ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ភ្នាក់​ងារ​​សហ​រដ្ឋ​អា​មេ​រិក​​ដើម្បី​អភិវឌ្ឍន៍​​អន្ត​រជាតិ​​ ប្រារព្ធ​​ខួប​​លើកទី​​​50ឆ្នាំ និង​​ខួប20​​ឆ្នាំ​​នៅ​កម្ពុជា​

13 ឆ្នាំ មុន

​រាជ​ធានី​ភ្នំ​ពេញ​​​​​​​ ៖ ​នៅ​ថ្ងៃ​ទី​​២២ ​សីហា ​ខា​ងមុខ​​វេលា​ល្ងាច​​ លោកWilliam E.Todd​ ​ឯក​អគ្គ​រដ្ឋ​ទូត​​សហ​រដ្ឋ​អា​មេរិក​​ប្រចាំ​នៅ​កម្ពុជា​ ​និង​លោក Flynn Fuller ​​នាយក​​បេស​កកម្ម​​នៃ​​ទី​​ភ្នាក់​ងារ​​សហ​រដ្ឋ​អាមេរ​ិក​​ដើម្បី​​អភិវឌ្ឍ​ន៍​អន្ត​រជាតិ​​ប្រចាំ​នៅ​កម្ពុជា​ (USAID) នឹង​រៀប​ចំ​ពិ​ធី​​អបអរ​​ខួប​លើក​ទី​​៥០​ឆ្នាំ​ ​និង​ខួប​​លើក​ទី​២០​​ឆ្នាំ​របស់​​ទី​ភ្នាក់​ងារ​​នេះ​នៅ​កម្ពុជា​ ។

នេះ​បើ​យោង​​តាម​សេចក្តី​​ប្រកាស​​ព័ត៌​មាន​​កាល​ពី​​ថ្ងៃ​ទី​​១៧ សីហា របស់​​​ស្ថាន​ទូត​​សហ​រដ្ឋ​អា​មេរិក​ ។ ​តាម​គម្រោង​​នេះ​ លោក​​បណ្ឌិត​សុខ អាន ​ឧ​ប​នាយក​​​​រដ្ឋ​មន្ត្រី​ និ​​ង​ជា​រដ្ឋ​មន្ត្រី​​ទី​​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ នឹង​អញ្ជើញ​​ចូល​រួម​​ជា​ភ្ញៀវ​​កិត្តិយ​ស​​តំណាង​​ឱ្យ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ។

ទី​ភ្នាក់​ងារ​ USAID ​ត្រូវ​បា​បង្កើត​​ឡើង​នៅ​ឆ្នាំ​​១៩៦១ ​ដោយ​ផុស​​ចេញ​ពី​​ស្មារតី​​នៃ​ភាព​​ជឿន​លឿន ​ការ​ច្នៃ​ប្រឌិត​ និង​ការ​​ឆ្លុះ​បញ្ចាំង​​ពី​គុណ​​តម្លៃ​​ អត្ត​ចរិត ​និង​ជំនឿ​​ជ​ាមូល​ដ្ឋាន​​លើ​ទង្វើ​​ដ៏​​ត្រឹម​ត្រូវ​​របស់​ជន​ជាតិ​​អា​មេរិក​ ។ ​ក្នុង​​ស្មារតី​​នេះ​ហើយ ​​ដែល​លោក​​​ប្រធានា​ធិបតី​ ​John F. Kennedy បាន​​អំ​ពាវ​នាវ​​ឱ្យ​បង្កើត​​ទី​ភ្នាក់​ងារ​​​រដ្ឋា​​ភិបាល​​សហ​រដ្ឋ​អា​មេរិក​​មួយ​ ដើម្បី​​ប្រយុទ្ធ​​ប្រឆាំង​​ភាព​អត់​​​ឃ្លាន ​ជំងឺ និង​​​ភាព​ក្រី​ក្រ ​នៅ​ទូ​ទាំង​សកល​លោក ។​

បេស​កកម្ម​​របស់​ ​USAID ប្រចាំ​នៅ​​កម្ពុជា​ត្រូវ​​បាន​បង្កើត​ឡើង​​កាល​ពី​​២០​ឆ្នាំ​​មុន​ ប៉ុន្តែ​​​ប្រវត្តិ​នៃ​​​ការ​ផ្តល់​​ជំនួយ​​របស់​សហ​រដ្ឋ​អា​មេរិក​​ដល់​កម្ពុជា​​មាន​រយ​ៈ​ពេល​​ជា​ច្រើន​ទស​វត្ស​​មក​ហើយ ​។ តាំង​ពី​​បេស​កកម្ម​​របស់​ ​USAID ត្រូវ​បាន​​បង្កើត​​ឡើង​ក្នុង​ឆ្នាំ​​​១៩៩​២​ ​នៅ​ក្នុង​ប្រទេស​​កម្ពុជា ​ទី​ភ្នាក់​​នេះ​​បាន​ធ្វើ​​ការ​ងារ​​យ៉ាង​ជិត​ស្និទ្ធ​​ជាមួយ​​​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ​និង​ជាមួយ​​​ដៃ​គូ​​ជា​ច្រើន​ ដើម្បី​ធ្វើ​​ឱ្យ​ជី​វិត​​របស់​​ប្រជា​ពល​រដ្ឋ​​កម្ពុជា​​មាន​ភាព​ប្រសើរ​​ឡើង​ ។​

​នៅ​ក្នុង​​រយៈ​ពេល​​​ពី​រទស​វត្ស​​កន្លង​មក​នេះ​ USAID បាន​ជួ​យ​​កម្ពុជា​ដើម្បី​​ធ្វើ​ឱ្យ​ប្រសើ​រ​ឡើង​​នូវ​គុណ​ភាព​​ និង​ការ​ទទួល​​​បាន​នូវ​​សេវា​​ថែ​ទាំ​​សុខ​ភាព​​សង្គ្រោះ​​ជី​វិត​ ​បង្កើន​​ចំណូល​​របស់​ប្រជា​ពល​រដ្ឋ​​ពង្រឹង​​ផលិត​កម្ម​​​កសិ​កម្ម​ អភិរក្ស​​​​ធន​ធាន​​ធម្មជាតិ​​ដ៏​សម្បូរ​​​របស់​​ប្រទេស​កម្ពុជា​ ​និង​ធ្វើ​​ឱ្យ​ប្រជា​ពល​រដ្ឋ​​កម្ពុជា​បាន​​ចូល​រួម​​នៅ​ក្នុង​ដំណើរ​​​ការ​នយោ​បាយ​​ក្នុង​ប្រទេស​​របស់​ខ្លួន​ ។ សមិទ្ធ​​ផល​​ដែល​សម្រេច​​បាន​​នេះ​​ គឺ​បាន​មក​ពី​​ភាព​​ជា​ដៃ​គូ​​ជាមួយ​កម្ពុជា ៕​​