សារព័ត៌មានបរទេសផ្សាយឱ្យដឹងថាមជ្ឈដ្ឋានប្រកួតបវរកញ្ញារបស់អីុតាលីបានបង្កើតលក្ខណៈដ៏ចម្លែកមួយ ក្រោយពីគណៈកម្មការរៀបចំការប្រកួតបវរកញ្ញាបានប្រកាសហាមអ្នកចូលប្រកួតស្លៀកពាក់ឈុតប៊ីគីនី ក្នុងបំណងបង្កើនក្រមសីលធម៌ដល់ការប្រកួតដោយសង្កត់ធ្ងន់ទៅលើសម្រស់ផ្នែកខាងក្រៅ និងខាងក្នុងមានសារសំខាន់ដូចគ្នា ។ សម្រាប់ឈុតប្រកួតនឹងយកលំនាំតាមឈុតក្នុងឆ្នាំ១៩៥០គឺជាយុគសម័យប្រវត្តិសាស្ត្ររបស់ស្ត្រីអីុតាលី ដែលទទួលការគោរពដ៏ខ្ពង់ខ្ពស់រហូតដល់ពេលបច្ចុប្បន្ន ។
គណៈកម្មការរៀបចំការប្រកួតបវរកញ្ញាអីុតាលី ឱ្យដឹងថា «ឈុតនៃការតុបតែងកាយរបស់យើងនឹងផ្តោតជាសំខាន់ទៅលើសម្រស់ស្ត្រីភេទ និងពីមួយឆ្នាំទៅមួយឆ្នាំយើងបានច្នៃប្រឌិតឈុតជាមិត្តនឹងបរិស្ថាន ដើម្បីឱ្យអ្នកចូលរួមប្រកួតមានចំណែកជួយទ្រទ្រង់ដល់បរិស្ថាន » ។
ក្រៅពីនេះគណៈកម្មការរៀបចំបវរកញ្ញាអីុតាលីថែមទាំងយកលំនាំតាមយុគសម័យមុនដោយអញ្ជើញលោកស្រីថារ៉ា គន្ធី ជាចៅរបស់លោកមហាត្មៈ គន្ធី ចូលរួមជាតំណាងពិសេស នៅក្នុងគណៈកម្មការ ព្រោះលោកស្រីជាមនុស្សដែលយល់ច្បាស់ពីភាពស្រស់ស្អាតទៅតាមវ័យ និងជាអ្នកត្រួសត្រាយផ្លូវ រួមទាំងយល់ពីតួនាទីនោះ ៕


ចែករំលែកព័តមាននេះ