ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ច្បាប់​ទ្រាប់​អង្គុយ អនុ​ប្រធាន​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិ​កម្ម​រហ័ស​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទះ​រាជ​រដ្ឋា​ភិបាល​

13 ឆ្នាំ មុន

​​​រាជ​ធានី​ភ្នំពេញ ​៖ លោកទិត ​សុធា ​អនុ​ប្រធាន​អង្គ​ភាព​​ព័ត៌​មាន​និង​ប្រតិ​​កម្ម​រហ័ស​ បាន​មាន​ប្រតិ​កម្ម​​​ឆ្លើយ​តប​នឹង​ព័ត៌​មាន​ចោទ​ប្រកាន់​មួយ​ចំនួន​ពី​ក្រុម​​សង្គម​ស៊ី​វិល​​ ​ដែល​មាន​ទស្ស​នៈ​ជំនាស់​នឹ​ងរដ្ឋាភិបាល​ដោយ​លោក​បាន​ចោទ​​សួរ​ថា ​​តើ​មន្ត្រី​អង្គ​ការ​សង្គម​ស៊ីវិល​មាន​អភ័យ​ឯក​សិទ្ធិ​ ឬ​ក៏​ត្រូវ​នៅ​ក្រៅ​ច្បាប់​ ?

ប្រតិ​កម្ម​របស់​លោក​បានបង្ហាញ​ថា ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ បានទទួល​រងគ្រោះ​ម្តងហើយ​ម្តង​ទៀត​មិនចេះ​ចប់​មិនចេះ​ហើយ​ ដោយការ​ចោទ​ប្រកាន់​ពីសំណាក់​អង្គការ​ក្រៅរដ្ឋា​ភិបាលមួយ​ចំនួន​ថា​ ​ជាអ្នក​បានគំរាម​កំហែងទៅ​លើក្រុម​អ្នក​រិះគន់​​នៅពីក្រោយ​ការអនុវត្ត​វិធានការ​របស់​ស្ថាប័ន​តុលាការ​ទៅលើ​ជនដែលបាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ ឬក៏ជនសង្ស័យ​​មួយចំនួន​ក្នុង​អំពើ​​បំពាន​ច្បាប់ឬអ្វី?
​ព្រឹត្តិការណ៍​ថ្មីៗ ​និងចុងក្រោ​យនេះ ​ហាក់បី​ដូចជា​មិនខុសប្លែក​ពីអ្វីដែល​ធ្លាប់ត្រូវ​បានចោទ​ប្រកាន់​មកលើរាជ​រដ្ឋាភិបាល​ ដូចការ​ចុះ​ផ្សាយ​របស់​វិទ្យុសំឡេង​សហរដ្ឋអាមេរិក​ កាលពីថ្ងៃ​ទី​៣ ​សីហា ​ឆ្នាំ​២០១២នោះទេ ​​គឺក្រុម​អង្គការ​សង្គម​ស៊ីវិលមួយ​​ចំនួននោះ ​បាន​និយាយ​ភាសា​ដដែលៗថា « ចំណាត់​វិធានការ​លើសង្គម​ស៊ីវិល​ ធ្វើឱ្យ​មានការភ័យ​ខ្លាច​ និងប៉ះពាល់​ដល់កិច្ច​ការ​របស់​ពួកគេ.​..»​ឬក្នុង​ពាក្យចោទ​ជាថ្មីទៀត​មក​លើ​រាជរដ្ឋាភិ​បាល ថា ​ជាអ្នក​បានគំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់ការងារ​​របស់ក្រុម​ប្រឆាំង ​និង​អង្គ​ការ​សង្គម​ស៊ីវិល» ។
ក្រុមមន្ត្រី​អង្គការសង្គម​ស៊ីវិលទាំង​នោះ ​ដែល​រួមមាន ថ្នាក់ដឹក​នាំ​ ​ឬជាមន្ត្រី​ធ្វើកា​រ​ផ្នែក​សិទ្ធិ​មនុស្ស​ ​អ្នក​វិភាគឯក​រាជ្យ​ ​​មន្ត្រីអង្គ​ការក្រៅ​រដ្ឋា​ភិបាលដែល​មានទំនោរ​គាំទ្របក្ស​ប្រឆាំង ​គឺពួក​គេហាក់ដូច​ជាជ្រួល​ច្របល់​អន្ទះ​​អន្ទែង​ក្នុង​ចិត្តជាខ្លាំង ​ខណៈពេល​ដែលមាន​សកម្មជន​ធ្លាប់​សហការ​ការងារជា​មួយពួក​គេ ​ត្រូវបាន​ចាប់​ឃុំ​ខ្លួន​ ​និងមួយ​ចំនួនខ្លះ​ទៀតមាន​ដីកាបង្គាប់​ពី​តុលា​ការ​ឱ្យចូល​ខ្លួន​ពាក់ព័ន្ធ​ក្នុងរឿង​ព្រហ្មទណ្ឌ ។

​ជាមួយ​នឹងឥរិយា​បថ​​ «​យក​ច្បាប់ទ្រាប់​អង្គុយ»​​ ​ក្រុមអង្គការ​សង្គមស៊ីវិល​ទាំងនោះ​បាន​ធ្វើ​​សេចក្តី​សន្និដ្ឋាន​មុនការ​សម្រេច​ក្តីរបស់​តុលា​ការ​​ទៅទៀត​ ​ដោយពួក​គេបាន​ទទូចស្នើ​សុំឱ្យ​តុលាការ​កាត់សេចក្តី​លោក​ចាន់ ​សុវ៉េត ​អនុ​ប្រធាន​ផ្នែកស៊ើប​អង្កេតរបស់​​សមាគម​អាដ​ហុក ដោយ​ឯករាជ្យ ​មុនពេល​ដែលជន​សង្ស័យ​នៅមិន​ទាន់​ទាំងបាន​ចូលខ្លួន​ទៅបំភ្លឺ​នៅក្នុង​តុលាការ​នៅ​ឡើយ។ ​តើទង្វើបង្ខិត​បង្ខំទៅ​លើតុលាការ​បែប​នេះ​ គួរត្រូវ​បានចាត់​ទុកថា​ ​ជាការ​គាប​​​​សង្កត់​​ទៅលើស្ថាប័ន​តុលាការ​​បានដែរ​ទេ?​​តើ​មន្ត្រី​អង្គការ​សង្គមស៊ីវិល​ ​ត្រូវបាន​អនុញ្ញាត​ដោយ​​ច្បាប់​ក្នុងការ​ជួយសម្រួល​បញ្ហាគ្រប់​បែប​យ៉ាង​​​ដល់​ជន​​ល្មើស ​ដើម្បីការ​រត់គេច​ខ្លួនឬយ៉ាង​ណា? ​​ប្រសិន​បើសកម្មភាព​របស់លោក​ចាន់ ​សុវ៉េត ​ត្រូវ​បាន​តុលាការ​បង្ហាញ​ភស្តុតាង​រឹង​មាំ​មែន​​នោះ ​។

​ដូចគ្នានេះ​ដែរ ករណី​ចំណាត់​ការទៅ​លើ​ប្រធាន​​សមាគម​អ្នក​ប្រជាធិ​ប​តេយ្យលោក​ម៉ម សូ​ណង់ដូ ដែលត្រូវ​បានចាប់​ឃុំខ្លួន ​គឺសង្ស័យ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន៤​​ករណីធំៗ ​គឺ​ក្នុង​រឿង​បង្កើតតំបន់​អបគមន៍ ​ប៉ុនប៉ង​បំបែក​រដ្ឋ​ក្នុង​រដ្ឋ ​​ធ្វើឱ្យ​មានការ​បះបោរ​ប្រឆាំង​នឹង​អំណាច​រដ្ឋ​បាល​មូលដ្ឋាន​ ​ក៏ត្រូវ​បានអង្គ​ការសង្គម​ស៊ីវិល​មួយ​​ចំនួន​កន្លងមក​លើកឡើង​ដោយខុស​ឆ្គង​ផង​ដែរ ​ដោយហៅ​ការចោទ​ប្រកាន់​នោះ ​ថា​ជា​ហេតុ​​​ផល​នយោបាយ​ ​និងបាន​ទាមទារ​ឱ្យរាជ​រដ្ឋា​ភិបាល​ដោះលែង​ជនជាប់ចោទ​ដោយគ្មាន​លក្ខ​ខ​ណ្ឌ​​​ ។

ការពិត​ជាក់ស្តែង​ ​ករណីលោក​​ចាន់​​​ សុវ៉េត និង​លោក​ម៉ម ​សូណង់​ដូ​​វា ​​មិនមែន​ជាការ​គាប​​​សង្កត់​ទៅលើក្រុមអង្គការសង្គមស៊ីវិលនោះទេ គឺជាការអនុវត្តវិធានការច្បាប់ទៅលើបុគ្គលជា​ជនសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ ​ហើយ​វា​ក៏​មិន​​មែន​ជារឿង​នយោបាយ ​ការបំបិទ​សិទ្ធិ​សេរី​ភាព​​​គាប​សង្កត់ ​ឬក៏គំរាម​កំហែងទៅ​លើក្រុម​ប្រឆាំង ​និង​អង្គកា​រសង្គម​ស៊ីវិល​នោះទេ ។

​គេនៅ​ចាំបាន​ថា ​កាលពីថ្ងៃ​ទី២ សីហា ​ឆ្នាំ ២០១២ សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​​​​កម្ពុជា ​បានមាន​ប្រសាសន៍​​ថា ​​មាន​មន្ត្រីអង្គ​ការសង្គម​ស៊ីវិលម្នាក់​បានផ្តល់​មធ្យោ​បាយ​ឱ្យជន​សង្ស័យក្នុង​ការចូល​កាន់​កាប់​ដី​រដ្ឋ​ខុសច្បាប់ ​និងបានរត់​គេចខ្លួន ​គឺលោក​ប៊ុន រដ្ឋា ​។

បើគេ​ក្រឡេ​​កមើល​រដ្ឋធម្មនុញ្ញ​​ ​ការថ្លែង​របស់​សម្តេច​តេជោ ​គឺពុំគួរ​ត្រូវបាន​ចាត់ទុក​ថា​ជា​ការ​គំរាមកំហែង​នោះទេ ​ពីព្រោះ​ថា​​រាជ​រដ្ឋា​ភិបាល​មានតួនា​ទី ​និងភារ​កិច្ចពេញ​លេញដើម្បី​រក្សា​ការពារ​សន្តិសុខ ​និងសណ្តាប​់ធ្នាប់សង្គ​ម ដូច្នេះ អង្គការ​សង្គមស៊ីវិល​ទាំងនោះ​មិនគួរ​នឹង​ចង់​ពង្រីកអំណាច​របស់​ខ្លួន ​ឬក៏​ទាម​ទារ​ចង់​បាន​ «​អភ័យឯក​សិទ្ធិរបៀប​ផ្តាច់ការ​​» ​ដោយចង់​ចោទ​ ឬក៏ចង់ដក​ហូតតំ​​ណែង​នាយក​រដ្ឋមន្ត្រី​មិន​ឱ្យបំពេញ​ភារកិច្ច​ដូចមាន​ចែងក្នុង​រដ្ឋធម្មនុញ្ញ​ស្រេច​តែនឹង​អំពើចិត្ត​នោះទេ ។

យ៉ាង​ណាមិញ​ ​ក្នុង​រឿងបង្កើត​តំបន់​អប​គមន៍​នៅខេត្តក្រចេះ សួរថា ​តើ​នៅលើ​ពិភព​លោក​នេះ​ មានប្រទេស​ណាខ្លះដែល​ត្រូវបាន​គេ​អនុ​ញ្ញាត​ឱ្យ​បុគ្គល​ណាមួយ​ ​​ឬក្រុមណា​មួយនៅ​ពីលើ​ច្បាប់​ដែរ​ឬទេ ? ​

ការលើក​ឡើងបែប​នេះ​ ដោយពិនិត្យ​ឃើញ​ថា ក្រុមអង្គ​ការសង្គម​ស៊ីវិល​មួយចំនួន​ គឺដៃ​ម្ខាង​ស្រែក​ទាមទារ​ចង់ធ្វើកំណែ​ទម្រង់ប្រព័ន្ធ​យុត្តិធម៌​ ក្រោម​ស្លាក(NGOs​) និងដៃម្ខាង​ទៀត​ប្រើ​អំណាច​គាប​​សង្កត់​មក​លើស្ថាប័ន​តុលាការ​​ឬ​រាជ​រដ្ឋាភិ​បាល ។ ​នេះឬជា​សារជាតិ​ពិតរបស់​អង្គ​ការសង្គម​ស៊ីវិល ដែលជា​ស្ថាប័នឯក​រាជ្យ​ ដែល​គួរតែមាន​តួនាទីក្នុង​ការចូល​រួមពង្រឹង​សន្តិ​សុខ​សង្គម ​និងការ​អភិវឌ្ឍ ប៉ុន្តែ​ផ្ទុយទៅ​វិញ​ សកម្ម​ភាពរបស់​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ពួក​គេ​រាល់​ថ្ងៃបែរ​ជាខិត​ខំនាំគ្នា​ស្រែក​ប្រឆាំង​​ដើម្បី​តែ​ប្រាក់​ជំនួយ ​និងការ​បំផ្លាញ​ជាតិ​ទៅ​វិញ? ​

បញ្ហាពាក់ព័ន្ធ​​នឹងមន្ត្រី​ស៊ើបអង្កេត​មួយរូប​​របស់​សមាគម​អាដហុក ​គឺត្រូវ​បានចៅ​ក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​​កោះហៅ​ឱ្យចូល​ខ្លួនបំភ្លឺ​ក្នុងតុលាការ​ពីបទ ផ្តល់​ជំនួយដល់​ចារី​ជា​អាទិ៍ប្រព្រឹត្តនៅរាជធាន​ីភ្នំពេញ ​​កាលពីខែ ​ឧសភា​ ឆ្នាំ​២០១២ តាម​បញ្ញត្តិ​មាត្រា​៥៤៤ ​នៃ​ក្រ​ម​​ព្រហ្មទណ្ឌ ជាមួយ​នឹងការ​បញ្ជាក់​ថា ​ករណី​មិន​ចូល​ខ្លួនតាម​កាលកំណត់​ទេ​នោះ តុលាការ​នឹង​ចេញដីកា​បង្គាប់ឱ្យ​នាំខ្លួន ។

ដូច្នេះ​​ ​ប្រសាសន៍​របស់សម្តេច​តេជោ​មិន​គួរ​ត្រូវ​បានអង្គការ​សង្គមស៊ីវិល​ទាំង​នោះ ​ធ្វើ​ការ​បក​ស្រា​យ​បំផ្លើ​​​ស ឬ​ក៏បំពុល​សាធារណ​មតិ​នោះ​ទេ ។ ការសំ​អាងបែប​នេះ ក្នុងន័យ​ថា ​មិនមែន​ប្រធាន​សមា​គម ​ឬក៏​មន្ត្រីអង្គ​ការសង្គម​ស៊ីវិល​គ្រប់​​រូបសុទ្ធ​តែជា​បុគ្គលល្អ​ ​គោរព​ច្បាប់​​នោះទេ​ ជា​​ឧទា​ហរណ៍​ការចុះផ្សាយ​របស់កាសែត​ Los Angele​s Times ​កាលពីថ្ងៃទី១ សីហា ឆ្នាំ ២០១២​​ ​គឺមេដឹក​នាំសហជីព​មួយ​រូប​ដ៏ល្បី​ល្បាញ​នៅរដ្ឋកា​លីហ្វ័រនី​​ញ៉ា​​ ​​ត្រូវបាន​ប្រឈម​នឹងការ​ចោទប្រកាន​់ពីបទ​លួច​ប្រាក់ ​និងគេច​ពន្ធ​​ ជា​ពិសេស​​កិបកេងលុយ​កាក់ពី​ក្រុមកម្មករ​​ ​និង​​សមា​ជិក​សហ​ជីព ​ដើម្បីធ្វើ​មានបាន​ខ្លួនឯង ​ឥឡូវ​គេ​យក​ទៅកាត់​ទោស ។ ក្នុងបញ្ហានេះ​សួរថា ​តើ​ការ​ចាប់មេ​ដឹកនាំ​សហជីព​នោះ​​នៅសហ​រដ្ឋ​អា​មេរិក​ ​គេមានដើរ​ប្រមូល​ស្នាមមេ​ដៃដើម្បី​គាប​​សង្កត់​ទៅលើតុលា​ការឱ្យ​ដោះលែង​ដូច​នៅ​កម្ពុជា​​ដែរទេ? ​តើការចាប់​ខ្លួននោះ​ ​ត្រូវ​បានគេ​ចាត់​ទុក​ថា ជារឿងនយោ​បាយដែរ​ឬទេ ?

ម៉្យាង​វិញទៀត​ បើយោង​តាម​របាយ​ការណ៍​របស់​សហរដ្ឋ​អាមេរិក​ថ្មីបំផុត​នេះ​ បាន​បង្ហាញ​ថា ​​​ពួកឧក្រិដ្ឋ​ជន ​ក្រុមភេរវ​ករ ​ពួកលាង​លុយ ​តែង​តែប្រើប្រាស់​អង្គការ​សង្គមស៊ីវិល​មួយ​ចំនួន​ធ្វើ​ជាឡប់ឡែ ​ដើម្បី​ផ្តល់ហិរញ្ញ​ប្បទាន​ជួយ​ទ្រទ្រង់​​សកម្មភាព​របស់ពួក​ភេរវករ ជា​ពិសេស ​ពួកភេរ​វករអន្តរ​ជាតិ ។

បច្ចុប្បន្ន ទាំងសំណុំរឿង លោក ម៉ម ​សូ​ណង់​ដូ​​ ក៏ដូចជា​ករណីលោក​ចាន់ សុវ៉េត ​គឺ​មិន​ស្ថិត​នៅក្នុង​ដៃរបស់​រដ្ឋាភិបាលនោះ​ទេ ​គឺ​ស្ថិត​នៅ​ក្នុងការ​អនុវត្ត​នីតិវិធី​របស់​តុលាការ​ ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នៃអំណាច​ទាំងបី ។

ដូច្នេះ​ ​បញ្ហារបស់​ប្រធានសមាគម​អ្នក​ប្រជា​ធិបតេយ្យ ​និងមន្ត្រី​ស៊ើបអង្កេត​រូបនេះ ​​វិធី​ល្អ​បំផុត​នោះ គឺត្រូវ​ខិតខំ​រកមេធាវីដែលពូកែៗ ដើម្បីជួយ​ការពារ​ដោះបន្ទុក​​ ​ជាជាង​បើក​វេ​ទិកា​ប្រឆាំង​ជាមួយ​​ច្បាប់ ​ឬ​ក៏ចោទ​ប្រកាន់​មក​លើ​រាជរដ្ឋាភិបាល​​ក្នុងការ​ទាញយក​ផល​ប្រយោ​ជន៍​បក្ខពួក​ និងបុគ្គល ។

​ម៉្យាងវិញ​ទៀត​ ​ទាំងរាជ​រដ្ឋាភិបាល​ និងទាំង​អង្គ​ការ​សង្គម​ស៊ីវិល​​ គឺសុទ្ធ​តែទាម​ទារ​ចង់​បាន​នូវ​ការ​ពង្រឹង​នីតិរដ្ឋ​តាម​រយៈការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ចុះសួរថា​​ ហេតុអ្វី​ក៏ពួក​គេចាត់​ទុក​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ថា​ជារឿង​គាបសង្កត់​បុគ្គល​ទៅ​វិញ ? ​ឬមួយ​ក៏អង្គការ​ទាំងនោះ​ចង់នៅ​ក្រៅ​ច្បាប់ ៕