៥៥ម៉ែត្រ ។
ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនី អ៊ុក ធាវី មកពីសមាគមក្រសួងមហាផ្ទៃ ចោលបានចម្ងាយ៧,៩៥ម៉ែត្រ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី គុន ស្រីម៉ាន មកពីអង្គការភាពញញឹមនៃកុមារដែលចោលបានចម្ងាយ៦,៧៧ម៉ែត្រ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកភូមិភាគនេះ គឺចាប់ផ្តើមតាំងពីថ្ងៃទី១៥ សីហា នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៤ សីហា ដោយមាន៤វិញ្ញាសាសម្រាប់ប្រកួត គឺបាល់ទះ, បាល់បោះ, អត្តពលកម្ម និងបាល់ទាត់ ។ វិញ្ញាសាអត្តពលកម្មមាន (លោតកម្ពស់, ចោលដុំដែក, លោតចម្ងាយ, រត់ល្បឿន, ដើរ និងរត់) ហើយចំពោះវិញ្ញាសាមួយចំនួនត្រូវបានបិទបញ្ចប់បណ្តើរៗហើយ ៕


ចែករំលែកព័តមាននេះ