ខេត្តព្រះវិហារ ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី១៧ សីហា ទាហានកម្ពុជាឈរជើងនៅលើខ្នងភ្នំដងរែកជាប់ព្រំប្រទល់ប្រទេសថៃ ខាងលិចប្រាសាទព្រះវិហារចម្ងាយប្រហែល៨គីឡូម៉ែត្រ បានឃាត់ខ្លួនទាហានឈុតខ្មៅសៀមម្នាក់ដែលប្រដាប់ដោយអាវុធ១ដើម អាវក្រោះ និងគ្រាប់មួយទុសៀរ ។
ទាហានឈុតខ្មៅសៀមរូបនោះបានលួចចូលក្នុងទឹកដីរបស់ខ្មែរត្រង់ចំណុចខាងលើដោយខុសច្បាប់ ខណៈនោះត្រូវទាហានខ្មែរក្នុងកងពលតូចអន្តរាគមន៍លេខ៨ ធ្វើការចាប់ខ្លួន ដោយដកហូតអាវុធ១ដើម អាវក្រោះ១ និងគ្រាប់១ទុសៀរ រួចបម្រុងបញ្ជូនទាហានឈុតខ្មៅសៀម រូបនោះចូលមកកាន់ទីបញ្ជាការជួរមុខរបស់កម្ពុជា តែពេលនោះទាហានឈុតខ្មៅរូបនោះបានរត់យករួចខ្លួន ដោយលោតទម្លាក់ជ្រោះលើខ្នងភ្នំរត់គេចខ្លួនចូលទៅក្នុងទឹកដីថៃវិញទៅ ។ មកដល់ពេលនេះ មេបញ្ជាការជួរមុខរបស់កម្ពុជាកំពុងទំនាក់ទំនងសួរពីមូលហេតុដែលទាហានឈុតខ្មៅសៀមរូបនោះចូលមកក្នុងទឹកដីកម្ពុជា ដោយគ្មានការអនុញ្ញាតបែបនេះក្នុងគោលបំណង អ្វី? ដោយឡែកអាវុធគ្រាប់ និងអាវក្រោះដែលកងទ័ពខ្មែរដកហូតនោះមិនបានប្រគល់ឱ្យទាហានសៀមវិញទេ ដោយរក្សាទុកនៅក្នុងទីបញ្ជាការជួរមុខ ។
មន្ត្រីយោធាខ្មែរប្រចាំជួរមុខបានបញ្ជាក់ថា ស្ថានការណ៍យោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់ប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់មិនដែលមានហេតុការណ៍អ្វីគួរឱ្យកត់សម្គាល់ទេ ទើបតែនៅព្រឹកថ្ងៃទី១៧ សីហា បានឃើញទាហានឈុតខ្មៅសៀមម្នាក់លួចចូលដីកម្ពុជាក្បែរខ្សែត្រៀមជួរមុខរបស់កងទ័ពកម្ពុជា ក៏ធ្វើការឃាត់ខ្លួនដើម្បីសួរនាំ តែបែរជាទាហានសៀមរូបនោះបានសម្រេចចិត្តលោតទម្លាក់ជ្រោះរត់ចូលទឹកដីរបស់ខ្លួនវិញ ។ ទោះបីជាបែបណា ទាហានខ្មែរមិនធ្វើការបាញ់នោះទេ ដោយឱ្យទាហានសៀមរូបនោះរត់ត្រឡប់ចូលដីគេវិញតាមសម្រួល ។ មកដល់ពេលនេះគេមិនទាន់ដឹងថា មេបញ្ជាការទាហានសៀមប្រចាំជួរមុខខាងលើេនេះផ្តល់ព័ត៌មានមកខាងទាហានខ្មែរអំពីមូលហេតុនេះ ឬយ៉ាងណានោះទេ ៕
ចែករំលែកព័តមាននេះ