រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រ២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឱ្យរថយន្តកុងតឺន័រមួយគ្រឿងម៉ាកនីស្សាន់រងការខូចខាតយ៉ាងដំណំ ។ ការបុកគ្នានេះកើតមានខណៈរថយន្តកុងតឺន័រម៉ាកនីស្សាន់វ៉ារថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងហើយងាកទៅបុកចំទ្វាររថយន្តកុងតឺន័រមួយគ្រឿងទៀតម៉ាកមីតស៊ុយប៊ីស៊ី ដែលកំពុងបើកបញ្រ្ចាសទិសគ្នា ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៦ សីហា នៅមុខផ្ទះលក់គ្រឿងសំណង់យីហោទេព សោភ័ណផ្ទះលេខ៤៣៩A ផ្លូវជាតិលេខ៥ ភូមិទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។
តាមសាក្សីនៅកន្លែងកើតេហតុ បានឱ្យដឹងថា នៅមុនពេលកើតេហតុ គេឃើញរថយន្តដឹកកុងតឺន័រម៉ាកនីស្សាន់ ពណ៌ខៀវ មួយគ្រឿង បានធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន ។ នៅពេលធ្វើដំណើរមកដល់កន្លែងកើតហេតុក៏បានបើកវ៉ា រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង ដែលធ្វើដំណើរពីមុខ ។ សាក្សីបន្តថា នៅពេលបើកវ៉ាក៏បានប៉ះរថយន្តក្រឡុកស៊ីម៉ង់ត៍ ហើយអ្នកបើកបររថយន្តកុងតឺន័របានជាន់ហ្វ្រាំង និងទាញ ចង្កូតទៅខាងឆ្វេងដៃចូលចំណែកផ្លូវម្ខាងក៏បុកចំទ្វាររថយន្តដឹកកុងតឺន័រមួយគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឱ្យរថយន្តកុងតឺន័រម៉ាកនីស្សាន់ដែលបុកគេនោះកៀបជាប់នឹងរថយន្តកុងតឺន័រមួយគ្រឿងទៀតបត់ក្បាលថយក្រោយបណ្តាលឱ្យរយះកាប៊ីនខូចខាតមួួយកំណាត់មុខស្ទើរទាំងស្រុង ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តកុងតឺន័របង្ករួមជាមួយព្រូម្នាក់បានចុះពីរថយន្តទាំងព្រលឹងចុងសក់ដោយពុំមានរងរបួសឡើយហើយគេចខ្លួនបាត់ ។ នៅពេលកើតមានគ្រោះថ្នាក់រថយន្តកុងតឺន័រ ពីរគ្រឿងបុកគ្នាបែបនេះធ្វើឱ្យផ្លូវជាតិលេខ៥មានការកកស្ទះចរាចរណ៍រាប់មោ៉ោង ហើយប៉ូលិសខណ្ឌឫស្សីកែវ បានសម្រួលចរាចរណ៍ដោយបង្វែរឱ្យយានយន្តធ្វើដំណើរ ទៅតាមផ្លូវលេខ៥៩៨វិញ ។
តាមអ្នកបើកបររថយន្តកុងតឺន័រម្ខាងទៀត មិនប្រាប់ឈ្មោះបានឱ្យដឹងថា រថយន្តដឹកកុងតឺន័ររបស់ខ្លួនមា៉ាក មីតស៊ុយប៊ីសុីដឹកទំនិញពីកំបូលធ្វើដំណើរតាមផ្លូវទំនប់កប់ស្រូវហើយបត់តាមផ្លូវជាតិលេខ៥ក្នុងគោលបំណងយកទៅដាក់នៅកំពង់ផែស្វយ័តក្រុងភ្នំពេញ ។ នៅេពលធ្វើដំណើរមកដល់កន្លែងកើតហេតុស្រាប់តែរថយន្តដឹកកុងតឺន័រមួយគ្រឿងទៀតដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាបានប៉ះគ្នាជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍ហើយជាន់ហ្រ្វាំងប្រថុចញ៉ុចក៏រេចង្កូតទៅបុកចំទ្វាររថយន្តរបស់ខ្លួនបណ្តាលឱ្យបែកកញ្ចក់ ក្រពឹតទ្វារនិងបែកកង់រថយន្តថែមទៀត ។
បន្ទាប់ពីមានគ្រោះថ្នាក់កើតឡើងប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោកបានចុះទៅដល់កន្លែងកើតហេតុហើយក្រុមហ៊ុនធានារ៉ាប់រងរថយន្តទាំងពីរគ្រឿងបានចេញមុខដោះស្រាយដោយភាគីខាងរថយន្តកុងតឺន័រ ម៉ាកនីស្សាន់សុំស្មើគ្នាព្រោះរថយន្តខ្លួនរងការខូចខាតយ៉ាងដំណំ ។ ទោះបីជាយ៉ាងណា ភាគីរថយន្តម៉ាក មីតស៊ុយប៊ី៊សីុ ពុំសុខចិត្ត ។ ដោយដោះស្រាយគ្នាមិនត្រូវ រថយន្តទាំងពីរគ្រឿងត្រូវបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយបន្ត ។ ទម្រាំតែចាត់ចែងយករថយន្តនេះចេញពីកន្លែងកើតហេតុ បណ្តាលឱ្យកកស្ទះចរាចរណ៍អស់រយៈេពលប្រមាណជិត៤ម៉ោង ។
ករណីរថយន្តកុងតឺន័របុករថយន្តកុងតឺន័រនេះ កម្រកើតមានណាស់ ។ ករណីនេះបណ្តាលមកពីភាពគឃ្លើនរបស់អ្នកបើកបររថយន្តធុនធំប្រភេទនេះដែលបើកបរទាំងបំពាននិងខ្វះការប្រុងប្រយ័ត្ន ។ តួរថយន្តធំផ្លូវចង្អៀតគ្រាន់តែរថយន្តស្ទើរពេញលើផ្លូវទាំងមូលទៅហើយនៅឆ្លៀតវ៉ាគេទៀត ចំជាគឃ្លើនមែន ។ នេះសំណាងហើយដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។ បើនៅតែយ៉ាងនេះគ្រោះថ្នាក់ចរាចរណ៍នឹងនៅតែជាបញ្ហាគួរឱ្យបារម្ភ តើសមត្ថកិច្ចចរាចរណ៍គួរចាត់វិធានការយ៉ាងណា? ៕



ចែករំលែកព័តមាននេះ