មហារីកពោះវៀនធំគឺជាមហារីកផ្នែកខាងក្រោមនៃប្រព័ន្ធរំលាយអាហាររបស់អ្នក ។ ភាគច្រើនបំផុតនៃមហារីកពោះវៀនធំចាប់ផ្តើមឡើងដោយដុំសាច់កោសិកាដែលមិនមែនជាមហារីកតូចមួយហៅថា Adenomatous Polyps។ កន្លងទៅជាច្រើនពេល ដុំសាច់Polypsបានប្រែក្លាយខ្លួនទៅជាមហារីកពោះវៀនធំ ។ ដ្បិតតែវាមានទំហំតូច ប៉ុន្តែពេលខ្លះក៏អាចបញ្ចេញជារោគសញ្ញាខ្លះៗដែរ ។ ស្ថិតក្នុងដំណាក់កាលនេះ អ្នកចាំបាច់ត្រូវតែពិនិត្យនិងពិសោធន៍ជាប្រចាំដើម្បីទប់ស្កាត់ មុនពេលវាវិវឌ្ឍទៅជាមហារីក។
*រោគសញ្ញាមួយចំនួន ៖
រោគសញ្ញាមួយចំនួននៃជំងឺមហារីកពោះវៀនធំរួមមាន៖
– ផ្លាស់ប្តូរទម្លាប់ពោះវៀនមានដូចជា រាក ទល់លាមក ឬផ្លាស់ប្តូរស្ថិរភាពលាមក ។
-ចេញឈាមក្នុងពោះវៀនត្រង់ ឬមានឈាមជាប់លាមក ។
-មានភាពមិនស្រួល ខុសពីប្រក្រតីដូចជា ឈឺចាប់ក្នុងពោះ រមូល ឬហើមពោះជាដើម ។
-មានអារម្មណ៍ថា ក្នុងពោះវៀនហាក់ដូចជាមានអ្វីមួយ ។
-ខ្សោយ ឬហេវហត់អស់កម្លាំង ។
-ចុះទម្ងន់មិនដឹងមូលហេតុ ។
ទោះជាយ៉ាងនេះក្តី អ្នកកើតជំងឺមហារីកពោះវៀនធំជាច្រើនពុំមានបញ្ចេញរោគសញ្ញាទាំងនេះឡើយនៅដំណាក់កាលដំបូងនៃជំងឺ ។នៅពេលដែលរោគសញ្ញាលេចឡើង វាអាចនឹងប្រែប្រួលភ្លាមៗ អាស្រ័យលើទំហំមហារីកនិងទីតាំងដែលវាស្ថិតនៅក្នុងពោះវៀនធំរបស់អ្នក ។
* មូលហេតុបង្កឱ្យកើតជំងឺ ៖
នៅក្នុងករណីភាគច្រើនបំផុត វាមិនច្បាស់ថា តើអ្វីដែលបណ្តាលឱ្យកើតមានមហារីកពោះវៀនធំទេ ។ វេជ្ជបណ្ឌិតអាចដឹងថា មហារីកពោះវៀនធំកើតមាននៅពេលបណ្តាកោសិកាសុខភាពក្នុងពោះវៀនធំមានការផ្លាស់ប្តូរ ។ កោសិកាសុខភាពបានរីកធំធាត់ ហើយបែងចែកតាមមធ្យោបាយដ៏មានសណ្តាប់ធ្នាប់មួយរក្សាមុខងាររាងកាយរបស់អ្នកឱ្យនៅធម្មតា ។ប៉ុន្តែជួនកាល ការរីកធំធាត់នេះមិនអាចគ្រប់គ្រងបានហើយ កោសិកាបន្តបែងចែក សូម្បីគ្មានតម្រូវការកោសិកាថ្មី។ ក្នុងពោះវៀនធំនិងពោះវៀនត្រង់វិញ ការរីកធំធាត់លឿនហួសហេតុបែបនេះអាចបណ្តាលឱ្យបណ្តាកោសិកាដែលមិនទាន់ក្លាយជាមហារីកមកប្រមូលពូនផ្តុំគ្នាក្នុងស្រទាប់ខាងក្នុងនៃពោះវៀនរបស់អ្នក ។ កន្លងទៅជាច្រើនពេល កោសិកាទាំងនេះក៏ក្លាយទៅជាមហារីក ។
*កត្តាប្រឈមទាំងឡាយ ៖
កត្តាចំបងមួយចំនួនដែលធ្វើឱ្យអ្នកប្រឈមខ្ពស់នឹងមហារីកពោះវៀនធំរួមមាន ៖
– កត្តាអាយុ ៖ ៩០ភាគរយនៃអ្នកដែលមានរោគសញ្ញាមហារីកពោះវៀនធំមានអាយុចាប់ពី៥០ឆ្នាំឡើងទៅ។ ជំងឺនេះអាចកើតមានលើមនុស្សវ័យក្មេង ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌកម្របំផុត ។
-អ្នកធ្លាប់មានប្រវត្តិកើតដុំសាច់ polyps។
-ការរលាកពោះវៀន ៖ ការរលាករ៉ាំរ៉ៃអាចបង្កើនអត្រាកើតមហារីកពោះវៀនធំខ្ពស់ ។
-កត្តាតំណពូជ(ហ្សែន) ៖រោគសញ្ញាតំណពូជ(ហ្សែន)ពីជំនាន់មួយទៅជំនាន់មួយក្នុងគ្រួសារអាចធ្វើឱ្យអ្នកប្រឈមខ្លាំងនឹងមហារីក។
-កត្តាអាហារ(អាហារសំបូរខ្លាញ់ តែគ្មានសារធាតុសរសៃ)៖ មហារីកពោះវៀនធំមួយផ្នែកក៏អាស្រ័យលើអាហារផងដែរ។ ទទួលទានសាច់ក្រហមច្រើននាំឱ្យអ្នកប្រឈមនឹងមហារីកខ្ពស់ បំផុត ។
– បែបបទនៃការរស់នៅដែលដែលរាងកាយគ្មានសកម្មភាព៖ ប្រសិនជាអ្នកមិនធ្វើសកម្មភាពរាងកាយសោះ នោះការប្រឈមរបស់អ្នកក៏ខ្ពស់ដែរ ។ ដូច្នេះធ្វើសកម្មភាពរាងកាយឱ្យបានទៀងទាត់អាចកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយជំងឺមហារីកពោះវៀនធំបាន។
-អ្នកមានជំងឺទឹកនោមផ្អែមប្រចាំកាយ ។
-មានទម្ងន់ខ្លួនធាត់លើសពីធម្មតា ៖ ជានិច្ចកាល ធាត់លើសទម្ងន់មិនដែលល្អឡើយសម្រាប់សុខភាព។ អ្នកកាន់តែធាត់ អ្នកក៏កាន់តែផុយស្រួយក្នុងការកើតមានជំងឺមហារីកពោះវៀនធំផងដែរ ។
-ជក់បារី
-សេពគ្រឿងស្រវឹង ៖ ការទទួលទានស្រាទាល់តែស្រវឹងជោកមិនយូរទេអ្នកនឹងជួបហានិភ័យដោយជំងឺមហារីកពោះវៀនជាមិនខាន។
*វិធីទប់ស្កាត់ ៖
វិធីទប់ស្កាត់ជាចំបងមាន២ចំណុច ៖
១-ស្វែងរកការពិនិត្យពីគ្រូពេទ្យ៖អ្នកដែលដឹងថា ខ្លួនឯងអាចប្រឈមនឹងជំងឺនេះគួរតែពិចារណាស្វែករកការពិនិត្យពីគ្រូពេទ្យចាប់ពីអាយុ៥០ឆ្នាំទៅ ។ សម្រាប់អ្នកដែលមានគ្រួសារធ្លាប់កើតជំងឺនេះគួរតែទៅពិនិត្យឱ្យបានមុនអាយុ៥០ឆ្នាំ ឬអាច៤៥ឆ្នាំជាការប្រសើរ។
២-ផ្លាស់ប្តូរបែបបទនៃការរស់នៅ ៖
-ទទួលទានគ្រាប់ធញ្ញជាតិ បន្លែនិងផ្លែឈើគ្រប់ប្រភេទ ដ្បិតអាហារទាំងនេះសំបូរទៅដោយសារធាតុរ៉ែ វីតាមីន សារធាតុសរសៃ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីដកម្ម ។
-ត្រូវតែកាត់បន្ថយ ឬកំណត់បរិមាណគ្រឿងស្រវឹង ។
-បោះបង់ការជក់បារី ។
-ហាត់ប្រាណឱ្យបានទៀងទាត់៥ទៅ៦ថ្ងៃក្នុងមួយសប្តាហ៍ដោយចាប់ផ្តើមជាជំហានៗរហូតបាន៣០នាទីក្នុង១ពេលហាត់ ។
– រក្សាទម្ងន់ខ្លួនឱ្យស្ថិតនៅក្នុងកម្រិតសុខភាព ៕


ចែករំលែកព័តមាននេះ