ខេត្តព្រះសីហនុ ៖ ស្របពេលដែលប្រទេសកំពុងអភិវឌ្ឍលើគ្រប់វិស័យនាប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុក៏កំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លាលើគ្រប់វិស័យដែរ ជាពិសេសគឺវិស័យទេសចរណ៍ ធ្វើឱ្យខេត្តព្រះសីហនុមានតម្រូវការសម្ភារ ចំណីអាហារ ផ្លែឈើ បន្លែ ត្រីសាច់ មានការកើនឡើង ។
លោកស្រី ហែម ផល្លា អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រះសីហនុ បានឱ្យដឹងថា សម្រាប់ខេត្តព្រះសីហនុ គិតត្រឹមឆមាសទី១ ដើមឆ្នាំ២០១២នេះ តម្រូវការទីផ្សារលើផ្នែកសាច់សត្វពាហនៈ ដែលរួមមានគោ ក្របី ជ្រូក នោះហាក់បីដូចជាមានការថមថយបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១១ ។ តម្រូវការសាច់គោមានចំនួន៤២៨ក្បាល លើ៦២៨ក្បាល តម្រូវការសាច់ជ្រូកមានចំនួន៤.៣០៦ក្បាល លើ៦.៧០៧ក្បាល ប៉ុន្តែតម្រូវការសាច់មាន់ សាច់ទា ហាក់មានការហក់ឡើងយ៉ាងខ្លាំង ក្នុងនោះតម្រូវការសាច់មាន់មានចំនួន៩៩.៣៥០ក្បាល លើ៧៤.៨៦៥ក្បាល និងទា មានចំនួន៣១.៥០០ក្បាល លើ៣១.២៥០ក្បាល បើធ្វើការប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១១ ។
ចំពោះហេតុផលនៃការថយចុះតម្រូវការលើសាច់គោ និងជ្រូកនោះ គឺបណ្តាលមកពីនៅដើមឆ្នាំ២០១២នេះ ប្រជាពលរដ្ឋជាច្រើនបានដកការទុកចិត្តលើការបរិភោគសាច់គោ និងសាច់ជ្រូក ព្រោះពួកគាត់យល់ឃើញថា សាច់ជ្រូកសព្វថ្ងៃប្រើចំណីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព ដូចនេះទើបពួកគាត់បែរមកបរិភោគសាច់ត្រី គ្រឿងសមុទ្រ និងសាច់មាន់ សាច់ទាវិញ ។ លោកស្រីបន្តថា ចំពោះក្រុងព្រះសីហនុ តម្រូវការសាច់គោ ជ្រូក មាន់ ទា ជាមធ្យមគោចំនួន៤ក្បាល ក្នុង១ថ្ងៃ និងជ្រូកចំនួន៣៧ក្បាលក្នុង១ថ្ងៃ ក្របី១សប្តាហ៍មួយក្បាល មាន់ចំនួន៥៥១ក្បាល ក្នុង១ថ្ងៃ និងទាចំនួន១៧០ក្បាលក្នុង១ថ្ងៃ ។
តាមប្រភពពីឈ្មួញកណ្តាលដែលដើរទិញគោ ជ្រូកចូលកុងស៊ីវិញបាននិយាយថា បើប្រៀបធៀបឆ្នាំ២០១២ គិតតែក្នុងក្រុងព្រះសីហនុ មួយប៉ុណ្ណោះ គឺតម្រូវការសាច់គោមានរហូតដល់ពី៧ទៅ១០ក្បាល ឯជ្រូកមានចំនួនពី៤០ទៅ៥០ក្បាលឯណោះ នេះបើពិនិត្យលើភាពជាក់ស្តែង ព្រោះអ្នកកាប់គោនិងជ្រូកមានច្រើនម្ចាស់ ៕


ចែករំលែកព័តមាននេះ