ដានី ប៉េដ្រូហ្សាបានសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងបន្ទាប់ពីខ្លួនបានយកឈ្នះការនាំមុខបណ្តោះអាសន្ននៃការប្រណាំងម៉ូតូជីភីកម្មវិធី Indianapolis Grand Prixនៅទីលានប្រណាំង Indianapolis Motorspeedway ស្ថិតនៅទីក្រុង Indianapolis រដ្ឋអុីនឌីយ៉ាណា សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ទី១៨ខែសីហាកន្លងមកនេះ។
ប៉េដ្រូហ្សាដែលជាអ្នកបើកបរឱ្យក្រុមហុងដានិងមាន១៨២ពិន្ទុស្ថិតនៅលំដាប់ទី២បន្ទាប់ពីកីឡាករ Jorge Lorenzoនៅលើតារាងជើងឯកពិភពលោកបានបញ្ចប់ការប្រណាំងក្នុងថិរវេលា១នាទីនិង៣៨.៨១៣វិនាទីប្រជែងយកឈ្នះកីឡាករមិត្តរួមជាតិ Jorge Lorenzoរបស់ក្រុមប្រណាំងយ៉ាម៉ាហាដែលបានបញ្ចប់ការប្រណាំងក្នុងចំណាត់ថ្នាក់ទី២។ Lorenzoប្រើអស់ថិរវេលា១នាទីនិង៣៨.៩១៣វិនាទីគឺ០.១០០វិនាទីយឺតជាងកីឡាករប៉េដ្រូហ្សា ។ ចំណាត់ថ្នាក់លេខ៣បានទៅលើកីឡាករជើងខ្លាំងមកពីអុីតាលី Andrea Dovizioso ។ Doviziosoដែលបើកបរឱ្យក្រុម Tech 3 Yamahaបានបញ្ចប់ការប្រណាំងក្នុងថិរវេលា១នាទីនិង៣៩.២៣៥វិនាទីពោលគឺ ០.៤២២វិនាទីយឺតជាងប៉េដ្រូហ្សា។
កីឡាករអាមេរិក Ben Spies បើកបរឱ្យក្រុមយ៉ាម៉ាហាបញ្ចប់ការប្រណំាំងក្នុងចំណាត់ថ្នាក់លេខ៤បន្ទាប់ពីប្រើអស់ថិរវេលា១នាទីនិង៣៩.២៧៩វិនាទី ។ចំណែកកីឡាករអាល្លឺម៉ង់ Stefan Bradl ដែលជាអ្នកបើកបរឱ្យក្រុម LCR Hondaបានបញ្ចប់ការប្រណាំងក្នុងលំដាប់ទី៥បន្ទាប់ពីបានប្រើអស់ថិរវេលា១នាទីនិង៣៩.៤៣៧វិនាទីតាមពីក្រោយដោយកីឡាករជើងខ្លាំងរបស់អូស្ត្រាលី ខាស៊ី ស្តូន័រដែលបានបញ្ចប់ការប្រណាំងក្នុងថិរវេលា១នាទីនិង ៣៩.៤៦៥វិនាទីខណៈកីឡាករអុីតាលីវ៉ាឡឹនទីណូ រ៉ូស៊ីរបស់ក្រុម Ducatiបានបញ្ចប់ការប្រណាំងក្នុងថិរវេលា១នាទីនិង៤០.៧៦៣វិនាទី ស្ថិតនៅលំដាប់ទី១១ ។
ឯកីឡាករជើងខ្លាំងរបស់អេស្ប៉ាញម្នាក់ទៀត Alvaro Bautistaបញ្ចប់ការប្រណាំងស្ថិតក្នុងចំណាត់ថ្នាក់ទី៩។ កីឡាកររបស់ក្រុម Gresini Hondaរូបនេះបានប្រើអស់ថិរវេលា១នាទីនិង៤០.០៧២វិនាទីយឺតជាងកីឡាករប៉េដ្រូហ្សា១.២៥៩វិនាទី។សម្រាប់ប៉េដ្រូហ្សា ក្នុងឆ្នាំ២០១២នេះ គេទើបតែដណ្តើមបានជ័យជម្នះ១លើកប៉ុណ្ណោះនៅប្រទេសអាល្លឺម៉ង់ខែកក្កដាកន្លងមក ។ គេបានថ្លែងថា៖«ខ្ញុំសប្បាយចិត្តជាខ្លាំងចំពោះជ័យជម្នះនៅទីនេះ។ ខ្ញុំពិតជាត្រូវការវាយ៉ាងចាំបាច់បំផុត។ ក្នុងពេលនេះសុបិនល្អបានវិលមករកខ្ញុំវិញជាបណ្តើរៗហើយ »៕


ចែករំលែកព័តមាននេះ