ខេត្តក្រចេះ ៖ បុរសម្នាក់បានទាញពូថៅមកគប់ប្រពន្ធ ព្រោះខឹងមិនដាំបាយហូប តែផ្លែពូថៅនោះបានបា្លតទៅត្រូវក្តោងច្រមុះកូនស្រីអាយុ៨ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១៦ សីហា នៅលំនៅឋាន ក្នុងភូមិជើងពាត ឃុំកោះខ្ញែរ ស្រុកសំបូរ ។ បុរសជាឪពុកឈ្មោះវ៉ាល់ នា អាយុ៣៣ឆ្នាំ ត្រូវនគរបាលស្រុកសំបូរចាប់ឃាត់ខ្លួនក្រោយពេលបង្កហេតុ ឯស្ត្រីជាប្រពន្ធមិនរងរបួសទេ ។
ស្ត្រីឈ្មោះបេង ថា អាយុ៣២ឆ្នាំ ជាប្រពន្ធបានរៀបរាប់ប្រាប់មន្ត្រីនគរបាលស្រុកសំបូរថា ប្តីរបស់គាត់តែងតែបង្កជម្លោះវាយគាត់ ជាច្រើនលើកច្រើនសាមកហើយនៅពេលផឹកស្រវឹងហើយកូនស្រីរបស់គាត់ដែលរងរបួសដោយសារប្តីគប់នេះជាកូនទី៣ក្នុងចំណោមបងប្អូន៨នាក់ ។ ស្ត្រីរូបនេះបានបន្តថា នៅល្ងាចថ្ងៃកើតហេតុពេលគាត់ត្រឡប់មកពីស្រែវិញប្តីស្រវឹងស្រានិងបានបង្គាប់ឱ្យកូនស្រីម្នាក់ទៀតដាំបាយ តែគាត់ជាប្រពន្ធមិនឱ្យកូនស្រីដាំទេ ព្រោះបាយកកនៅសល់ច្រើនអាចបរិភោគគ្រប់ ។
ពេលគាត់ប្រាប់កូនមិនឱ្យដាំបាយបែបនេះ ប្តីក៏កើតការខឹងសម្បាដោយចោទថា គាត់រឹងចចេសក៏គំរាមកំហែងរកវាយគាត់និងបានស្ទុះទៅយកពូថៅដែលនៅក្បែរនោះ គប់សំដៅមក តែគាត់គេចទាន់ក៏បានបា្លាតទៅត្រូវចំកូនស្រីតូច ដែលអង្គុយនៅក្បែរទា្វរបណ្តាលឱ្យរងរបួសធ្ងន់ដាច់ក្តោងច្រមុះ ហើយដាច់ថ្ពាល់ខាងស្តាំជម្រៅជ្រៅ និងបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ពេលនេះក្រុមគ្រូពេទ្យកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់ ៕
ចែករំលែកព័តមាននេះ