ខេត្តមណ្ឌលគិរី ៖ សកម្មភាពលួចចូលកាប់ឈើនាងនួន ធ្នង់ ក្នុងដែនអភិរក្សស្រុកកែវសីមា កាន់តែមានភាពអនាធិបតេយ្យពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជាមានបំរាមហាមឃាត់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលទៅលើមន្រ្តីមានសមត្ថកិច្ចដែលមានភារកិច្ចការពារលើដែនគ្រប់គ្រងរបស់ខ្លួនក៏ដោយក៏សកម្មភាពកាប់ឈើនៅតែកើតមានឡើងដដែល។ សកម្មភាពកាប់ឈើជាបន្តបន្ទាប់នេះមិនអាចធានារក្សាការពារធនធានធម្មជាតិឲ្យបានគង់វង្សយូរអង្វែងជាកេរដំណែលសម្រាប់មនុស្សជាតិជំនាន់ក្រោយបានឡើយ ហើយរឹតតែមិនអាចបង្ហាញដល់ពិភពលោកថា ប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយសម្បត្តិធម្មជាតិព្រៃឈើខៀវស្រងាត់បាននោះដែរ។
ប្រភពព័ត៌មានឱ្យដឹងថា ជារៀងរាល់យប់មានឡានដឹកឈើប្រណីតប្រភេទនាងនួន និងធ្នង់ជាច្រើនគ្រឿងត្រូវបានដឹកចេញពីទឹកដីស្រុកអូររាំង និងស្រុកកែវសីមា លួចឆ្លងដែនទៅប្រទេសជិតខាង ដែលសម្មភាពទាំងអស់នេះត្រូវបានគេចាត់ទុកថា ជាអំពើក្បត់ជាតិមិនអាចអត់អោនឲ្យបានឡើយ។ ជាក់ស្តែងប្រមាណជិតមួយខែនេះនៅត្រង់ចំណុចទីស្នាក់ការរងគីឡូម៉ែត្រលេខ១៦៤ តំបន់អភិរក្សជីវចម្រុះសីមា ត្រូវបានប្រភពប្រាប់ថា នៅអមសងខាងផ្លូវជាតិមានឮសូរសំឡេងម៉ាស៊ីនត្រង់ស៊ីន័រអារឈើលាន់ឮកងរំពងពេញព្រៃជាប់ទីស្នាក់ការតែម្តង។ បើតាមប្រភពពីសមត្ថកិច្ចបានខ្សឹបប្រាប់ថា ក្នុងរយៈពេល១ខែនេះ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលត្រូវដាក់មកល្បាតការពារព្រៃឈើជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើត្រូវបានគេដកប្រធានយកទៅបញ្ឈរជើងមួយរយៈ ទើបបានជាមានសកម្មភាពចូលអារឈើយ៉ាងគគ្រឹកគគ្រេងបែបនេះ។
មន្រ្តីអាជ្ញាធរស្រុកកែវសីមា មួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា នៅពេលយប់មានរថយន្តស៊េរីទំនើបៗ៣ទៅ៥គ្រឿងបានឈប់ចតតាមបណ្តោយផ្លូវជាតិលេខ៧៦A ចាប់ពីមុខអធិការដ្ឋាននគរបាលស្រុកកែវសីមា ចាំរាប់ក្បាលឡានយកលុយ ដែលតាមការឲ្យដឹង គឺមានសមត្ថកិច្ចចម្រុះដូចជាអាវុធហត្ថស្រុក អាវុធហត្ថផ្ទៃប្រទេស នគរបាលស្រុក ប៉ូលិសសេដ្ឋកិច្ចខេត្ត ប៉ូលិសសេដ្ឋកិច្ចក្រសួង និងមន្ត្រីយោធាផងដែរ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ