រាជធានីភ្នំពេញ ៖ រថយន្តម៉ាកវីហ្គោ២បាំង ដែលសាក្សីស្គាល់ច្បាស់ថា ពាក់ស្លាកលេខ ភ្នំពេញ 2J-3216 កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃទី៦ មីនា បានបង្កសោកនាដកម្មបុកមន្ត្រីនគរបាលយាមប្រចាំការនៅទីស្តីការគណៈរដ្ឋមន្ត្រីម្នាក់ស្លាប់ ។ ទោះបីជាបែបណា បន្ទាប់ពីបុកមន្ត្រីនគរបាលនោះស្លាប់ហើយរថយន្តវីហ្គោនោះបានបើករត់ ដើម្បីគេចឱ្យផុតពីសំណាញ់ច្បាប់ និងការទទួលខុសត្រូវចំពោះជនរងគ្រោះ ។
មន្ត្រីនគរបាលរងគ្រោះរូបនេះ ឈ្មោះយី ប៉ូឡូ ភេទប្រុស អាយុ៣៩ឆ្នាំ មានឋានន្តរស័ក្តិជាអនុសេនីយ៍ត្រីនៅអង្គភាពនាយកដ្ឋានតម្រួតការពារក្រសួងមហាផ្ទៃ និងមានភារកិច្ចយាមប្រចាំការនៅទីស្តីការគណៈរដ្ឋមន្ត្រី ។ ទាក់ទិននឹងឧប្បត្តិហេតុខាងលើនេះ ត្រូវបានសាក្សីជាសមត្ថកិច្ចនគរបាលប៉ុស្តិ៍មិត្តភាពខណ្ឌ៧មករាឱ្យដឹងថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះបានជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ តែម្នាក់ឯងក្នុងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ ធ្វើដំណើរតាមផ្លូវលេខ១៣៩ ដោយទើបមកពីទិញបាយ និងម្ហូបអាហារនៅផ្សារអូរឫស្សី បំណងឆ្លងកាត់ផ្លូវលេខ១២៨ (កម្ពុជាក្រោម) ទៅកាន់ទីស្តីការគណៈមន្ត្រីវិញ ។ ពេលនោះស្រាប់តែមានរថយន្តម៉ាកវីហ្គោ ពណ៌ខ្មៅ២បាំងមួយគ្រឿងបើកយ៉ាងលឿនមកពីទិសខាងផ្សារធំថ្មី តាមបណ្តោយផ្លូវកម្ពុជាក្រោម មកបុកម៉ូតូមន្ត្រីនគរបាលរងគ្រោះខាងលើ បណ្តាលឱ្យប៉ើងទាំងមនុស្ស ប៉ើងទាំងម៉ូតូ ធ្លាក់ចម្ងាយប្រមាណ១០ម៉ែត្រ បោកក្បាលនឹងចិញ្ចើមផ្លូវស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុទាំងថ្លុកឈាម ។
សាក្សីជាមន្ត្រីនគរបាលបានឱ្យដឹងទៀតថា ខណៈពេលរថយន្តវីហ្គោបុកមន្ត្រីនគរបាលនោះមានមន្ត្រីនគរបាលសង្កាត់មិត្តភាពដើរល្បាតពេលយប់ឃើញហេតុការណ៍នោះ និងបានកត់សម្គាល់លេខរថយន្តបង្កហេតុនោះគឺ ភ្នំពេញ 2J-3216 ហើយបានប្រកាសតាមវិទ្យុទាក់ទងឱ្យគ្រប់គោលដៅទាំងអស់ស្ទាក់ឃាត់រថយន្តដែលកំពុងបើករត់គេចខ្លួននោះ ។ ទោះបីម្ចាស់រថយន្តបង្កហេតុខំប្រឹងបើកគេចខ្លួនយ៉ាងណាក្តី ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យសមត្ថកិច្ចគ្រប់គោលដៅទាំងនគរបាល ទាំងកងរាជអាវុធហត្ថតាមប្រមាញ់ឃាត់រថយន្តនោះឱ្យខាងតែបាន ។ ទីបំផុតរថយន្តបង្កហេតុខាងលើត្រូវបានសមត្ថកិច្ចរកឃើញនៅជិតទីក្រុងរណបកាំកូស៊ីធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រីឯអ្នកបើកបររថយន្តនេះបានគេចខ្លួនបាត់ ។
ក្រោយពីរកឃើញរថយន្តបង្កហេតុ សមត្ថកិច្ចនគរបាលខណ្ឌ៧មករាបានសហការជាមួយការិយាល័យជំនាញចរាចរណ៍ជើងគោករាជធានី ស្ទូចយករថយន្តនោះទៅរក្សាទុកនៅស្នងការរាជធានី ចំណែកសពជនរងគ្រោះត្រូវបាននាំយកទៅតម្កល់ទុកនៅវត្តថ្វាយបង្គំ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ ស្ត្រីជាភរិយានៃសព ពេលឃើញប្តីស្លាប់ក្នុងថ្លុកឈាម បានយំបោកខ្លួនដូចអកយ៉ាងសោកសង្រេងបំផុត ៕
ចែករំលែកព័តមាននេះ