រាជធានីភ្នំពេញ ៖ លោកយាយម្នាក់មានជំងឺប្រចាំកាយធ្ងន់ធ្ងរ ហើយបានចាកចេញពីស្រុកកំណើតមកព្យាបាលនៅរាជធានីភ្នំពេញ រយៈពេល៥ខែកន្លងមកហើយ ប៉ុន្តែមិនជាសះស្បើយនោះទេ គឺរឹតតែមានស្ថានភាពកាន់តែធ្ងន់ធ្ងរថែមទៀត។ ដោយសារតែខ្លាចគាត់ស្លាប់នៅក្នុងផ្ទះជួលរបស់គេម្ចាស់ផ្ទះបានបង្ខំឲ្យគាត់ចាកចេញពីផ្ទះជួលរបស់គេពេលនោះចៅប្រុសម្នាក់បាននាំលោកយាយរូបនោះចេញពីផ្ទះជួលជិះរថយន្តក្រុងត្រឡប់ទៅស្រុកកំណើតវិញ លុះពេលទៅដល់បានពាក់កណ្តាលផ្លូវលោកយាយក៏ស្លាប់បាត់បង់ជីវិតបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៧ សីហា ២០១២ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចចំណតរថយន្តក្រុង ស្ថិតនៅមុខផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកយាយម្នាក់នោះឈ្មោះយ៉េត សឿន អាយុ៨០ឆ្នាំ មានស្រុកកំណើតភូមិស្ទឹងហាវ ឃុំស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំណែកចៅប្រុសរបស់គាត់ឈ្មោះសៅ ផល្លី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំវត្តនាគវ័ន រាជធានីភ្នំពេញ។
តាមប្រភពឲ្យដឹងថា លោកយាយម្នាក់នោះមានជំងឺមហារីកសួតធ្ងន់ធ្ងរ និងបានចាកចេញពីស្រុកកំណើតមកស្នាក់នៅផ្ទះជួលខាងលើ ព្យាបាលជំងឺនេះរយៈពេល៥ខែកន្លងមកហើយ ប៉ុន្តែមិនបានជាសះស្បើយនោះឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗហើយរហូតមកដល់ថ្ងៃកើតហេតុខាងលើដោយសារតែខ្លាចលោកយាយរូបនេះស្លាប់នៅក្នុងផ្ទះជួលរបស់គេម្ចាស់ផ្ទះបានឲ្យចៅប្រុសនាំគាត់ចេញ។ ប្រភពដដែលបានបន្តទៀតថា ដោយគ្មានជំរើសចៅប្រុសបាននាំលោកយាយរបស់ខ្លួនចាកចេញពីផ្ទះជួលនោះជិះរថយន្តក្រុងត្រឡប់ទៅស្រុកកំណើតវិញ លុះពេលទៅដល់ត្រង់ចំណុចចំណតរថយន្តក្រុងមុខផ្សារបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល លោកយាយបានឲ្យចៅប្រុសនាំចុះចេញពីរថយន្តដោយប្រាប់ឲ្យចៅប្រុសទៅទិញក្រូចឲ្យហូប។ ចំណែកឯចៅប្រុសក៏បានដាក់ឲ្យលោកយាយដេកនៅក្នុងចំណតរថយន្តនោះរួចប្រញាប់ប្រញាល់រត់ទៅទិញក្រូចឲ្យលោកយាយហូប ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺមិនទាន់ទៅដល់កន្លែងលក់ក្រូចផង លោកយាយម្នាក់នោះបានស្លាប់បាត់បង់ជីវិតតែម្តង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ