រាជធានីភ្នំពេញ ៖ រថយន្តម៉ាកមែរសឺដេសមួយគ្រឿងបើកដោយស្រ្តីម្នាក់បានបោះពួយយ៉ាងលឿនទៅដល់ផ្លូវបត់មិនទាន់ជ្រុលចង្កូតទៅបុករនាំងដែកចែកផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់៥ផ្ទាំង បន្ទាប់មកបានជ្រុលបន្តទៅបុករថយន្តម៉ាកស៊ីអ័រវីមួយគ្រឿងទៀតពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៦ សីហា ២០១២ នៅលើកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវលេខ២០០៤ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ រថយន្តម៉ាកមែរសឺដេសនោះ ពណ៌ខ្មៅ បើកដោយស្រ្តីម្នាក់មិនស្គាល់ឈ្មោះ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកស៊ីអ័រវី ពណ៌ទឹកប្រាក់ បើកដោយបុរសម្នាក់មិនស្គាល់ឈ្មោះដូចគ្នា។
តាមប្រភពបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តមែរសឺដេស១គ្រឿងនោះបើកតាមផ្លូវលេខ២០០៤ ពីត្បូងទៅជើងក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចភ្លើងស្តុបបានបត់ឆ្វេងឡើងទៅលើមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ខណៈនោះដោយសារតែបើកលឿនពេកបត់មិនទាន់ក៏ទៅបុករះរនាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់៥ផ្ទាំងដួលរេលពេញផ្លូវរួចកិនពីលើ ហើយជ្រុលទៅមុខបុករថយន្តម៉ាកស៊ីអ័រវីដែលកំពុងបើកបរក្នុងទិសដៅពីលិចទៅកើតពេញទំហឹងតែម្តង។ ក្រោយពេលកើតហេតុរថយន្តរងការខូចខាតទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់៕




ចែករំលែកព័តមាននេះ