ខេត្តពោធិ៍សាត់ ៖ ចោរហារយ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ខណៈពេលកំពុងអង្គុយផឹកកាហ្វេ កាលពីព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០១២ នៅផ្សារក្រគរពីបទលួចអីវ៉ាន់អាជីវករ។ ករណីចោរកម្មនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ សីហា នៅផ្សារក្រគរ ឃុំអន្លង់ត្នោត ស្រុកក្រគរ ។
មន្ត្រីនគរបាលស្រុកឱ្យដឹងថា ចោរហារយទាំង២នាក់នេះ ម្នាក់ឈ្មោះវ៉ា ឌឿន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិខ្លាក្រពើ ឃុំងន្លង់ត្នោត និងម្នាក់ទៀតឈ្មោះហេង រាត្រី ហៅតាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្មី ឃុំស្នាអន្សារ ស្រុកក្រគរដូចគ្នា ។ មន្ត្រីនរគបាលឱ្យដឹងទៀតថា អាជីវករផ្សារក្រគរ ឈ្មោះទ្រី រ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ បានមកប្តឹងសមត្ថកិច្ចថា កាលពីយប់ថ្ងៃទី១៥ សីហា ឆ្នាំ២០១២ មានចោរលួចគាស់តូបរបស់គាត់យកក្រណាត់ និងខោអាវអស់រលីង ។
ទទួលបានពាក្យបណ្តឹងនេះភ្លាមលោកវរសេនីយ៍ត្រី ប៊ិន វណ្ណា អធិការនគរបាលស្រុកក្រគរ បានចាត់វិធានការជាបន្ទាន់ដល់កម្លាំងនគរបាលគ្រប់ប៉ុស្តិ៍ដើម្បីសហការគ្នាវែកមុខរកក្រុមចោរទាំងនោះ ។ លុះព្រឹកឡើងថ្ងៃទី១៦ សីហា ឃើញឈ្មោះឌឿន និងឈ្មោះតាង ជាមុខសញ្ញាចាស់កំពុងអង្គុយផឹកកាហ្វេក្នុងហាងមួយនៅផ្សារក្រគរនោះ ហៅសួរនាំក៏ចេញរឿងពិតតែម្តង ។ បន្ទាប់ពីទទួលបានចម្លើយសារភាព សមត្ថកិច្ចក៏ប្រមូលអីវ៉ាន់មាន ក្រណាត់ និងខោអាវដែលលួចនោះបានមួយចំនួនប្រគល់ឱ្យម្ចាស់ដើមវិញផងដែរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់សារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចគាស់តូបអាជីវករផ្សារក្រគរខាងលើយកអីវ៉ាន់ពិតប្រាកដមែន ។ ពួកគេមានគ្នា៣នាក់ ប៉ុន្តែម្នាក់ទៀតគេចខ្លួនបាត់ហើយ ។សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ គឺជាមុខញ្ញាចាស់ធ្លាប់លួច និងធ្លាប់ត្រូវបានសមត្ថកិច្ចអប់រំប៉ុន្មានលើកប៉ុន្មានសាហើយ ប៉ុន្តែនៅតែមិនរាងចាល ។ លើកនេះយើងនឹងបន្តសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមសំណូមពររបស់អាជីវករផ្សារក្រគរ ចំណែកបក្សពួកម្នាក់ទៀតយើងនឹងបន្តស្វែងរក ៕
ចែករំលែកព័តមាននេះ