ខេត្តពោធិ៍សាត់ ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៦ សីហា ២០១២ បានបើកកិច្ចប្រជុំសម្អាតបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពលោកស្រីជុក សុផានី អភិបាលរងខេត្ត ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀន អធិការនគរបាល មេប៉ុស្តិ៍ និងមន្ត្រីស្ថាប័ននានាក្នុងខេត្តសរុប១៥០នាក់ ។
លោកផាន់ វណ្ណសិទ្ធិ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តថ្លែងថា ការចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះនឹងចុះឈ្មោះបោះឆ្នោតនិងចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា សម្រាប់ចូលរួមការបោះឆ្នោតសាកលជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ។ ច្បាប់បានតម្រូវឱ្យប្រើបញ្ជីឈ្មោះបោះឆ្នោតអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតជា សាកលទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។ ដូច្នេះការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំដើម្បីរៀបចំបញ្ជីបោះឆ្នោតប្រកបដោយគុណភាព និងបច្ចុប្បន្នភាពជាការងារមានសារសំខាន់បំផុត ។
ច្បាប់បានតម្រូវឱ្យប្រជាពលរដ្ឋខ្មែរដែលមានទីលំនៅច្រើនកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវជ្រើសរើសយកតែមួយកន្លែងប៉ុណ្ណោះដើម្បីចុះឈ្មោះបោះឆ្នោត ហើយប្រជាពលរដ្ឋខ្មែរម្នាក់ត្រូវមានឈ្មោះតែមួយក្នុងបញ្ជីបោះឆ្នោត ។ កន្លងមកយើងត្រូវសម្គាល់ឃើញថា បញ្ជីឈ្មោះបោះឆ្នោតមានភាពប៉ោងឡើងបន្តិចម្តងៗជាលំដាប់ពី១ឆ្នាំទៅមួយឆ្នាំ និងនៅមានខុសឈ្មោះ ឬទិន្នន័យខ្លះៗនៅឡើយ ។ ដូច្នេះកិច្ចប្រជុំនេះគឺយើងត្តូវសម្អាតឱ្យអស់នូវការកែតម្រូវឈ្មោះ ថ្ងៃខែ ឆ្នាំកំណើត អ្នកស្លាប់ អ្នកមានឈ្មោះស្ទួន និងអ្នកផ្លាស់ទីលំនៅជាដើមដើម្បីទទួលបានចំនួនពិតប្រាកដ ។
លោកស្រីជុក សុផានី អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានណែនាំដល់បណ្តារដ្ឋបាលរាជធានី-ខេត្តទាំងអស់ដោយតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញដំណើរការសម្អាតបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតប្រកបដោយគុណភាព ប្រសិទ្ធភាព និងបច្ចុប្បន្នភាព ។ រដ្ឋបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ជាពិសេសក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀន ត្រូវចាត់ទុកការងារសម្អាតបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់បម្រើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ខាងមុខនេះ និងការបោះឆ្នោតក្រោយៗជាកិច្ចការស្នូល និងជាអាទិភាពចម្បងក្នុងចំណោមភារកិច្ចសំខាន់ៗដទៃទៀត ។
លោកស្រី មានប្រសាសន៍ថា អ្វីដែលយើងចង់បានគឺបញ្ជីបោះឆ្នោតមួយដែលមានភាពត្រឹមត្រូវ ជាក់លាក់ និងអាចជឿទុកចិត្តបាន ។ យើងទទួលស្គាល់ដែរថា ការងារសម្អាត និងកែលម្អបញ្ជីឈ្មោះបោះឆ្នោតទាមទារនូវពេលវេលា និងតម្រូវឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធជាច្រើន ប៉ុន្តែយើងត្រូវខិតខំប្រឹងប្រែងរួមគ្នាជាបណ្តើរៗចាប់ពីពេលនោះតទៅ ៕


ចែករំលែកព័តមាននេះ