ខេត្តប៉ៃលិន ៖ បុរសចំណាស់ជនជាតិថៃម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលសង្ស័យកើតជំងឺខ្យល់គរបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី១៨ សីហា ២០១២ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ បុរសរងគ្រោះឈ្មោះកូឡា ឆាត អាយុ៦២ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនថ្ងៃកើតហេតុប្រហែលជា២ថ្ងៃគេតែងឃើញបុរសរងគ្រោះទៅលេងល្បែងនៅក្នុងកាស៊ីណូតាំងពីល្ងាចរហូតដល់ទៀបភ្លឺ ទើបត្រឡប់មកផ្ទះជួលវិញ។ លុះដល់ថ្ងៃកើតហេតុវេលាម៉ោង៤និង៤០នាទីទៀបភ្លឺ ខណៈពេលដែលបុគ្គលិកកាស៊ីណូស្រីៗចំនួន២ទៅ៣នាក់ ចេញមកពីធ្វើការវិញ ដើរកាត់មុខផ្ទះរបស់គាត់ ស្រាប់តែប្រទះឃើញបុរសរូបនេះ ដេកស្លាប់នៅក្បែរមាត់ទ្វារតែម្តង។ ប្រភពបន្តទៀតថា ភ្លាមៗ ម្ចាស់ផ្ទះជួលក៏រត់ទៅប្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍ស្ទឹងកាច់ឱ្យមកពិនិត្យសពជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ព្រោះនៅលើខ្លួនសពពុំមានស្នាមជាំអ្វី ឬផឹកថ្នាំពុលនោះទេ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ