ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត​កម្ម​កាប់​ប្រហារ​ស្ត្រី​ម្នាក់​នៅ​ក្នុង​លំនៅ​ឋាន​សង្ស័យ​កូន​ធម៌​សម្លាប់​ដោយ​សារ​តែ​រឿង​គំនុំ

13 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ ស្រ្តីម្នាក់ត្រូវ​​​ឃាតករ សម្លាប់ដោយប្រើកាំបិតកាប់ពីក្រោយ កាលពីវេលាម៉ោងជាង​៣ទៀបភ្លឺថ្ងៃទី១៧ សីហា នៅ​ក្នុង​ផ្ទះរបស់គាត់​​ស្ថិតនៅភូមិព្រៃផ្ដៅ ឃុំ​តា​គ្រាម ស្រុកបាណន់ ខណៈ​​ប្ដី​គាត់​មិន​នៅផ្ទះ ។ ​ចំពោះ​ហេតុ​ការណ៍​​នេះ សមត្ថកិច្ចសង្ស័យថា កូន​ប្រុសធម៌ដែលមកស្នាក់​នៅ​បណ្ដោះ​អាសន្ន​មុន​នេះ​២​ថ្ងៃជាអ្នកដៃដល់ ព្រោះតែរឿងគំនុំដោយ​សារ​​ក្រោយ​កើត​ហេតុក៏បាត់មុខកូន​ធម៌នោះដែរ ។

មន្ត្រីនគរបាលមូលដ្ឋាននិយាយថា ស្រ្តីរង​គ្រោះឈ្មោះយ៉ាង ចំរើន អាយុ៤២ឆ្នាំ ប្ដី​ឈ្មោះ​ស ឃន អាយុ៦៤ឆ្នាំ ជាប្ដីក្រោយ មាន​កូន​ប្រុស​ម្នាក់អាយុ១៥ឆ្នាំ ។ គ្រួសារនេះស្នាក់នៅ​បណ្ដោះ​អាសន្នចាំដីឲ្យគេនៅចំណុចខាងលើ ។ សមត្ថ​កិច្ចប្រាប់ថា ឃាតករបានប្រើកាំបិត​កាប់​សម្លាប់​​​ស្ដ្រីរងគ្រោះក្នុងគ្រាដែល​គាត់ដេក​ក្នុង​ផ្ទះ​ជា​មួយកូនប្រុស ឯប្ដីរបស់គាត់​ស្នាក់នៅឯខ្ទម​ស្រែ។ ប៉ុន្តែសមត្ថកិច្ចបញ្ជាក់ថា នៅយប់​នោះ​ក៏​មាន​កូន​ប្រុស​ធម៌របស់ស្រ្តីរងគ្រោះឈ្មោះភ័ក្ត្រ អាយុ​ជាង​៣០ឆ្នាំ ​ស្នាក់នៅក្នុងផ្ទះនោះ​ដែរ ហើយ​ សមត្ថកិច្ចសង្ស័យថា កូនធម៌​របស់​​ស្រ្តី​រងគ្រោះ អាច​ជាជនដៃដល់ក្នុងករណីនេះ ពាក់​ព័ន្ធនឹង​គំនុំអ្វីមួយ ព្រោះព្រឹកឡើង​កូនធម៌​ម្នាក់​នេះ​បាន​គេចខ្លួនបាត់ ។

កូនប្រុសរបស់ស្រ្តីរងគ្រោះឈ្មោះឃន ខន អាយុ១៥ឆ្នាំបានបំភ្លឺដែរថា ពេលមកពីឆ្លុះ​កណ្ដុរ​ភ្លាម ម្ដាយខ្លូនបានឲ្យខ្លួន​ជួបជាមួយ​កូនធម៌​គាត់ម្នាក់នៅខេត្តព្រះវិហារ ​តែប៉ុន្មាន​ម៉ាត់ប៉ុណ្ណោះ ខ្លួនក៏ចូលដេកលក់ទៅ ។ លុះព្រឹក​ឡើងពេល​ឪពុក​មកផ្ទះឃើញ​ម្ដាយខ្លួន​ដេក​ស្លាប់​លើ​​ដី ទើប​ខ្លួនមានការភ្ញាក់ផ្អើលតែម្ដងហើយគ្រានោះក៏បាត់​មុខបងធម៌​ឈ្មោះភ័ក្រ្ត នោះដែរ ។

ស្វាមីស្រ្តីរងគ្រោះឈ្មោះស ឃន បាន​ប្រាប់​សមត្ថកិច្ចដែរថា នៅយប់នោះ​គាត់បាន​ស្នាក់​នៅ​ឯខ្ទមចាំស្រែ លុះព្រឹកឡើង ពេល​​ដើរមក​ផ្ទះក៏​ឃើញប្រពន្ធគាត់ដេកស្លាប់ក្នុងថ្លុកឈាមបាត់​ទៅហើយ ។ គាត់ប្រាប់ថា ស្រ្តីរង​គ្រោះជា​ភរិយា​ក្រោយ និងមានកូនប្រុសម្នាក់ ។ គាត់​បញ្ជាក់​ថា ភរិយាក្រោយនេះ និងគ្រួសារ​គាត់​មុន​មិនដែលមានជម្លោះអីនឹងគ្នាទេ ។ ម្យ៉ាង​ទៀត​​ ភរិយាក្រោយ​របស់​គាត់នេះ​សម្បូរ​កូនធម៌ណាស់ តិចៗឃើញកូនធម៌នេះ តិចៗឃើញ​កូនធម៌នោះ មកលេងមិន​សូវលស់​ពេល​ទេ។ លុះពេលកូន​ធម៌ឈ្មោះភ័ក្ត្រ ដែល​ជាអតីត​យោធានេះ​មកលេងម្ដងក៏មានរឿងទៅ ។

តាមការបំភ្លឺពីសាក្សីថា កូនធម៌​នោះ​មក​ស្នាក់​នៅបាន២ថ្ងៃក៏មានរឿងនេះកើតឡើង ។ ប្រភពដដែលបន្តថា នៅយប់កើតហេតុ​គេឃើញ​កូន​ប្រុសស្រ្តីរងគ្រោះ និងកូនធម៌​ឈ្មោះ​ភ័ក្ត្របាន​ចេញទៅឆ្លុះកណ្ដុរជាមួយគ្នា ​លុះម៉ោង​ប្រហែល​៣ទៀបភ្លឺទើបត្រឡប់មកផ្ទះវិញ ។ ប៉ុន្តែនៅ​វេលា​ម៉ោង​៧ព្រឹកទើបមានការភ្ញាក់ផ្អើល​ថា​ ឈ្មោះយ៉ាង ចំរើន ត្រូវគេសម្លាប់ រីឯកូន​ធម៌​ឈ្មោះភ័ក្ត្រ ក៏បាត់ខ្លួន​ដែរ ។ សាក្សី​បញ្ជាក់ដែរ​ថា ស្ទើររាល់ថ្ងៃគេតែង​ឃើញ​មាន​អ្នកដំណើរ​តែង​មកស្នាក់នៅបណ្ដោះអាសន្ននៅ​ផ្ទះស្រ្តី​រងគ្រោះ ហើយក៏រាប់​អានគ្នា​ជាម៉ែ​ធម៌​កូន​ធម៌​ទៅ តែពេលនេះ​គេសង្ស័យកូនធម៌​ហ្នឹង​ហើយ​ដែលជាជនដៃដល់ ។

លោកថោង ថិន អធិការរង​នគរ​បាល​ស្រុក​បាណន់​​​ថ្លែងថា កម្លាំង​ជំនាញកំពុងសាក​សួរ​ស្វាមី និង​កូនប្រុសគាត់ ប៉ុន្តែកូនធម៌​ស្រ្តីរងគ្រោះ​បាន​គេចខ្លួនទៅហើយ ។ លោកអធិការ​រងបាន​បញ្ជាក់ថា សពស្រ្តីរងគ្រោះត្រូវឃាតករប្រើកាំ​បិត​​កាប់​​ត្រូ​​វកញ្ចឹងក និងក្បាល រួចវាយ​បាក់​ធ្មេញ​អស់ ។ គេសង្ស័យជារឿងគំនុំច្រើន​ជាង​ករណីផ្សេងៗ ព្រោះស្រ្តីរងគ្រោះ​គ្មានបាត់បង់​ទ្រព្យសម្បត្តិទេ ។ លោកថោង ថិន ប្រាប់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញានោះហើយ ៕