ខេត្តពោធិ៍សាត់ ៖ ក្រុមគ្រួសារមួយដែលមានឪពុក កូនស្រី និងកូនប្រុស ទាំង៣នាក់បានត្រូវក្រុមចោរមិនស្គាល់មុខចូលបាញ់ ចាក់ និងវាយបណ្តាលឱ្យរងរបួសធ្ងន់ ព្រមទាំងយកសម្ភារអស់មួយចំនួនទៀត ។ អំពើប្លន់នេះបានកើតឡើងកាលពីថ្ងៃទី១៦ សីហា វេលាម៉ោង៧និង៤៥នាទីយប់ នៅខ្ទមចម្ការ ស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ។
លោកអនុសេនីយ៍ទោ អ៊ុក សុស នាយប៉ុស្តិ៍រដ្ឋបាលតាលោឱ្យដឹងថា ជនរងគ្រោះ១- ឈ្មោះចូច ចេង ភេទប្រុស អាយុ៤៥ឆ្នាំ ជាឪពុកត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំចង្កេះខាងឆ្វេងធ្លាយទៅស្តាំ ២- ឈ្មោះចេង គីវ ភេទស្រី អាយុ២២ឆ្នាំ ជាកូន ត្រូវចោរចាក់មួយកាំបិតចំភ្លៅខាងស្តាំ និង៣-ឈ្មោះចេង សុភ័ក្ត្រ ភេទប្រុស អាយុ១៨ឆ្នាំ ជាកូន ត្រូវចោរវាយនឹងដំបងជ្រុងរបួសបែកក្បាល ។
តាមការសាកសួរជនរងគ្រោះជាឪពុកឱ្យដឹងថា នៅយប់ថ្ងៃទី១៦ សីហា នោះ រូបគាត់រួមជាមួយកូនស្រី និងកូនប្រុស នៅឯដីចម្ការភូមិប្រហាល ឯប្រពន្ធនៅផ្ទះភូមិច្រាំងបាក់ឯណោះ ។ ខណៈពេលគាត់កំពុងលើកឈើគ្រឿងផ្ទះតម្រៀបដាក់គោយន្តដើម្បីដឹកយកមកផ្ទះ ស្រាប់តែឃើញមនុស្ស៤នាក់ ក្នុងនោះ៣នាក់ដើរចូលមកដោយមានកាន់កាំភ្លើងខ្លីធុនកា៥៤ ចំនួន២ដើម ឯម្នាក់ទៀតឈរនៅយាមផ្លូវខាងក្រៅ ។ ពេលចូលមកដល់ ខ្មាន់កាំភ្លើងម្នាក់បានបាញ់ឡើងលើ២គ្រាប់ ឃើញដូច្នេះគាត់ក៏រត់ចេញក៏ត្រូវគ្នាវាម្នាក់ទៀតបាញ់១គ្រាប់ចំចង្កេះខាងឆ្វេងតែម្តង ។ បន្ទាប់មក ក្រុមចោរបានចាប់កូនស្រីរបស់គាត់ដោះយកខ្សែកប្លាទីនមួយខ្សែ និងប្រាក់១០ម៉ឺនរៀល ព្រមទាំងចាក់មួយកាំបិតចំភ្លៅខាងស្តាំ លុះនៅពេលកូនប្រុសគាត់ទៅជួយពួកវាបានវាយនឹងឈើជ្រុងរបួសបែកក្បាល រួចហើយនាំគ្នាដើរចេញទៅវិញបាត់អស់ ដោយយកទូរស័ព្ទមួយគ្រឿងថែមទៀត ។
នៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញសម្បកគ្រាប់ចំនួន២ ជាប្រភេទកា៥៤ ឯជនរងគ្រោះជាឪពុកបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ ចំណែកក្រុមចោរប្លន់មិនស្គាល់មុខនោះសមត្ថកិច្ចកំពុងសហការស៊ើបអង្កេត ។
ប្រភពព័ត៌មាននិយាយថា ករណីនេះអាចជារឿងប្លន់ផងនិងគំនុំផង ព្រោះជនរងគ្រោះជាឪពុកធ្លាប់រកស៊ីដឹកឈើ ហើយក៏មានជីវភាពធូរធារគ្រាន់បើសម្រាប់អ្នកនៅស្រុកស្រែ ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋានរបស់មជ្ឈដ្ឋានខាងក្រៅប៉ុណ្ណោះ ឯការពិតយ៉ាងណានោះ គឺស្ថិតនៅលើសមត្ថកិច្ចជាអ្នកវែកមុខបំបែកសំណុំរឿងនេះ ៕


ចែករំលែកព័តមាននេះ