លោកប្រធានាធិបតីស៊ូស៊ីលូ បាមបាង យុតដូយ៉ូណូ របស់ឥណ្ឌូណេស៊ីថ្លែងថា ឥណ្ឌូណេស៊ីមានអំពើពុករលួយកើនឡើងសូម្បីតែនៅក្នុងសភា ។ លោកក្រើនរំលឹកថា អំពើពុករលួយជាគ្រោះថ្នាក់ដល់ការរីកចម្រើនលើវិស័យសេដ្ឋកិច្ចរបស់ប្រទេស។ អំពើទុច្ចរិតត្រូវបានសម្លឹងឃើញថា ជាឧបសគ្គរារាំងដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងលោកយុតដូយ៉ូណូ ធ្លាប់ទទួលការរិះគន់ថា ប្រតិបត្តិការលើការប្រឆាំងអំពើពុករលួយមានលក្ខណៈយឺតយ៉ាវ ខណៈពេលដែលលោកនៅសល់ពេលវេលាមិនដល់២ឆ្នាំមុនពេលបញ្ចប់ការដឹកនាំប្រទេសនៅក្នុងឆ្នាំ២០១៤ ស្របពេលដែលរឿងអាស្រូវស្តីពីការពុករលួយ បង្កើតភាពរង្គោះរង្គើរដល់គណបក្សប្រជាធិបតេយ្យជាគណបក្សដឹកនាំរដ្ឋាភិបាល ។
លោកយុតដូយ៉ូណូ បានថ្លែងនៅក្នុងសភានៅមុនពេលមានបុណ្យឯករាជ្យជាតិត្រូវនឹងថ្ងៃទី១៧ សីហាថា សង្គ្រាមបង្ក្រាបអំពើពុករលួយមិនគួរមានលក្ខណៈទន់ជ្រាយ អំពើទុច្ចរិតត្រូវកម្ចាត់ចោលទាំងស្រុង ។ លោកទទួលស្គាល់ថា អំពើទុច្ចរិតនៅតែរីករាលដាលទោះបីជានៅក្នុងរដ្ឋាភិបាល រដ្ឋសភា និងមន្ត្រីច្បាប់ ។ ការសហការគ្នារវាងអង្គការបង្ក្រាបអំពើពុករលួយ តុលាការ និងប៉ូលិសគឺជាទិសដៅដ៏សំខាន់ក្នុងការបង្ក្រាបអំពើពុករលួយ ។ ការបង្ហើបឱ្យដឹងលើតម្លៃខាតបង់ពីអំពើពុករលួយរបស់ឥណ្ឌូណេស៊ីនៅមិនទាន់មានរបាយការណ៍ និងក្រុមឃ្លាំមើលបញ្ជាក់ឱ្យដឹងថា ការស៊ីសំណូកកើតមានជាញឹកញាប់ក្នុងការទាក់ទងជាមួយមន្ត្រីរដ្ឋ ប៉ូលិស រួមទាំងប្រព័ន្ធតុលាការ ធ្វើឱ្យមុខជំនួញផ្សេងៗត្រូវខាតបង់លើថ្លៃចំណាយក្នុងដំណើរការកើនឡើង និងជាការកាត់បន្ថយការមានជំនឿលើប្រព័ន្ធច្បាប់់។
ឥណ្ឌូណេស៊ីនៅតែជាទីផ្សារកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដោយបានទទួលចំណាប់អារម្មណ៍ពីអ្នកវិនិយោគទុន ព្រោះជាទីផ្សារមានតម្រូវការខ្នាតធំ ដោយមានប្រជាជនច្រើនស្ថិតក្នុងលំដាប់ទី៤នៅលើពិភពលោក ។ មេដឹកនាំឥណ្ឌូណេស៊ីបានថ្លែងថា រដ្ឋាភិបាលនឹងត្រូវបង្កើតស្ថានភាពផ្នែកច្បាប់ផ្តល់ការគ្រប់គ្រងលើអ្នកវិនិយោគទុនប្រសិនបើត្រូវការលើកស្ទួយឱ្យវិស័យសេដ្ឋកិច្ចកើនឡើង ៕
ចែករំលែកព័តមាននេះ