ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុនសន្តិសុខឯកជន PSA នៅខេត្តព្រះសីហនុ កំពុងរងការចោទប្រកាន់យ៉ាងខ្លាំងពីសំណាក់មហាជនក៏ដូចជាជនរងគ្រោះដែលបានធ្វើឱ្យបាត់ម៉ូតូអស់ចំនួន៣គ្រឿង ក្នុងយប់តែមួយ ខណៈពេលដែលសន្តិសុខកំពុងយាមឱ្យផ្ទះសំណាក់យីហោ ឌី ឌី ម៉ាត ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោកអនុសេនីយ៍ទោ ខៀវ វុធថា នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ ក្រុងព្រះសីហនុ ឱ្យដឹងថា ក្នុងចំណោមម៉ូតូទាំង៣គ្រឿងដែលបានបាត់ កាលពីទៀបភ្លឺថ្ងៃទី១៧ សីហា ២០១២ នៅចំណុចមុខផ្ទះសំណាក់ឌីឌីម៉ាត បន្តបន្ទាប់គ្នានោះ គឺមានម៉ូតូមួយគ្រឿងជាកម្មសិទ្ធកូនប្រុសរបស់លោកដែលបានមករត់ម៉ូតូនៅទីនោះ ហើយចូលសំរាកនៅលើប៉ៅអីុក្នុងផ្ទះសំណាក់ដោយទុកម៉ូតូផ្ញើនឹងសន្តិសុខដែលយាមនៅមុខផ្ទះសំណាក់ រីឯម៉ូតូ២គ្រឿងទៀតជារបស់ភ្ញៀវស្នាក់នៅផ្ទះសំណាក់។ លោកបន្តថា ជនរងគ្រោះទាំង៣នាក់ដែលជាម្ចាស់ម៉ូតូ ១-ឈ្មោះខៀវ សុវណ្ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅក្រុមទី១២ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០០៨ គ្មានស្លាកលេខ ទី២-ឈ្មោះសុខ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅក្រុមទី៨ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០០៧ ទី៣-ឈ្មោះចេង អឹុម ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០០៩ បិទតែម២០១០ ។ ចំណែកសន្តិសុខដែលធ្វើឱ្យបាត់ម៉ូតូទាំង៣គ្រឿងនេះឈ្មោះអៀម សារ៉ាត់ ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បម្រើការងារឱ្យក្រុមហ៊ុនសន្តិសុខឯកជន PSA ដែលមានទីតាំងស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហន កំពុងត្រូវបានសមត្ថកិច្ចប៉ូលិសធ្វើការសួរនាំពាក់ព័ន្ធនឹងករណីនេះ។
ដោយឡែកសន្តិសុខឯកជនឈ្មោះអៀម សារ៉ាត់ បាននិយាយថា ក្នុងចំណោមម៉ូតូទាំង៣ដែលបាត់នោះមានតែម៉ូតូមួយគ្រឿងប៉ុណ្ណោះ ដែលមានសំបុត្ររបស់លោក ហើយចំពោះការបាត់ពីពេលណានោះលោកពុំបានដឹងទេ ព្រោះរវល់ទៅបត់ជើងមិនបាននៅយាមមុខផ្ទះសំណាក់ ហើយក៏ពុំដឹងថា មានម៉ូតូរហូតដល់៣គ្រឿងបានបាត់នៅយប់នោះដែរ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ