ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រថយន្ត​ពី​​ភ្នំ​ពេញ​​ទៅ​កៀន​ស្វាយ​​លឿន​ពេក​រេ​ចង្កូត​ពន្លះ​ស្លាក​​យីហោ​​ហាង​តារា​វាល​ស្បូវ និង​បន្ត​បុក​​បង្គោល​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ស្រវឹង​ជោក​​បើក​រថយន្តមួយ​គ្រឿង​​រួម​ដំណើរ​​ដោយ​ស្ត្រី​ម្នាក់​​ផង ពីភ្នំពេញ​​ទៅ​កៀន​ស្វាយ​ ក្នុង​ល្បឿន​លឿន​​ក៏​រេ​ចង្កូត​ទៅ​​ខាងស្តាំ​ដៃ​​បុកស្លាក​យីហោ​ហាង​តារា​វាល​ស្បូវនៅ​លើ​​ចិញ្ចើម​​ផ្លូវ ហើយ​ជ្រុល​​​ទៅ​បុក​បង្គោល​ភ្លើង​​មួយ​ទៀត ​និង​មិន​ទាន់​អស់​ល្បឿន​​បន្ត​​ទៅ​បុកផ្ទប់​នឹងស្លាកយីហោ​ហ្គារ៉ាស​សាំង​ជាប់ទៅ​មុខ​លែង​រួច បណ្តាលឲ្យ​អ្នកបើក​រថយន្ត និងអ្នករួម​ដំណើរ​រងរ​បួសធ្ងន់​​ត្រូវបាន​បញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​​ជិត​នោះ កាល​ពីវេលាម៉ោង​៣រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១៩ សីហា ២០១២ នៅចំណុច​មុខហាងតារា​វាលស្បូវ តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុងភូមិបឹង​ឈូក សង្កាត់វាល​ស្បូវ ខណ្ឌមានជ័យ ។

​សាក្សី​​ដែល​​​ឃើញ​ហេតុ​ការណ៍​ឱ្យ​ដឹងថា ​រថយន្ត​​ម៉ាក Funcargo ពណ៌ស ​បើក​ដោយ​បុរស​ម្នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​រួម​ដំណើរ​ជា​មួយ​ស្ត្រី​ម្នាក់​​ផង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​​ គឺ​ពី​ភ្នំពេញ ​ឆ្ពោះ​ទៅ​ស្រុក​កៀន​ស្វាយ។ លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​​មិន​ដឹង​​ជា​យ៉ាង​ម៉េច​ ស្រាប់​តែ​​រេ​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​ពន្លះ​​ស្លាក​យីហោ​​តារា​វាល​ស្បូវ​ដែល​តាំង​នៅ​លើ​​ចិញ្ចើម​​ផ្លូវ​ជាតិលេខ​មួយ ពេញទំហឹង​អូស​ជាង​២០​ម៉ែត្រ​​​ទៅ​បុក​នឹង​បង្គោល​ភ្លើង​​មួ​យដើម​ទៀត​ដែល​នៅ​ពី​មុន​ស្លាក​យីហោ​​ហើយ​រថយន្ត​​មិនទាន់​អស់​​ល្បឿន​ក៏​បន្ត​ទៅ​បុក​​ស្លាក​ហ្គារ៉ាស​សាំង​​នៅ​ក្បែរ​នោះ​កៀប​ជាប់​ទៅ​មុខ​លែង​រួច ។

​ប្រភពដដែល​បន្ត​ថា ​បន្ទាប់​ពី​កើត​ហេតុ​គេឃើញ​បុរស​អ្នក​បើក​បរ និង​ស្ត្រីដែល​រួម​ដំណើរ​​ជា​មួយ​បែក​ក្បាល រយះ​ដៃ​ រយះ​ជើង រង​របួស​ធ្ងន់​​​ត្រូវ​​បាន​ប្រជា​ពល​រដ្ឋ​​ដឹក​​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជិតនោះ ចំណែក​​រថយន្ត​រង​ការ​ខូច​ខាត​​ផ្នែកខាង​មុខ​ទាំងស្រុង ​ត្រូវបាន​​នគរបាល​ចរាចរ​​ខណ្ឌមានជ័យ ​សហ​ការ​ជា​មួយ​ប៉ូលិស​​ក្រុង​ស្ទូច​​យករក្សា​ទុក​​នៅ​សាលារាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​ម្ចាស់​រថយន្ត​ចូល​ខ្លួន​ទៅ​ដោះស្រាយ​​សំណង​ជូន​រដ្ឋ​ថ្លៃ​ខូចខាត​ទ្រព្យ​សម្បត្តិ​​សាធារណៈ ៕