រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១៧ សីហា គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដែលមានលោកសេង រតនៈ ជាប្រធានបានដឹកនាំមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធចុះធ្វើអនាម័យរើសសំរាម និងលាងផ្លូវ ព្រមទាំងដង្ហែជាក្បួនតាមដងផ្លូវជុំវិញផ្សារនាគមាស ស្ថិតនៅសង្កាត់ផ្សារដើមគ ដើម្បីបំផុសផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីការវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងធ្វើអនាម័យសំអាតលំនៅឋានរបស់ខ្លួនជាការចូលរួមប្រឡងប្រណាំងទីក្រុងស្អាត បរិស្ថានល្អ។
យុទ្ធនាការចុះធ្វើអនាម័យនេះប្រព្រឹត្តិទៅចាប់ពីម៉ោង៨និង៣០នាទីព្រឹករហូតដល់ម៉ោង៩និង៣០នាទីព្រឹក ដោយមានមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធប៉ូលិស ប៉េអឹម សណ្តាប់ធ្នាប់ខណ្ឌ សង្កាត់ និងផ្សារប្រមាណជិត១០០នាក់ ដើររើសបោសសំអាតសំរាម និងលាងផ្លូវនៅជុំវិញផ្សារ និងក្នុងផ្សារ ព្រមទាំងប្រកូកប្រកាសតាមមេក្រូផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ អាជីវករបានយល់ដឹងពីការទុកដាក់សំរាមឱ្យមានអនាម័យ។ បើនៅតែមិនស្តាប់តាមការណែនាំ អាជ្ញាធរនឹងមានវិធានការផាកពិន័យ។
លោកសេង រតនៈ អភិបាលខណ្ឌទួលគោក បានឱ្យដឹងថា ការចុះធ្វើទិវាអនាម័យនេះ ជាការចូលរួមចំណែកប្រឡងប្រណាំងទីក្រុងស្អាត បរិស្ថានល្អ។ កន្លងមកផ្សារនាគមាសជាផ្សារមានបញ្ហា និងស្មុគស្មាញជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរមូលដ្ឋានដូចជាបញ្ហាសណ្តាប់ធ្នាប់ និងសំរាមគរធុំក្លិនស្អុយនៅជុំវិញផ្សារដែលបណ្តាលមកពីខ្វះការយកចិត្តទុកដាក់ពីបញ្ហាអនាម័យ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ