ខេត្តរតនគិរី ៖ អ្នកចែកចាយគ្រឿងញៀន ពីរនាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានកិច្ចសហការពីលោករស់ សារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកផែន ឌីណា នាយការិយាល័យកណ្តាលនគរបាលយុត្តិធម៌នៃស្នងការដ្ឋានខេត្ត និងលោកឯម វុន អធិការក្រុងបានលុងបានដឹកនាំកងកម្លាំងឡោមព័ទ្ធបង្ក្រាប និងឃាត់ខ្លួនជនធ្វើសកម្មភាពចែកចាយគ្រឿងញៀន កាលពីថ្ងៃទី២៨ មីនា នៅចំណុចក្បែររបងទីបញ្ជាការវរសេនាតូចលេខ៧៩ ក្នុងភូមិ២ សង្កាត់ឡាបានសៀក ក្រុងបានលុង ។
លោកឯម វុន អធិការក្រុងបានលុងបានឱ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានកំពុងធ្វើសកម្មភាពនោះ ម្នាក់ឈ្មោះពៅ វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះអោក ពៅ ភេទប្រុស អាយុ១៥ឆ្នាំ ពួកគេរស់នៅក្នុងភូមិ២ សង្កាត់ឡាបានសៀក ហើយត្រូវបានយកមកឃុំខ្លួននៅអធិការដ្ឋានក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។ លោកអធិការបន្តថា ក្នុងពេលធ្វើសកម្មភាពនោះ កងកម្លាំងបានធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញថ្នាំញៀនចំនួន១៥គ្រាប់ សំភារឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត ហើយរឹបអូស ទុកជាវត្ថុតាង ។
ជាការកត់សម្គាល់ រាល់ពេលធ្វើការបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាច្រើនលើកកន្លងមក គឺធ្វើបានតែចំពោះទ្រង់ទ្រាយតូចតាចប៉ុណ្ណោះ ចំពោះមេខ្លោងពុំទាន់មានការបង្ក្រាបបាននៅឡើយ ។ តែមានការរំពឹងទុកថា ពេលណាចាប់បានក្រុមអ្នកចែកចាយ ហើយមេខ្លោងពិតជារកមុខឃើញមិនខាន ៕
ចែករំលែកព័តមាននេះ