ប្រាក់អឺរ៉ូឡើងខ្ពស់ធៀបនឹងប្រាក់ដុល្លារដោយកើន០,១%ក្នុងនោះ១អឺរ៉ូស្មើនឹង១,២៣៤៥ដុល្លារ ដែលកាលពីថ្ងៃចន្ទកន្លងទៅ១អឺរ៉ូប្តូរបាន១,២២៦២ដុល្លារ ។ ដោយឡែក ប្រាក់អឺរ៉ូកើនបាន ០,២%បើធៀបនឹងប្រាក់យ៉េនជប៉ុន ដោយក្នុង១អឺរ៉ូប្តូរបាន៩៦,៨១យ៉េន។
នេះជាសញ្ញាមួយបង្ហាញថាប្រាក់អឺរ៉ូកើនឡើងជាងកាលពីពេលមុន ហើយវាក៏បានឡើងខ្ពស់ដែរនៅក្នុងទីផ្សារអាស៊ី ។ ក៏ប៉ុន្តែទីផ្សារមានការប្រុងប្រយ័ត្នចំពោះតំបន់ចាយលុយអឺរ៉ូនិងទិន្នន័យសេដ្ឋកិច្ចរបស់អាមេរិក ។
បើតាមលោកKimihiko Tomita ប្រធានទីផ្សារអត្រាប្តូរប្រាក់បរទេស State Street Global ប្រចាំទីក្រុងតូក្យូបាននិយាយថា ផលិតផលក្នុងស្រុកសរុបរបស់តំបន់អឺរ៉ូមិនរំពឹងថាល្អនោះទេ ហើយអាល្លឺម៉ង់ក៏នឹងចេញរបាយការណ៍របស់ខ្លួនដែរ។ ក្រុមសេដ្ឋវិទូមួយចំនួនបាននិយាយថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់អឺរ៉ូមួយនេះរំពឹងថានឹងមានកំណើនជាមធ្យម០,២%នៅក្នុងទិន្នផលរបស់អាល្លឺម៉ង់ ។ ផ្ទុយទៅវិញតំបន់ចាយលុយអឺរ៉ូទាំងមូលត្រូវបានគេរំពឹងថាធ្លាក់ចុះ០,២% ប្រចាំត្រីមាសបន្ទាប់ពីមានការធ្លាក់ចុះនៅក្នុងត្រីមាសដំបូងរួចមកនោះ ។
ដោយឡែកប្រាក់អឺរ៉ូបានធ្លាក់បន្តិចធៀបនឹងប្រាក់ដុល្លារនូវែលសេឡង់ដោយក្នុង១អឺរ៉ូប្តូរបាន១,៥២៨២ដុល្លារនូវែលសេឡង់ បន្ទាប់ពីឡើងថ្លៃ២សប្តាហ៍ ហើយប្រាក់អឺរ៉ូកើន០,១%ធៀបនឹងប្រាក់ដុល្លារអូស្ត្រាលី ដោយក្នុង១អឺរ៉ូប្តូរបាន១,០៥១៩ដុល្លារអូស្ត្រាលី ៕
ចែករំលែកព័តមាននេះ