ខេត្តបន្ទាយមានជ័យ ៖ ឧក្រិដ្ឋជនមិនស្គាល់មុខបានធ្វើសកម្មភាពវាយប្រហារដោយគ្រាប់បែកដៃមួយគ្រាប់ផ្ទុះកក្រើកធរណីពេលរាត្រី បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់រងរបួសដេកដួលរដូករណែល ខណៈពួកគេកំពុងអង្គុយផឹកស៊ីជុំគ្នានៅលើគ្រែមុខផ្ទះ ដែលមានគ្នាទាំងអស់៦នាក់ ។ ការវាយប្រហារដោយគ្រាប់បែកនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី១៦ សីហា នៅចំណុចភូមិគោកស្វាយ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ។
លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាលស្រុកមង្គលបុរីបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះរួមនិងម្ចាស់ផ្ទះបាននាំគ្នាផឹកស៊ីជុំគ្នាមានមនុស្ស៦នាក់ នៅចំណុចមុខផ្ទះឈ្មោះឡោ គង់(ហៅជ័យ) ភេទប្រុស អាយុ៣៥ឆ្នាំ ជាទាហាននៅអង្គភាពកងពលតូចលេខ៥១ និងប្រពន្ធឈ្មោះប៊ុន បូវាសនា អាយុ៣១ឆ្នាំ ។ គ្រាដែលពួកគេកំពុងអង្គុយផឹកស៊ីក្នុងរបងមុខផ្ទះនោះ ស្រាប់តែមានជនមិនទាន់ស្គាល់មុខបានលបលួចគប់គ្រាប់បែកធ្លាក់ក្បែរវង់ផឹកប្រហែល២ទៅ៣ម៉ែត្រ បណ្តាលឱ្យផ្ទុះឡើងនិងបង្កឱ្យរបួសស្រាល និងមធ្យមមនុស្សប្រុស ស្រីចំនួន៤នាក់ ។ ចំណែក២នាក់ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត បានរួចផុតពីគ្រោះថ្នាក់ ។ ក្រោយពីបោកគ្រាប់បែកផ្ទុះកក្រើកដីហើយនោះ ជនបង្កបានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះវិញដេករដូករណែលយ៉ាងស្លន់ស្លោត្រូវបានដឹកជញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ដើម្បីសង្គ្រោះភ្លាមៗដែរ ។
ប្រភពព័ត៌មានដដែលបានឱ្យដឹងថា ជនរងគ្រោះ១- ឈ្មោះឡោ គង់ ភេទប្រុស អាយុ៣៥ឆ្នាំ ជាម្ចាស់ផ្ទះ រងរបួសចំខ្នង៣កន្លែង និងកំភួនជើងឆ្វេង១កន្លែង ។ ២- ឈ្មោះប៊ុន បូវាសនា ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធម្ចាស់ផ្ទះ រងរបួសចំភ្លៅខាងឆ្វេង១កន្លែង ៣- ឈ្មោះវ៉ា យិញ ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសចំចុងចិញ្ចើមឆ្វេង១កន្លែង និង៤- ឈ្មោះឡាយ ឆៃណា ភេទស្រីអាយុ៣៨ឆ្នាំ រងរបួសចំក្រោមក្បាលជង្គង់ស្តាំ១កន្លែង ។ នារីរងគ្រោះត្រូវជាប្រពន្ធឈ្មោះវ៉ា យិញ រស់នៅភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ។
ប្រភពព័ត៌មានដដែលបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវនៅកន្លែងគ្រាប់បែកដៃផ្ទុះនោះដែលមានរណ្តៅធំមួយ ដោយបានអះអាងថា ជាប្រភេទគ្រាប់បែកមីនីផលិតនៅប្រទេសចិន ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាជំហានដំបូងលើករណីនេះ គឺរឿងគំនុំក្នុងការងាររកស៊ី ហើយសមត្ថកិច្ចកំពុងធ្វើការតាមដាន និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាមវិធានការជំនាញ ដើម្បីវែកមុខម្ចាស់គ្រាប់បែកនេះតើចេញមកពីប្រភពណា ៕




ចែករំលែកព័តមាននេះ