ខេត្តបន្ទាយមានជ័យ ៖ រថយន្តកាមរីស៊េរី ៩៥ ពណ៌សម្បកឪឡឹកមួយគ្រឿងបើកដោយបុរស៣នាក់ ចេញពីផឹកសីុស្រវឹងធ្លាក់ភ្នែកក្នុងល្បឿនលឿនក៏ហោះចូលប្រឡាយក្បែរផ្លូវក្រឡាប់ផ្ងារជើងឡើងលើ តែមិនបង្កឱ្យមនុស្សគ្រោះថ្នាក់ឡើយ ។ ហេតុការណ៍នេះកើតឡើងតាមបណ្តោយផ្លូវជាតិលេខ១៦៩ ចំណុចភូមិគោកអំពិល ឃុំអូរប្រាសាទ ស្រុកមង្គលបុរី វេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៦ សីហា ។
លោកហ៊ីង ហាន នាយផ្នែកចរាចរណ៍ស្រុកមង្គលបូរី ឱ្យដឹងថា នៅពេលទទួលព័ត៌មានពីប៉ូលិសប៉ុស្តិ៍ឃុំអូរប្រាសាទ ប៉ូលិសជំនាញបានចុះទៅពិនិត្យឃើញតែរថយន្តធ្លាក់ក្នុងទឹកប្រឡាយផ្ងារជើងទ្រមេឃ តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសឡើយ ។ រថយន្តខាងលើម៉ាកកាមរីចង្កូតឆ្វេង សេ៊រី១៩៩៥ ពណ៌សម្បកឪឡឹក បើកបរដោយបុរសម្នាក់ឈ្មោះតូច ថា អាយុ២៨ឆ្នាំ រស់នៅភូមិប្រឡាយចារ ឃុំចមណោម ស្រុកមង្គលបូរី និងមានបុរស២នាក់ទៀតរួមដំណើរជាមួយ ។ លោកហ៊ីង ហាន បានបន្តថា តាមសម្តីម្ចាស់រថយន្ត បានប្រាប់ថា មុនពេលកើតហេតុ គេជិះរថយន្តមានគ្នា៣នាក់ចេញពីផឹកស៊ីបំណងត្រឡប់ទៅផ្ទះវិញ ខណៈមេឃកំពុងធ្លាក់ភ្លៀង ពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តបែកកង់ខាងឆ្វេងក៏រេចង្កូតរអិលធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងទ្រមេឃតែម្តង ។
លោកហ៊ីង ហាន បញ្ជាក់ថា ក្រោយពេលវាស់វែងរួចសមត្ថកិច្ចស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយ ព្រោះអ្នកបើកបរមានជាតិស្រវឹង និងបើកបរក្នុងល្បឿនលឿនខុសច្បាប់ចរាចរណ៍ ៕


ចែករំលែកព័តមាននេះ