ខេត្តឧត្តរមានជ័យ ៖ ក្រុមសមត្ថកិច្ចថៃដែលបម្រើការងារនៅមាត់ច្រកទា្វរអន្តរជាតិជាំសាងាំ បានទម្លាក់ទង់ជាតិនិងរូបសញ្ញាព្រះរាជវាងចេញវិញហើយ កាលពីរសៀលថ្ងៃទី១៥ សីហា បន្ទាប់ពីសមត្ថកិច្ចកម្ពុជាធ្វើការរារាំង ។
មន្ត្រីបម្រើការងារនៅមាត់ច្រកទា្វរអន្តរជាតិជាំសាងាំបានឱ្យដឹងថា លោកឧត្តមសេនីយ៍ទោនួន នៅ មេបញ្ជាការរងយោធភូមិភាគទី៥ប្រចាំទិសស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទ បានជួបជាមួយសមត្ថកិច្ចថៃនៅមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ ហើយព្រមានសមត្ថកិច្ចថៃថា រូបសញ្ញារាជវាំងនិងទង់ជាតិដែលដាក់ដំឡើងនៅក្បែរមាត់ច្រកទា្វរនោះសូមឱ្យខាងភាគីថៃទម្លាក់វិញព្រោះព្រំដែនមិនទាន់កំណត់ច្បាស់លាស់នៅឡើយទេ តែបើមិនទម្លាក់ទេខាងភាគីកម្ពុជានឹងសាងសង់កន្លែងបម្រើការងាររឹងមាំនិងដាក់ទង់ជាតិដូចខាងភាគីថៃដែរ ។ បន្ទាប់ពីបានព្រមានបែបនេះខាងភាគីថៃក៏បានយល់ព្រមទម្លាក់រូបសញ្ញារាជវាំង និងទង់ជាតិរបស់ខ្លួនវិញនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៥ សីហា ឆ្នាំ២០១២ ។
លោកឧត្តមសេនីយ៍ទោនួន នៅ បានឱ្យកោះសន្តិភាពដឹងតាមរយៈទូរស័ព្ទនាថ្ងៃទី១៥ សីហា ថា លោកបានទៅជួបជាមួយសមត្ថកិច្ចថៃហើយព្រមានថា បើថៃមិនទម្លាក់រូបសញ្ញារាជវាំងនិងទង់ជាតិរបស់ខ្លួនទេ នោះកម្ពុជានឹងកសាងអ្វីៗក៏បាន ហើយខាងភាគីថៃមិនអាចរារាំងបានទេ ។ បន្ទាប់ពីមានប្រតិកម្មបែបនេះភាគីថៃក៏បានយល់ព្រមទម្លាក់រូបរាជវាំង និងទង់ជាតិព្រមទាំងដកកូនឈើដែលដាំនៅក្បែរមាត់ច្រកទ្វារអន្តរជាតិជាំសាងាំចេញចម្ងាយ២០០ម៉ែត្រផងដែរ ៕
ចែករំលែកព័តមាននេះ