សេដ្ឋកិច្ចម៉ាឡេស៊ីកើន៥,៤% នៅក្នុងត្រីមាសទី២ ខណៈដែលតម្រូវការក្នុងស្រុកដ៏ខ្លាំងបានជួយរក្សាលំនឹងមិនឱ្យមានផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសាកល ។ កាលពីត្រីមាសទី១កន្លងទៅ ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍មួយនេះ ទទួលបានកំណើនសេដ្ឋកិច្ច៤,៩% ដោយសារមានតម្រូវការទំនិញប្រើប្រាស់ពីបរទេសដូចជា ប្រេង ឧស្ម័នធម្មជាតិ និងដូងប្រេងជាដើម ។
ធនាគារ Negara ដែលជាធនាគារកណ្តាលរបស់ម៉ាឡេស៊ី បាននិយាយក្នុងរបាយការណ៍ថា សម្រាប់សេដ្ឋកិច្ចប្រទេសម៉ាឡេស៊ី យើងមានជំនួយដ៏ខ្លាំងពីតម្រូវការក្នុងស្រុក ដែលសកម្មភាពទាំងអស់នេះកើតចេញពីទាំងវិស័យឯកជន និងវិស័យសាធារណៈ ដែលបានធានាកំណើនសេដ្ឋកិច្ចខ្ពស់ឡើង ស្របពេលបរិយាកាសពិភពលោកមានការប្រកួតប្រជែង ។
សេដ្ឋវិទូប្រចាំស្ថាប័នស្រាវជ្រាវហិរញ្ញវត្ថុ RAM Holding លោក Yeah Kim Leng និយាយថា កំណើនក្នុងខែមេសា ដល់ខែមិថុនា ទទួលបាន៤,៦% ប្រសិនបើនៅក្នុងត្រីមាសទី២ទទួលបានកំណើន៥,៤% នោះមានន័យថា ម៉ាឡេស៊ីចៀសផុតពីវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុប ។ យ៉ាងណាក៏ដោយ លោកបានបន្ថែមថា នៅក្នុងឆមាសទី២ឆ្នាំ២០១២ នឹងមានការប្រកួតប្រជែងដោយសារតែវិបត្តិសេដ្ឋកិច្ចនៅអឺរ៉ុបចាប់ផ្តើមធ្លាក់ចុះនៅជុំវិញពិភពលោក ។
កាលពីមុន ធនាគារកណ្តាលបានព្យាករកំណើនពេញ១ឆ្នាំថា នឹងកើនពី៤ទៅ៥% នៅក្នុងឆ្នាំនេះ តែវាទាបជាងកំណើន៥,១% កាលពីឆ្នាំ២០១១ ។ ធនាគារនេះបន្តថា អតិផរណានៅក្នុងត្រីមាសទី២ មានចំនួន១,៧% ធ្លាក់ចុះពី២,៣% កាលពីលើកមុន នេះក៏ដោយសារតែតម្លៃសាច់ និងបន្លែធ្លាក់ចុះ ។លោកនាយករដ្ឋមន្ត្រី Najib Razak បានកំណត់គោលដៅសម្រាប់ម៉ាឡេស៊ីថា នឹងក្លាយជាប្រទេសដែលអភិវឌ្ឍប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០២០ ។
លោកថា កាលពីឆ្នាំមុន កំណើនប្រចាំឆ្នាំទទួលបាន៦% ។ រដ្ឋាភិបាលបានសន្យាថា គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេរីភាវូបនីយកម្មទីផ្សារហិរញ្ញវត្ថុ នឹងទាក់ទាញវិនិយោគបរទេស និងលើកស្ទួយកំណើនសេដ្ឋកិច្ច ប៉ុន្តែមានការរិះគន់ថា លទ្ធផលទាំងនោះមានកម្រិត ៕
ចែករំលែកព័តមាននេះ