ការសិក្សាថ្មីមួយណែនាំថា ការទទួលទានភេសជ្ជៈច្រើនអាចបង្កើនគ្រោះថ្នាក់នៃជំងឺហឺត និង/ឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ។មនុស្សប្រហែលជា១៧.០០០នាក់ ដែលមានអាយុយ៉ាងតិច១៦ឆ្នាំ នៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលីត្រូវបានសួរពីការបរិភោគភេសជ្ជៈរបស់ពួកគេ ដូចជាទឹកក្រូចកំប៉ុង ទឹកបរិសុទ្ធមានរសជាតិ ទឹកក្រូចឆ្មារដែលមានជាតិស្ករ និងភេសជ្ជៈកីឡា ។
ច្រើនជាង១០ភាគរយនៃអ្នកចូលរួមបាននិយាយថា ពួកគេបរិភោគភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ ។ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ១៣,៣ភាគរយនៃអ្នកចូលរួមដែលមានជំងឺហឺត និង១៥,៦ភាគរយដែលមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរបរិភោគភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ ។អ្នកដែលបរិភោគក្នុងកម្រិតដែលរៀបរាប់ខាងលើមានកម្រិត១,២ដងនឹងមានជំងឺហឺត និង១,៧ដង នឹងមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរច្រើនជាងអ្នកដែលមិនបរិភោគភេសជ្ជៈ ។
វេជ្ជបណ្ឌិត ហ្ស៊ូមីន ស៊ី (Zumin Shi) នៃមហាវិទ្យាល័យ Adelaide និយាយថា «ការសិក្សារបស់យើងបញ្ជាក់ពីសារសំខាន់នៃអាហារ និងទឹកដែលល្អចំពោះសុខភាពក្នុងការបង្ការជំងឺរ៉ាំរ៉ៃដូចជាជំងឺហឺត និងជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរនេះ» ។ក្រុមអ្នកស្រាវជ្រាវនិយាយថា គ្រោះថ្នាក់នេះ គឺទាក់ទងទៅនឹងចំនួននៃការទទួលទាន មានន័យថា ទទួលទានភេសជ្ជៈកាន់តែច្រើនគ្រោះថ្នាក់នៃជំងឺហឺតឬជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរកាន់តែធំ ។
ប៉ុន្តែការសិក្សានេះត្រឹមតែបង្ហាញពីទំនាក់ទំនងប៉ុណ្ណោះ មិនបានបញ្ជាក់ពីទំនាក់ទំនងនៃមូលហេតុ និងផលប៉ះពាល់នោះទេ ។
ការជក់បារីបង្កើនគ្រោះថ្នាក់កាន់តែធំ ជាពិសេសចំពោះជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ។ អ្នកដែលជក់បារីនិងទទួលទានភេសជ្ជៈច្រើនជាងកន្លះលីត្រក្នុងមួយថ្ងៃ មានអត្រាដល់ទៅ៦,៦ដងនៃគ្រោះថ្នាក់ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ ច្រើនជាងអ្នកដែលមិនជក់បារី និងមិនទទួលទានភេសជ្ជៈ ៕
ចែករំលែកព័តមាននេះ