ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​បាត់​ប្រាក់​40​ម៉ឺន​រៀល​ប្តី​ទាត់​ធាក់​ប្រពន្ធ​ហើម​មុខ​ប្រពន្ធ​តាម​ចាក់1​កាំបិត​ស្លាប់​

13 ឆ្នាំ មុន

ខេត្ត​​រតន​គិរី​​​​​​​ ៖ ​ឃោរ​ឃៅ​​ដោយសារ​តែ​​រឿង​​ប្រាក់​​៤០​ម៉ឺន​រៀល​ ប្រពន្ធ​​បាន​ក្លាយ​​ជា​ឃាត​ករ​ ដោយ​ការ​​យក​កូន​កាំ​បិត​​ចុង​ស្រួច​​ចាក់​សម្លាប់​​​ប្តី​​នៅ​ក្រោម​ផ្ទះ​​​លោក​មេ​ភូមិ​​នា​វេលា​ពាក់​​កណ្តាល​​អធ្រាត្រ​ ។ ទោះ​បី​​ជា​បែប​​ណា​​ ស្ត្រី​​ជា​ប្រពន្ធ​​ត្រូវ​បាន​​​ប៉ូលិស​​ស្រុក​​​កូន​មុំ​​​ចាប់​ខ្លួន​ ។ ​ប៉ុន្តែ​អ្វី​​​ដែល​គួរ​​ឱ្យ​​​ស្រយុត​​​ក្នុង​ចិត្ត​នោះ​​ គឺ​​កូន​ប្រុស​តូចៗ​​​២នាក់​​ក៏​ត្រូវ​​ទៅ​​ជាមួយ​ម្តាយ​​​ក្នុ​ង​អធិការ​​ដ្ឋាន​​នគ​របាល​​ដែរ ។

​រឿង​រ៉ាវ​នេះ​​បាន​កើ​តឡើង​​​នៅ​ថ្ងៃ​ទី​​១៦ សីហា ​វេលា​ម៉ោង​​១២​និង​​៤០នាទី​​រំលង​អធ្រាត្រ​​នៅ​​ក្រោម​ផ្ទះ​​លោក​មួន អឿង ​ជា​មេ​ភូមិ​​​២ ឃុំ​ត្រ​ពាំង​​​ក្រហម ​ស្រុក​កូន​​មុំ ។ ​មន្ត្រី​​​ប៉ូលិស​​​ស្រុក​កូន​មុំ​​បាន​ឱ្យ​ដឹង​ថា ​បុរស​ជា​ប្តី​​ឈ្មោះ​​សាន មុំ ​អាយុ​​៣៤​ឆ្នាំ ​និង​​ស្ត្រី​ជា​ប្រពន្ធ​​ឈ្មោះ​​កែវ​ សាវី ​ហៅ​​សាវេន ​អាយុ​​​៣៨​ឆ្នាំ ​ជា​កសិករ​​ ​។ សមត្ថ​​កិច្ច​​ប៉ូលិស​​ដដែល​បាន​​បន្ត​ទៀត​ថា ​សមត្ថ​កិច្ច​​បាន​ចុះ​ទៅ​​ដល់​ផ្ទះ​​កើត​ហេតុ​​ទាំង​យប់​ ដើម្បី​ធ្វើ​​ការ​​ត្រួត​ពិនិត្យ​​សាក​សព​ឃើញ​​មាន​​​ស្នាម​របួស​​តែ​មួយ​​កន្លែង​ គឺ​ចាក់​ចំ​លើ​ដោះ​​ខាង​ឆ្វេង​ (បេះ​ដូង​) ដោយ​សារ​​ប្រពន្ធ​​យក​កូន​កាំបិត​​ចុង​ស្រួច​​ចាក់​​លិច​ជម្រៅ​​មួយ​​ចង្អាម​ បណ្តាល​ឱ្យ​​ហូរ​ឈាម​​ដាប​ និង​ស្លាប់​​ភ្លាម​ៗ​នៅ​កន្លែង​​កើត​ហេតុ​ ។

​ស្ត្រីជា​ប្រពន្ធ​​បាន​សារ​ភាព​ប្រាប់​​ប៉ូលិស​​ថា នៅ​​មុន​ពេល​កើត​​ហេតុ​​ វេលា​​ម៉ោង​​៣ទៅ​​៤​រសៀល​​ប្តី​បាន​​ទៅទារ​​លុយថ្លៃ​​លក់​ឈើ​​ពី​គេ​ជំពាក់​​បាន​លុយ​​​៤០​ម៉ឺន​រៀល​​ ហើយ​ប្តី​​មិន​ចូល​ផ្ទះ​ទេ ព្រោះ​រវល់​​ដើរ​ផឹក​​ស្រា​​ស ។ ពេល​ដឹង​ថា​​ប្តី​​​ដើរ​​ផឹក​​ខ្លួ​ន​ជា​ប្រពន្ធ​​​ខឹង​​ក៏​​ផឹក​​ស្រា​ស​តែ​ម្នាក់​​ឯង​ ​អស់​​១​លីត្រ​​ដែរ ​​គឺ​​​អង្គុយ​ផឹក​​ចាប់​ពី​​ម៉ោង​​៥​​​ទៅ​​​៦ល្ងាច​ ទើប​​ឈប់​​​ផឹក​​ ។​ ស្ត្រី​​ជា​ប្រពន្ធ​​​បាន​សារ​ភាព​​បន្ត​​ថា ​ស្រាប់​តែ​​នៅ​​ម៉ោង​​៨​​យប់​​ប្តី​ក៏​មក​ដល់​ផ្ទះ​​ឮ​​ក្នុង​ស្ថាន​ភាព​​ស្រវឹង​​ស្រា​យ៉ាង​​ខ្លាំង ​​។ ពេល​សួរ​​រក​​លុយ​ប្តី​​​និយាយរបៀប​​តាក់​តុប​ ព្រោះ​​​ចាយ​អស់​​ ក៏​​បាន​ឈ្លោះ​​​ប្រកែក​​គ្នា​ និង​​ជេរ​​ប្រមាថ​គ្នា​​​កប់​ៗ​មា​ត់​​​ផ្អើល​​​អ្នក​ភូមិ​ ។ ប្រពន្ធ​​បន្ត​ថា ​ប្តី​បាន​​ធាក់​ខ្លួន​ជា​ប្រពន្ធ​​៣​ទៅ​​៤​ជើង​ចំ​មុខ​បណ្តាល​​ឱ្យ​​ហើម​​ខ្ទង់​​ច្រមុះ​​ជាំ​ខៀវ​ ក្រោយ​​ពី​ធាក់​​ ខ្លួន​ជា​ប្រពន្ធ​​ហើយ ​​​ប្តី​បាន​​​គេច​ខ្លួន​​ចេញ​ពី​ផ្ទះ​​ទៅ​សំងំ​​ដេក​នៅ​​ក្រោម​ផ្ទះ​​លោក​​មេ​ភូមិ​ធ្វើ​ព្រងើយ​​ ។  ដោយ​មាន​កំហឹង​​នឹង​ប្តី​​​ចាយ​លុយ​​អស់​ហើយ​​ និង​​ធ្វើ​បាប​​​​ខ្លួន​ទៀត​ នៅ​ពាក់​​កណ្តាល​​យប់​​ខ្លួ​ន​ក៏​យក​​កូន​កាំ​បិត​​ចុង​​ស្រួច​​​តាម​រក​ប្តី​​ឃើញ​​កំពុង​​​ដេក​ក៏​ចាក់​សម្លាប់​​​តែម្តង ។​

​លោក​មួន អឿង ​ជា​មេ​ភូមិ​​បាន​​ឱ្យ​ដឹង​ថា ​នៅយប់​​នោះ​​គាត់​​ជា​ម្ចាស់​​ផ្ទះ​បានដេក​​​​លង់​លក់​​ម្តង​​មក​ហើយ ​ដោយ​ដេក​​ជិត​​ជន​រ​ងគ្រោះ​​គ្រែ​តែ​មួយ​​២​នាក់​ ស្រាប់​តែ​​ឮ​សំឡេង​​ស្ត្រី​​ជា​​ប្រពន្ធ​​នោះ​​ស្រែក​​សួរ​គាត់​​រក​​ប្តី​​ ហើយ​គាត់​​ក៏​ប្រាប់​ថា រក​ប្តី​​​ធ្វើ​អី​​វា​ដេក​​លក់​ហើយ ។ ស្រាប់​តែ​​ឮ​សូ​រ​សំឡេង​​បុរ​ស​ជា​​​ប្តី​​ស្រែក​អូយ​ជួយ​ផង​ ​ពេល​នោះ​​គាត់​​ជា​ម្ចាស់​ផ្ទះ​​បើក​ភ្លើង​​ពិល​​​​បញ្ចាំង​​សំដៅ​​ទៅ​ជន​​​រង​គ្រោះ​ឃើញ​មាន​​ឈាម​ហូរ​​​ពេញ​ខ្លួន​​ទៅ​ហើយ ​។ ពេល​នោះ​​គាត់​​ឃើញ​​ស្ត្រីជា​ប្រពន្ធ​​មាន​បំណង​​ចាក់​ប្តី​​ម្ត​ង​ទៀត ​​គាត់​ជា​ម្ចាស់​​ផ្ទះ​​ក៏​ចាប់​​ដៃ​ស្ត្រី​​ជា​ប្រ​ពន្ធ​​ដក​ហូត​​យក​កូន​កាំបិត​​ចេញ​ ក្រោយ​​មក​បាន​​១៥​នាទី​​ប្តី​ដែល​ត្រូវ​ប្រពន្ធ​​ចាក់​​នោះ​បាន​ដាច់​ខ្យល់​​ស្លាប់​ទៅ​ ។​​ ចំណែក​​ប្រពន្ធ​​ជា​ឃាត​ករ​​សម្លាប់​​ប្តី​ក៏​​ត្រូវ​បាន​​សមត្ថ​កិច្ច​​ប៉ូលិស​​ស្រុក​កូន​មុំ​​ចាប់​ខ្លួន​​​ទាំង​​​យប់​​​ផ​ងដែរ ។

​លោក​មេ​​ភូមិ​​បន្ត​ទៀត​ថា ​ក្រុម​គ្រួសារ​​នេះ​ក្នុង​​មួយ​ខែ​ឈ្លោះ​ប្រកែក​​គ្នា​​២៨​ថ្ងៃ​​ទៅ​ហើយ ។ ​ពីរ​នាក់​ប្តី​​ប្រពន្ធ​​នេះ​មាន​​កូន​​ប្រុស​​​២នាក់​នៅតូចៗ​​ទាំង​អស់​​កូន​ច្បង​មាន​អាយុ​​៨​ឆ្នាំ ​។ ពេល​នេះ​​ឪពុក​​ស្លាប់​ ម្តាយ​ជាប់​​គុក​ តើ​វាសនា​​កូន​​​ទាំង​​​២​​ទៅ​ជា​​យ៉ាង​ណា ​? ​ចំណែក​ប៉ូលិស​​កំពុង​​កសាង​សំណុំ​រឿង​​បញ្ជូន​​ស្ត្រី​ជា​ឃាត​ករ​​សម្លាប់​​ប្តី​​ទៅ​​តុលា​ការ​​ផ្តន្ទា​ទោស​​តាម​ច្បាប់ ឯកូន​​តូច​​២នាក់​​ទំនង​​ទៅ​ជាមួយ​​ម្តាយ​ដែរ​​ហើយ៕​​