ក្រុងប៉ោយប៉ែត ៖ ប្រតិភូមកពីក្រសួងដឹកជញ្ជូន និងផ្លូវដែករដ្ឋរបស់ប្រទេសថៃចំនួន១២រូបបានចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១៦ សីហា ដើម្បីជួបជាមួយប្រតិភូកម្ពុជាចុះសិក្សារួមគ្នាលើគម្រោងតភ្ជាប់ផ្លូវដែកថ្មី ។ប្រតិភូទាំង២ខាងលើ ខាងកម្ពុជាដឹកនាំដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន អមដំណើរដោយមន្ត្រីមកពីក្រសួង និងស្ថាប័នមួយចំនួនទៀត ក្នុងនោះក៏មានវត្តមានលោកអ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យ និងលោកង៉ោ ម៉េងជ្រួនអភិបាលក្រុងប៉ោយប៉ែតផងដែរ ។
ចំណែកខាងភាគីថៃពុំត្រូវបានគេប្រាប់ឈ្មោះទេ គ្រាន់តែឱ្យដឹងថា ២នាក់មកពីក្រសួងដឹកជញ្ជូន និង១០នាក់មកពីក្រសួងគមនាគមន៍ និងដឹកជញ្ជូនផ្លូវដែករដ្ឋ។ ប្រតិភូមួយក្រុមនេះ ក្រោយពីមកដល់កម្ពុជា ក៏បានធ្វើដំណើររួមគ្នាជាមួយប្រតិភូកម្ពុជាចុះសិក្សាច្រកស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាលឈមនឹងច្រកណងអៀន ស្រុកអារញ្ញ ខេត្តស្រះកែវ ជាចំណុចដែលរដ្ឋាភិបាលនៃប្រទេសទាំង២មានគម្រោងបើកច្រកអន្តរជាតិថ្មី ។
បន្ទាប់ពីសិក្សានៅច្រកស្ទឹងបត់រួច ភាគីទាំង២បានធ្វើដំណើរទៅកាន់ខ្សែបន្ទាត់ព្រំដែនក្នុងភូមិអូរនាង និងពិនិត្យអតីតផ្លូវរថភ្លើងចាស់ដែលតភ្ជាប់ពីថៃក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ លោកអ៊ុក សុតា ប្រធានលេខាធិការដ្ឋានគ្រប់គ្រងសម្បទានផ្លូវដែកកម្ពុជាបានប្រាប់អ្នកយកព័ត៌មានថា ការចុះសិក្សាការតភ្ជាប់ផ្លូវដែកថ្មីនេះមិនមែនសម្រាប់ពេលនេះទេ គ្រាន់តែជាគម្រោងសម្រាប់ពេលអនាគតប៉ុណ្ណោះ ហើយក៏ជាផែនការសម្រាប់រយៈពេល១០ទៅ១៥ឆ្នាំខាងមុខដែរ ។ លោកអ៊ុក សុតា បន្តថា ការចុះសិក្សាគម្រោងតភ្ជាប់ផ្លូវដែកថ្មីនេះ ភាគីទាំង២ធ្វើឡើងដោយយោងទៅលើជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២នៅឯខេត្តសៀមរាបនាពេលកន្លងមក ដែលនាយករដ្ឋមន្ត្រីទាំង២ ពិសេសនាយករដ្ឋមន្ត្រីថៃចង់ឱ្យមានការតភ្ជាប់ផ្លូវដែកថ្មីមួយទៀតសម្រាប់ដឹកទំនិញ កាត់បន្ថយការកកស្ទះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ ផ្លូវដែកដែលបានតភ្ជាប់ពីថៃចំកន្លែងចាស់គឺសម្រាប់តែដឹកអ្នកដំណើរ ចំណែកឯការដឹកទំនិញនាពេលខាងមុខនឹងដឹកតាមផ្លូវដែកដែលតភ្ជាប់ថ្មី ។
នៅក្នុងការចុះសិក្សានេះ ភាគីទាំង២មានជម្រើស៣ ទី១- ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទី២- ច្រកស្ទឹងបត់ និងទី៣- ច្រកអូរនាង ។ ចំណែកច្រកអន្តរជាតិថ្មីស្ទឹងបត់-ណងអៀន ភាគីទាំង២នៅតែបន្តបើក ប៉ុន្តែអាស្រ័យលើក្រុមបច្ចេកទេសនិងទាក់ទងទៅនឹងព្រំដែនផងដែរ ទាល់តែគណៈកម្មការព្រំដែនប្រទេសទាំង២ដោះស្រាយចប់ ទើបដំណើរការ ៕




ចែករំលែកព័តមាននេះ