ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យាយ​​ម្នាក់​​ឈឺ​​ធ្ងន់​​​នាំ​ទៅ​​ស្រុកកំណើត​​ស្លាប់​តាម​​ផ្លូវ​​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​​​​​​​ ៖ លោកយាយដែល​​មាន ជំងឺ​​​ប្រចាំ​កាយធ្ងន់​បាន​ចាកចេញ​ពី​ស្រុក​​មកព្យាបាល​នៅរាជ​ធានី​ភ្នំ​ពេញ​រយៈពេល​៥ខែ​កន្លង​មកហើយ​ ប៉ុន្តែមិនបាន​ជាសះ​ស្បើយ​​ គឺរឹត​តែ​ធ្ងន់​​​ថែម​ទៀត​ ហើយ​​​ដោយសារ​តែខ្លាច​ស្លាប់​​នៅក្នុង​ផ្ទះជួល​របស់ខ្លួន​នោះ​ ​ម្ចាស់ផ្ទះ​បាន​បង្ខំឱ្យ​គាត់ចាក​ចេញ ។ លោក​យាយ​​ត្រូវ​​​​​ចៅប្រុស​នាំ​​ចេញ​ពីផ្ទះ​ជួលទៅ​​​ជិះរថយន្តក្រុងត្រ​​ឡប់ទៅ​ស្រុក​កំណើត​​វិញ​ ហើយ​​ស្លាប់​​នៅ​ចំណត​​រថយន្ត​ក្រុង​​ និង​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ។​

ហេតុការណ៍​ភ្ញាក់​ផ្អើលនោះ​​កើត​ឡើងកាល​ពីវេលា​ម៉ោង៩​និង១០​នាទីព្រឹក​ថ្ងៃទី១៧​ សីហា​ ​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ត្រង់​​ចំណត​រថយន្ត​ក្រុងស្ថិត​នៅមុខផ្សារ​បែកចាន​ ឃុំបែក​ចាន​ ស្រុកអង្គស្នួល​ ​​។​ លោក​យាយនោះ ​ឈ្មោះ​យ៉េត សឿន អាយុ​៨០ឆ្នាំ​ ស្រុក​កំណើត​នៅ​​ភូមិស្ទឹង​ហាវ​ ឃុំស្ទឹងហាវ​​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ចំណែកឯចៅ​ប្រុសរបស់​គាត់​ឈ្មោះ​​សៅ ផល្លី ​អាយុ២៨ឆ្នាំ​ ស្នាក់នៅផ្ទះ​ជួលម្តុំ​វត្តនាគវ័ន​ រាជធានី​ភ្នំពេញ​ ។​ ​

​ប្រភព​ព៌ត៌​​មាន​ឱ្យ​ដឹងថា​ លោកយាយ​ម្នាក់​នោះមាន​ជំងឺ​មហារីក​សួតធ្ងន់​ និងបាន​ចាក​ចេញពី​ស្រុក​កំណើត​មកស្នាក់​នៅផ្ទះ​ជួល ដើម្បី​​ព្យាបាល​ជំងឺ​រយៈ​ពេល៥​ខែ​​មក​ហើយ​ ប៉ុន្តែមិន​បាន​ជា​សះស្បើយ​​ឡើយ​ ។​ ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ​ជំងឺ​​​គាត់​​កាន់​តែធ្ងន់​​ឡើង​ ។ ​រហូត​ដល់​ថ្ងៃ​ទី​​១៧ សីហា ​ដោយ​សារតែ​ខ្លាច​លោក​យាយ​ស្លាប់នៅ​ក្នុ​ង​ផ្ទះជួល​របស់​ខ្លួន​នោះ ​ម្ចាស់​ផ្ទះជួល​បានឱ្យ​ចៅប្រុស​នាំគាត់​ចេញ​ ។​

ប្រភព​ដដែល​បន្តទៀត​ថា​ ដោយគ្មាន​ជម្រើ​​ស​ចៅប្រុស​បាននាំលោក​យាយរបស់​ខ្លួនចាក​ចេញ​ពី​​ផ្ទះ​ជួលទៅ​​ជិះរថយន្ត​ក្រុង​ត្រឡប់​ទៅស្រុក​កំណើត​វិញ​ ។​ លុះពេល​ទៅដល់​ចំណត​រថយន្ត​ក្រុងមុខ​ផ្សារបែកចាន​ ឃុំបែក​ចាន​ ស្រុក​អង្គ​ស្នួល​ លោកយាយ​ឱ្យ​ចៅ​ប្រុស​​នាំចុះ​ពី​រថយន្ត​​ និង​​​​ឱ្យ​ចៅ​​​ទៅ​ទិញ​ក្រូច​ឱ្យ​ហូប​ ។​ ចៅ​ប្រុស​បាន​ដាក់​ឱ្យ​លោក​យាយ​សម្រាន្ត​​នៅ​​ចំណត​រថយន្ត​​ រួច​ប្រញាប់​ប្រញាល់រត់​ទៅទិញ​ក្រូច​ឱ្យ​គាត់​​​ហូប​ ប៉ុន្តែចៅ​​មិន​ទាន់​ទៅ​ដល់​កន្លែងលក់​ក្រូចផង​ គាត់​​ក៏​ស្លាប់​​ទៅ​ ។ ពេល​នោះ​​​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ ហើយ​ប្រជា​ពល​រដ្ឋ​នាំគ្នា​ឱ្យ​លុយម្នាក់​បន្តិចៗ​ទៅចៅ​ប្រុស​ក្នុង​ក្តីអាណិត​អាសូរ ។ សព​លោក​យាយត្រូវចៅ​ប្រុសនាំ​យក​ទៅ​តម្កល់​នៅឈា​បនដ្ឋាន​វត្តភូមិ​ថ្មី​​ ​ស្ថិត​នៅជិត​នោះ​ ដើម្បីបូ​ជា​​ ៕