ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​​រាជធានី​​​​​គាំទ្រ​​ការ​អភិរក្ស​​​ស្ថានីយ​​ប្រវត្តិ​សាស្ត្រ​​នៅតំបន់​​ជើង​ឯក​​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ទីតាំងមួយ​​​ដែល​គេ​រកឃើញ​​និង​ចាត់ទុកថា ជាស្ថានីយ​ប្រវត្តិ​​សាស្ត្រ ឬទីក្រុង​បុរាណ​មួយ​​ ស្ថិតនៅ​​ភូមិស្រុកចេក សង្កាត់ជើងឯក​ខណ្ឌ​ដង្កោ ត្រូវបានធ្វើកំណាយ​តាម​​លក្ខណៈបច្ចេក​ទេស​ដើម្បីសិក្សា​ឱ្យ​​កាន់តែ​ច្បាស់​លាស់ពីទី​ក្រុង​បុរាណ​របស់​ខ្មែរ​​ដោយ​រាជ​បណ្ឌិត្យសភា​កម្ពុជា​ដោយមានការ​គាំទ្រពីសាលា​រាជធានី​ភ្នំពេញ ។

ព្រឹកថ្ងៃទី១៦ សីហា ២០១២ លោកកែប  ជុតិមា អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅពិនិត្យមើលសកម្មភាពដែលអ្នកជំនាញ​កំពុង​ធ្វើ​កំណាយនៅស្ថានីយ​ប្រវត្តិសាស្ត្រនេះ​ដែល​ជា​ប្រភេទឡដី​ដុតបុរាណ ដើម្បី​អភិរក្ស ។ ឆ្លងតាម​រយៈ​ការ​ធ្វើកំណាយនេះ​ ​គេ​បានរក​ឃើញ​ឧបករណ៍​​និងសម្ភារ​ប្រើប្រាស់​១​ចំនួន​ដែល​ភាគ​ច្រើន​ជាប្រភេទ​កុលាលភាជន៍​ធ្វើ​​ពីដីដុត ក្រៅ​ពី​នេះ​គេ​ពុំឃើញ​មាន​សម្ភារ​ផ្សេង​ទៀត​ទេ នៅ​ពេលធ្វើការ​កំណាយ​កំពុង​ដំណើការ​យ៉ាង​មមា​ញឹក ។

លោកផុន កសិកា​ ​ប្រធាន​ផ្នែក​បុរាណ​វិទ្យា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែល​បាន​ដឹកនាំ​​ធ្វើ​កំណាយនេះ​ឱ្យដឹងថា ការ​ធ្វើកំណាយ​នេះ​មាន គោលបំណងចង់ដឹងពីរចនា​​សម្ព័ន្ធ​ និងរូប​រាង​របស់ឡ​ អាយុកាលរបស់ឡ ក៏ដូច​ជា​ប្រភេទ​កុលាលភាជន៍ ដែលផលិត​នៅទី​នោះ ។  លោក​ផុន កសិកា បញ្ជាក់ថា ឆ្លង​តាម​ភស្តុ​តាងដែល​រកឃើញតាមរយៈសិលាចារិក​ ​និង​ឯក​សារ​​ផង​នោះ​ធ្វើឱ្យ​ដឹង​បាន​ពីអាយុកាល​ដែល​បុព្វ​បុរសយើង​បាន​មក​រស់​នៅ​ទី​នោះ​​តាំងពីសតវត្ស​ទី៤ ហើយ​ប្រភេទ​កុលាល​​ភាជន៍​​​ដែលផលិតបាន​ត្រូវ​​នាំទៅ​លក់​នៅ​តំបន់​នានា ក្នុងប្រទេស​និង​ក្រៅ​ប្រទេស​​។

លោកប្រធានផ្នែក​បុរាណវិទ្យាឱ្យដឹងទៀត​ថា នៅ​តំបន់​បឹងជើងឯក​​​បាន​រក​ឃើញ​ឡ​បុរាណ​ចំ​​នួន៦១ឡ ​តែឡខ្លះ​បាន​រលាយ​បាត់រូបរាង​ទៅ​ហើយ ។ ចំពោះ​ទិន្នន័យ​ដែល​ប្រមូល​​បានពីការ​ធ្វើ​កំណាយនេះ​​នឹង​ត្រូវយក​ទៅ​​ធ្វើ​វិភាគ​​នៅ​ប្រទេស​​សិ​ង្ហបុរី ​ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គ​ការ​មិត្តវប្ប​ធម៌​ខ្មែរ​របស់​សហរដ្ឋ​អាមេរិក ។  

នៅក្នុងពេលទៅ​ពិនិត្យដោយផ្ទាល់នោះ​ លោក​កែប ជុតិមា​ ​បានផ្តល់ថវិកា​ចំនួន​១​លាន​រៀ​ល​​ដល់ក្រុមអ្នកធ្វើ​កំ​ណាយ ។ លើស​​ពី​នេះ​​ប្រកាស​ផ្តល់​ម៉ាស៊ី​ន​បូមទឹក និងប្រេង​សម្រាប់់​បូមទឹក​ដាក់​ស្រែជូន​ប្រជាពល​រដ្ឋ​ និង​ណែនាំឱ្យ​មន្ទីរ​​សាធារណការ និងដឹកជញ្ជូន លើកគម្រោង​ស្ថាប​នាផ្លូវក្រាលក្រួសក្រហម១ខ្សែនៅ​ ​​ភូមិ​ស្រុក​ចេក​​ សង្កាត់​ជើងឯក និងកែលំអ​ជួស​ជុល​ស្ពាន​ដែល​មាន​ស្រាប់ឱ្យ​ធំទូលាយ​បង្កលក្ខណៈ​ងាយ​ស្រួល​ក្នុងការធ្វើដំណើរ​របស់ប្រជា​ពល​រដ្ឋ​​ ។      

លោកអភិបាល​ក្រុង បានណែនាំឱ្យ​លោក​​អភិបាល​ខណ្ឌដង្កោ​​ឧស្សាហ៍ទៅ​ពិនិត្យ​ក្នុង​ភូមិ​សាស្ត្រ​ដែល​ខ្លួន​ទទួល​ខុសត្រូវ ដើម្បីបាន​ដឹង ​ច្បាស់ពីតំរូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ។ លោកកែប ជុតិមា ​​បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ទីតាំងចាក់​សំរាមជើងឯកផង​ដែរ​​ ដោយ​​កត់​សម្គាល់​ឃើញថា​ នៅទីលានចាក់​សំរាម​​មាន​បរិស្ថាន​ល្អប្រសើរ​ជាងមុន តាម លក្ខណៈ​បច្ចេក​ទេស និងបាន​ជំរុញឱ្យ​មាន​ការ​លើក​កម្ពស់​ការ​គ្រប់​គ្រងសំរាមឱ្យ​ម៉ត់ចត់​ថែម​ទៀត​ នៅពេល​ដែល​បរិមាណ​សំរាម​កើន​ឡើង​ឥត​ឈប់ឈរ​ គឺ​សំរាម​​ដែល​ដឹក​ចេញ​ពីរាជ​ធានី​ភ្នំពេញ​មាន​ចំនួន​១.៤០០​តោនក្នុង​១ថ្ងៃ ៕