ខេត្តព្រះសីហនុ ៖ នៅសណ្ឋាគារខ្សាច់មាសខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ សីហា ២០១២ មានការជួបជុំគ្នាមួយរវាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាខាខេត្តព្រះសីហនុ សហការជាមួយសភាពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោកសុខ សុង ប្រធានសភាពាណិជ្ជកម្មខេត្តបានជួបពិភាក្សាជាមួយសភាពាណិជ្ជកម្មនៃប្រទេសម៉ាឡេស៊ីចំនួន៣៦នាក់ ដឹកនាំដោយលោក TAN SRI DATO SOONG SIEW HOONG ប្រធានគណៈកម្មាធិការពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ ក្នុងគោលបំណងស្វែងរកដៃគូវិនិយោគរវាងប្រទេសម៉ាឡេស៊ី និងខេត្តព្រះសីហនុ រួមមានវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ ។ល។
ថ្លែងទៅកាន់ពាណិជ្ជកររបស់ប្រទេសម៉ាឡេស៊ីដែលបានអញ្ជើញមកពីទីក្រុងកូឡាឡាំពួរ លោកវណ្ណ សុខហេង អ្នកសម្របសម្រួល និងជាអគ្គនាយកសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាសាខាខេត្តព្រះសីហនុ ឱ្យដឹងថា ការជួបជុំគ្នារវាងពាណិជ្ជករក្រុងព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា និងពាណិជ្ជករទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី គឺជាការបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ ក្នុងការវិនិយោគលើគ្រប់វិស័យ និងជាពន្លឺមួយសម្រាប់បំភ្លឺផ្លូវដល់អ្នកជំនួញ ឬពាណិជ្ជករក្នុងខេត្តព្រះសីហនុដែលមានបំណងបណ្តាក់ទុន ក៏ដូចជាចាប់ដៃគូជាមួយប្រទេសម៉ាឡេស៊ី ក្នុងអាជីវកម្មរបស់ខ្លួន ។
លោកសុខ សុង បានថ្លែងអំណរគុណដល់គណៈប្រតិភូរបស់ប្រទេសម៉ាឡេស៊ី ដែលបានមកបំពេញទស្សនកិច្ច ស្វែងយល់អំពីសក្តានុពលក្នុងខេត្តព្រះសីហនុ និងធុរកិច្ចពាណិជ្ជកម្ម ពិសេសក្នុងការបណ្តាក់ទុន និងចាប់ដៃគូធ្វើពាណិជ្ជកម្មជាមួយនឹងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាសាខាខេត្តព្រះសីហនុ ក៏ដូចជាជាមួយពាណិជ្ជករអាជីវករទាំងអស់ក្នុងខេត្តព្រះសីហនុ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ