ខេត្តប៉ៃលិន ៖ ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ និងវិទ្យុអូរតងប៉ៃលិនមួយខ្នងដែលមានកម្ពស់២ជាន់ វិមាត្រជាន់ក្រោម១៤ម៉ែត្រជាន់លើ១២ម៉ែត្រ ត្រូវជា១៩៧ម៉ែត្រការ៉េ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រារព្ធសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី ១៧ សីហា ២០១២ ក្រោមអធិបតីភាពលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីលោកអីុ ឈាន អភិបាលខេត្ត លោកកើត សុធា អភិបាលរងខេត្ត មន្ត្រីរាជការនៅជុំវិញសាលាខេត្ត និងមកពីបណ្តាខេត្តផ្សេងៗមួយចំនួនទៀតផងដែរ ។
លោកគង់ ដួង ប្រធានមន្ទីរព័ត៌មានខេត្តបានឡើងអានរបាយការណ៍សង្ខេបថា អគារមូលពណ៌បៃតងខ្ចី កម្ពស់២ជាន់ វិមាត្រជាន់ក្រោម១៤ម៉ែត្រ និងជាន់លើ១២ម៉ែត្រ ត្រូវជា១៩៧ម៉ែត្រការ៉េ ដែលនៅលើហោជាងខ្លោងទ្វារចូលមានអក្សរពណ៌ទឹកមាស នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ។ អគារមូលនេះបានចាប់ផ្តើមសាងសង់នៅថ្ងៃទី៥ ឧសភា ២០១១ ហើយរួចរាល់ជាស្ថាពរនៅថ្ងៃទី៧ មករា ២០១២ ដោយចំណាយថវិកាអស់ចំនួន៥០០លានរៀល ។ លោកប្រធានមន្ទីរព័ត៌មានខេត្តបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដ៏ឆ្នើមដែលបានប្រទានអគារមូល២ជាន់ ពណ៌បៃតងខ្ចីនេះ ដែលជាមជ្ឈមណ្ឌលផ្តល់នូវសេវាផ្សព្វផ្សាយលើវិស័យព័ត៌មាន ការកម្សាន្ត អប់រំ និងចំណេះដឹងទូទៅដល់ប្រជាពលរដ្ឋទូទាំងខេត្ត ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ