រាជធានីភ្នំពេញ ៖ ប្រិយមិត្តដែលនិយមទស្សនាការប្រកួតក្បាច់ប្រដាល់បុរាណខ្មែរនាថ្ងៃអាទិត្យទី១៩ សីហា សប្តាហ៍នេះ ច្បាស់ជាជក់ចិត្តជាមិនខានដោយសារតែស្ថានីយទូរទស្សន៍បាយ័នបានសម្រិតសម្រាំងកីឡាករល្អៗដាក់ឱ្យប្រកួតសម្រាប់ទស្សនានាថ្ងៃចុងសប្តាហ៍នេះ ។ អ្វីដែលពិសេសនោះ គឺកីឡាករចិត្តធំមិនចេះខ្លាចគេឯង ឯម ខ្លឹមខ្មៅ មកពីក្លិបគ្រុឌមានជ័យ បានប្រកាសសុំសាកកណ្តាប់ដៃជាលើកដំបូងជាមួយកីឡាកររលកក្រោយផល សោភ័ណ មកពីក្លិបតាឡីដំរីមានឫទ្ធិ ដែលមហាជនភាគច្រើនឱ្យឈ្មោះថាអ្នកលេងដៃរហ័សជើងលឿន ។
នៅល្ងាចថ្ងៃអាទិត្យនោះ កីឡាករជើងខ្លាំងមួយចំនួននឹងបង្ហាញវត្តមានព្រមគ្នានៅលើសង្វៀនស្ថានីយទូរទស្សន៍បាយ័ន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមជ្ឈដ្ឋានមហាជនមានការងឿងឆ្ងល់នោះ គឺកីឡាករជើងខ្លាំង ឯម ខ្លឹមខ្មៅ មកពីក្លិបគ្រុឌមានជ័យស្ងាត់ៗស្រាប់តែសុំអ្នករៀបចំកម្មវិធីប្រដាល់ឡើងសង្វៀនប្រកួតជាមួយកីឡាករផល សោភ័ណ ដែលជាជើងខ្លាំងមិនធម្មតាម្នាក់ ទោះជាសោភ័ណ ដើរក្រោយខ្លឹមខ្មៅមួយជំហានក្នុងប្រវត្តិប្រដាល់ក្តី ។ ឆ្លងកាត់ការប្រកួតកន្លងមក អ្នកប្រដាល់ដៃរហ័សជើងលឿនធ្វើឱ្យគូប្រកួតពិបាកគេចផល សោភ័ណ ទើបតែដណ្តើមបានខ្សែក្រវាត់ពីកីឡាករជើងខ្លាំងវង្ស ណយ អ្នកប្រដាល់មកពីក្លិបកងពលតូចលេខ៣១ ថ្មីៗនេះ។ ការឈ្នះលើរៀមច្បងវង្ស ណយ របស់ផល សោភ័ណ នេះ បានធ្វើឱ្យមានការវិភាគថា វាមិនមែនជារឿងធម្មតាទេដែលសោភ័ណ ស្រាប់តែអាចទាញយកខ្សែក្រវាត់ពីជើងខ្លាំងមកពាក់បង្អួតមហាជន បង្កឱ្យមានការចាប់អារម្មណ៍ពីអ្នកគាំទ្រកីឡាប្រដាល់យ៉ាងខ្លាំង ។
ដូច្នេះការសុំសាកកណ្តាប់ដៃរបស់អ្នកប្រដាល់ចិត្តធំពូកែស៊ូ ឯម ខ្លឹមខ្មៅ ជាមួយផល សោភ័ណ អ្នកប្រដាល់មកពីក្លិបតាឡីដំរីមានឫទ្ធិ ក៏មិនស្រួលពេកដែរ ដោយសារតែសោភ័ណ មានប្រវត្តិប្រកួតល្អរហូតធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍កត់ចំណាំចាត់បញ្ចូលជាអ្នកប្រដាល់មានឈ្មោះល្បីគួរសមនៅក្នុងពិភពប្រដាល់ ។ ផល សោភ័ណ មានចំណុចពិសេសត្រង់វាយរហ័ស បើដៃគូស្ទើរៗច្បាស់ជាត្រូវគេលេងម៉ាចាស់ដៃមិនខាន ចំណែកឯ ឯម ខ្លឹមខ្មៅ វិញ ក៏ល្បីឈ្មោះណាស់ដែរ និងទើបតែប្រកួតឈ្នះកីឡាករវ៉ាន់ ចាន់វៃ មកពីក្លិបព្រះខ័នរាជដោយពិន្ទុ កាលពីពេលកន្លងទៅ។ ចំណុចពិសេសរបស់ខ្លឹមខ្មៅ គឺពូកែខាងការប្រមូលកម្លាំងចិត្តជាធំ ហើយស៊ូនឹងការប្រកួតមិនចេះខ្លាចអ្នកណា និងពូកែប្រើជង្គង់ កែង បើកណ្តាប់ដៃវិញមិនប៉ុន្មានទេ ។ ទោះជាយ៉ាងណាក៏ដោយ ទាំងខ្លឹមខ្មៅទាំងសោភ័ណមិនអាចចេះតែអួតរៀងៗខ្លួនបានទេ ឯការចង់កាច់បំបាក់គ្នាក៏មិនស្រួលដែរ ដូច្នេះការប៉ះគ្នាលើកទីមួយនេះមិនទាន់ដឹងថាយ៉ាងណាទេ មានតែរង់ចាំមើលប៉ុណ្ណោះ ។
ដោយឡែកជំនួបសងសឹកមួយគូទៀតក៏រឹតតែអស្ចារ្យដែលអ្នកមើលគិតថាល្អមើលដែរនោះ គឺជាការជួបប្រកួតរវាងកីឡាករទី ពន្លែត មកពីក្លិបសឹករងខេត្តសៀមរាប និងកីឡាករផាន់ គ្រាន់ មកពីក្លិបគជសារកីឡា ។ គុណវិបត្តិរបស់កីឡាករទី ពន្លែត គឺមិនសូវចេះប្រមូលអារម្មណ៍ឱ្យល្អ ឆាប់ឆេវឆាវវាយចេញយឺត និងនិយមប្រើកម្លាំងបាយវាយសន្ធាប់លើគូប្រកួត តែទីបំផុតបានត្រឹមល្អមើលនៅដើមទឹកដំបូងដល់ចុងទឹកយ៉ាប់មើលមែនទែន ដូច្នេះមិនទាន់ដឹងថា ម្តងនេះល្អមើលក្នុងសភាពបែបណាទេ ជាមួយផាន់ គ្រាន់ ។
ចំណែកឯកីឡាករផាន់ គ្រាន់ មកពីក្លិបគជសារកីឡា បានយកឈ្នះទី ពន្លែត ដោយពិន្ទុ បន្ទាប់ពីបានប៉ះគ្នាមួយឈុតកាលពីពេលកន្លងមក ។ ផាន់ គ្រាន់ ជារលកក្រោយទេ ប៉ុន្តែកីឡាកររូបនេះ មានស្នៀតប្រដាល់ល្អពូកែអត់ធ្មត់មិនចេះចុះចាញ់ដៃគូដោយងាយឡើយ ។ ការប៉ះគ្នាសាជាថ្មីនេះ ប្រសិនបើ ផាន់ គ្រាន់ ចេះប្រើយុទ្ធសាស្ត្រធ្វើចិត្តស្ងប់ដូចមុនអាចមានសង្ឃឹមឈ្នះ ប៉ុន្តែមិនមែនចេះតែខំធ្វើចិត្តធ្ងន់ឈ្នះបានទេ បើមិនខំហ្វឹកហាត់ និងរិះរកបច្ចេកទេសថ្មីៗសម្រាប់ផ្តួលដៃគូនោះ ។
បន្ថែមពីលើគូពិសេសជក់ចិត្តខាងលើ ក៏មានគូល្អៗផ្សេងទៀតដែរ ដូចជាកីឡាករឈិន ខ្វាន់ង៉ុយ មកពីក្លិបមកុដរាជ្យ ប្រកួតជាមួយកីឡាករចំរើន ស្រ៊ុន មកពីក្លិបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ដែលគូនេះមិនដែលប៉ះគ្នាទេ នេះជាឱកាសដែលពួកគេបង្ហាញថ្វីដៃសម្រាប់ឆក់អារម្មណ៍អ្នកទស្សនា ។ ឯគូចុងក្រោយគឺកីឡាការិនីម៉ន ស្រីម៉ាច មកពីក្លិបព្រែកឯងកីឡា ប្រកួតជាមួយកីឡាការិនីសាំង គន្ធា មកពីក្លិបអេភូថងកីឡា ។ អ្នកទាំងពីរនេះក៏មិនដែលសាកកម្លាំងគ្នាដែរ ហើយនេះជាលើកទីមួយទើបគេមិនដឹងថា នរណាខ្លាំងជាងនរណា ដូច្នេះមានតែរង់ចាំតាមដានទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ