រាជធានីភ្នំពេញ ៖ សមិទ្ធផលជាច្រើននៅក្នុងវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ត្រូវបានសម្ពោធ កាលពីព្រឹកថ្ងៃទី១៧ សីហា ២០១២ ក្រោមអធិបតីភាពលោកនុត ពុធដារ៉ា ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលខណ្ឌដង្កោ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅអធិការ និងព្រះសង្ឃក្នុងវត្ត លោកតិមា សោភា លោកប្រាជ្ញ សីហា ដែលជាអភិបាលរងខណ្ឌ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
សមិទ្ធផលដែលត្រូវសម្ពោធនាឱកាសនោះរួមមានកុដិ១ខ្នងសាងសង់ពីបេតុងប្រក់ក្បឿងទំហំ៦,៦ម៉ែត្រគុណនឹង២៣ម៉ែត្រមាន៥បន្ទប់ចំណាយអស់ថវិកាចំនួន២៥.៧៥០ដុល្លារ។ បន្ទប់ទឹក និងបង្គន់អនាម័យ៤បន្ទប់ចំណាយថវិកាអស់ចំនួន៣.៥០០ដុល្លារ កសាងរោងភត្តាហារទំហំ៤ម៉ែត្រគុណនឹង៨ម៉ែត្រអស់ថវិកាចំនួន៣.៥៥៣ដុល្លារ។ ចាក់ដីបំពេញទីធ្លាវត្តអស់ថវិកាចំនួន៧៧៥ដុល្លារជួសជុលកុដិ១ខ្នងទំហំ១០ម៉ែត្រគុណនឹង១៤ម៉ែត្រអស់ថវិកាចំនួន៥.០៥០ដុល្លារ និងដាក់បង្គោលភ្លើងចំនួន៣៥ដើមអស់ថវិកាចំនួន៤០.១៧៧ដុល្លារ។ លោកអឹុម សុគង់ ចៅសង្កាត់រងទី១ សង្កាត់សាក់សំពៅ បានថ្លែងឲ្យដឹងថា វត្តកំពង់ក្តុលនេះ មានអាយុកាល២៥៦ឆ្នាំ ហើយចាប់តាំងពីការកកើតមកវត្តនេះមានការគ្រប់គ្រងដោយព្រះចៅអធិការចំនួន១២អង្គហើយ។ កាលពីដើមឡើយវត្តនេះមានឈ្មោះថា វត្តកំពង់កោរដែលតាមការសន្និដ្ឋាន និងការនិយាយតៗគ្នាថា វត្តនោះ ស្ថិតនៅជាប់ស្ទឹង ហើយស្ទឹងនោះមានកំពង់ផែមួយដោយមានការដោះដូរទំនិញគ្នានៅទីនោះ កាលពីសម័យដើម និងមានការកេង ឬកោរតម្លៃទំនិញគ្នា ទើបគេហៅថា វត្តកំពង់កោរបែបនេះទៅ លុះក្រោយមកបានក្លាយទៅជាវត្តកំពង់ក្តុលវិញ រហូតមកដល់សព្វថ្ងៃនេះ។
នៅក្នុងឱកាសនោះលោកនុត ពុធដារ៉ា បានថ្លែងការកោតសសើរដល់ព្រះចៅអធិការ ព្រះសង្ឃ និងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ដែលបានរួបរួមគ្នាកសាងសមិទ្ធផលនានានៅក្នុងវត្តឲ្យលេចចេញជារូបរាងនាពេលនេះ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ