ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ព​កម្ពុជា​​ចាប់​ឃាត់​​ខ្លួន​ទាហាន​​ឈុត​ខ្មៅ​​សៀម​ម្នាក់​​ តែ​រត់​រួច​ចោល​កាំ​ភ្លើង​

13 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ ៖​​ ​តាម​ប្រភព​​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​​៥ និង​៣០​នាទី​​​ព្រឹក​​​ថ្ងៃទី​១៧ សីហា ទាហាន​​កម្ពុជា​​ឈរ​ជើង​​នៅ​លើ​ខ្នង​​ភ្នំ​ដងរែក​ជាប់​ព្រំ​ប្រទល់​​​ប្រទេស​ថៃ ខាងល​ិច​​ប្រាសាទ​ព្រះ​វិហារ​​ចម្ងាយ​​ប្រហែល​៨​គីឡូ​ម៉ែត្រ បាន​ឃាត់​ខ្លួន​ទាហាន​​ឈុត​ខ្មៅ​សៀម​​​​ម្នាក់​​​ដែល​ប្រដាប់​ដោយ​អាវុធ​​១​ដើម អាវ​ក្រោះ និង​​​គ្រាប់​មួយ​​ទុសៀរ​ ។

ទាហាន​ឈុត​ខ្មៅ​​សៀម​រូប​នោះ​បាន​លួច​ចូល​ក្នុង​ទឹក​ដី​របស់ខ្មែរ​ត្រង់​ចំណុច​ខាង​លើ​ដោយ​ខុស​ច្បាប់​ ​ខណៈ​​នោះ​ត្រូវ​ទាហាន​ខ្មែរ​​ក្នុង​កង​ពល​តូច​អន្តរា​គមន៍​លេខ​៨ ធ្វើ​ការ​ចាប់ខ្លួន ដោយ​ដក​ហូត​​អាវុធ​​១​ដើម​ អាវ​ក្រោះ១ និង​គ្រាប់​​១​ទុសៀរ រួច​បម្រុង​បញ្ជូន​​ទាហាន​ឈុត​ខ្មៅសៀម​រូប​នោះ​ចូល​មក​​កាន់​ទី​បញ្ជា​ការ​​ជួរ​មុខ​​របស់​កម្ពុជា​ តែ​ពេល​នោះ​​ទាហាន​​ឈុតខ្មៅរូប​នោះ​​បាន​រត់​​យក​រួច​​ខ្លួន​ ដោយ​​លោត​ទម្លាក់​​ជ្រោះ​​លើ​ខ្នង​ភ្នំ​​​រត់​គេច​ខ្លួន​​​ចូល​ទៅ​ក្នុងទឹក​ដី​ថៃ​វិញ​ទៅ ។

មក​ដល់​​ពេល​នេះ ​មេបញ្ជា​ការ​ជួរ​មុខ​​របស់​កម្ពុជា​​កំពុង​ទំនាក់​ទំនង​​សួរ​ពី​មូល​ហេតុ​​ដែល​ទាហាន​​ឈុត​ខ្មៅ​សៀម​​រូប​នោះ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា ដោយ​គ្មាន​​ការ​អនុញ្ញា​ត​បែប​នេះ​ក្នុង​គោល​បំណ​ង​ អ្វី​?  ដោយ​ឡែក​អាវុ​ធគ្រាប់​​ និងអាវ​ក្រោះ​ដែល​កង​ទ័ព​ខ្មែរ​​ដក​ហូត​នោះ​​មិន​បាន​ប្រគល់​ឱ្យ​ទាហាន​សៀម​វិញ​ទេ ដោយ​រក្សា​ទុក​នៅ​ក្នុង​ទី​បញ្ជា​​ការ​ជួរ​មុខ​ ។

មន្ត្រី​​យោធា​ខ្មែរ​ប្រចាំ​​ជួរ​មុខ​បាន​បញ្ជាក់​ថា ស្ថាន​​ការណ៍​យោធា​តាម​​បណ្តោយ​​ព្រំ​ដែន​​កម្ពុជា-ថៃ ក្នុង​តំបន់​​ប្រាសាទ​ព្រះ​វិហារ​​មាន​សភាព​ស្ងប់​ស្ងាត់​​មិន​ដែល​មាន​ហេតុ​​ការណ៍​អ្វីគួរ​​ឱ្យ​កត់​សម្គាល់​​ទេ ទើប​តែ​​​នៅ​ព្រឹក​​ថ្ងៃទី​១៧ សីហា បាន​ឃើញ​ទាហាន​​ឈុត​ខ្មៅ​សៀម​ម្នាក់​​លួច​ចូល​​ដី​កម្ពុជា​ក្បែរ​ខ្សែ​ត្រៀម​​ជួរ​មុខ​​របស់​កង​ទ័ព​​កម្ពុជា ក៏​ធ្វើ​ការ​​​ឃាត់​ខ្លួន​ដើម្បី​​សួរ​នាំ​​ តែ​​បែរ​ជា​ទាហាន​សៀម​​រូប​នោះ​​បាន​សម្រេច​ចិត្ត​​លោត​ទម្លាក់​​ជ្រោះ​​រត់​ចូល​​ទឹក​ដី​របស់ខ្លួន​​វិញ​​ ។ ទោះ​បី​ជា​បែបណា ទាហាន​ខ្មែរ​មិន​ធ្វើ​ការ​បាញ់​នោះ​ទេ ដោយ​​ឱ្យ​ទាហាន​សៀម​រូប​នោះ​រត់​ត្រឡប់​​ចូល​ដី​គេ​វិញ​តាម​​សម្រួល​​ ។ មក​ដល់​ពេល​នេះ​​គេ​មិន​​ទាន់​​ដឹង​​ថា មេ​បញ្ជា​​ការ​ទាហាន​សៀម​ប្រចាំ​​ជួរ​មុខ​​ខាង​លើេនេះផ្តល់​​ព័ត៌​មាន​​មក​ខាង​​ទាហាន​ខ្មែរ​​អំពី​មូល​​ហេតុ​​នេះ​ ឬ​យ៉ាង​ណា​នោះ​ទេ ៕