ខេត្តបាត់ដំបង ៖ ការបរាជ័យផ្ទួនៗរបស់កីឡាករជើងខ្លាំងប្រចាំក្លិបយុវកីឡាខេត្តបាត់ដំបង លោកយុគ យក្សគីល បានរុញឱ្យកីឡាកររូបនេះបាក់ស្រុតប្រជាប្រិយភាពអស់មួយសន្ធឹកធំ ប៉ុន្តែក្នុងន័យស្តារមុខមាត់សាជាថ្មីឡើងវិញ លោកបានបញ្ជាក់ដោយមុតមាំថានឹងពុះពារកែប្រែមុខមាត់មួយនេះម្តងទៀត ដោយមិនបណ្តោយឱ្យកេរ្តិ៍ឈ្មោះដែលធ្លាប់ទទួលរងការបាក់ស្រុតរហូតកែខៃលែងឡើងទៀតឡើយ ។
យុគ យក្សគីល គឺជាកីឡាករជើងខ្លាំងដែលធ្លាប់ធ្វើឱ្យរញ្ជួយសង្វៀនប្រដាល់គ្រប់ការប្រកួតរួចមកហើយចាប់តាំងពីលោកមានឈ្មោះបោះសំឡេងក្នុងនាមជាកីឡាករប្រដាល់ ។ មិនបូកបញ្ចូលការប្រកួតរាយរង កីឡាកររូបនេះចេញប្រកួតមិនតិចជាង៨០ដងឡើយ ដោយក្នុងនោះគឺមានតែ៩លើកប៉ុណ្ណោះដែលលោកបានស្គាល់ការបរាជ័យ ។ ជាក់ស្តែងក្រោយពីផ្តួលកីឡាករជនជាតិបារាំងឈ្មោះស៊ូគិ កាលពីខែកក្កដា ឆ្នាំ២០១០ ឱ្យសន្លប់ក្នុងទឹកទី២ គឺរឹតតែរុញឱ្យលោកក្លាយខ្លួនជាកីឡាករល្បីឈ្មោះដែលរហូតមកទល់ពេលនេះ មិនទាន់មានកីឡាករបរទេសណាម្នាក់ចេញមុខមកប្រកួតជាមួយលោកនៅឡើយទេ ។ ប៉ុន្តែក្រោយពីការប្រកួតចាញ់ប៉ុន្មានលើកចុងក្រោយបានធ្វើឱ្យលោកត្រូវគេប្តូរឈ្មោះពីកីឡាករជើងខ្លាំងមកជាកីឡាករធ្វើឱ្យអ្នកសេ្នហាប្រដាល់ខកចិត្តវិញ ទើបធ្វើឱ្យលោកហាក់ស្ងប់ស្ងាត់ខុសប្លែកពីមុន ។
ជាក់ស្តែងការចាញ់ពិន្ទុកីឡាករវ៉ន វីវ៉ា កាលពីថ្ងៃទី១៤ កក្កដា កន្លងទៅ គឺរឹតតែរុញឱ្យលោកបាត់បង់ប្រជាប្រិយភាពស្ទើរមិនគួរឱ្យជឿ ។ ទោះបីជាយ៉ាងណា យុគ យក្សគីល បានអះអាងថា ជាមួយនឹងបទពិសោធន៍ចាញ់ប៉ុន្មានលើកជាប់ៗគ្នានេះបានធ្វើឱ្យលោកភ្ញាក់ខ្លួនប្រឹងពុះពារសាជាថ្មីមិនឱ្យស្នាដៃដែលលោកធ្លាប់ទទួលបន្តបាក់ស្រុតទៀតទេ ។លោកបានឆ្លើយឆ្លងជាមួយអ្នកយកព័ត៌មានកោះសន្តិភាពកាលពីពេលថ្មីៗថា មូលហេតុដែលលោកមិនបានលទ្ធផលល្អក្នុងការប្រកួតលើកចុងក្រោយ គឺដោយសារតែលោកមានបញ្ហាផ្ទាល់ខ្លួន ហើយមិនបានធ្វើការហ្វឹកហាត់ឱ្យបានជាប់លាប់ ។ លោកនិយាយថា «ការប្រកួតមិនល្អសម្រាប់២-៣លើកចុងក្រោយមិនមែនខ្ញុំមិនប្រឹងនោះទេ ប៉ុន្តែមកពីកាលនោះខ្ញុំខ្លួនឯងឧស្សាហ៍ឈឺផង ហើយបញ្ហាជីវភាពខ្ញុំមានសម្ពាធទៀត»។
លោកបញ្ជាក់ថា ថ្វីដ្បិតលោកបានក្លាយជាគ្រូបង្វឹកប្រចាំក្លិបខេត្តបាត់ដំបង ប៉ុន្តែការងារដែលលោកកំពុងទទួលនោះ គឺអត់បានទទួលប្រាក់កម្រៃទេ ។ អីុចឹងហើយទើបត្រូវបង្ខំចិត្តចេញធ្វើការរកកម្រៃពីអាជីពផ្សេង ដោយការប្រើកម្លាំងស្ទើរតែបាក់កម្លាំងដែលពិបាកឱ្យលោកទទួលជ័យជម្នះ ។ ស្របគ្នាដែលលោកចង់បានប្រាក់ក្នុងពេលមានការទាក់ទងឱ្យលោកឡើងប្រកួតផងនោះ ទើបលោកបានត្រឹមតែឈប់ធ្វើការ២-៣ថ្ងៃចូលហាត់ ហើយឡើងប្រកួតទាំងត្រហេបត្រហបដែលសូម្បីតែលោកខ្លួនឯងក៏មិនមានជំនឿចិត្តដែរ ។ លោកថ្លែងដោយការត្អូញត្អែរថា «បើតាមតែខ្ញុំខ្វះខាតរាល់ថ្ងៃ ខ្ញុំប្រហែលមិនអាចបន្តប្រកួតកើតទេ ប៉ុន្តែមកពីខ្ញុំស្រឡាញ់អាជីពហ្នឹង ទើបនៅតស៊ូ ហើយខ្ញុំរាល់ថ្ងៃមិនមែនគ្រាន់តែឆ្លៀតហ្វឹកហាត់ខ្លួនឯងប៉ុណ្ណោះទេ គឺថែមទាំងចែកពេលជួយបង្ហាត់កូនសិស្សនៅក្នុងក្លិបរបស់ខ្ញុំ ដោយមិនយកប្រាក់ទៀតផង» ។
លោកអះអាងថា សព្វថ្ងៃលោកមានការលំបាកណាស់ ព្រោះត្រូវចែករំលែកប្រាក់ដែលខ្លួនប្រកួតបាន ឬធ្វើការបានយកមកទិញបាវសាក់ ហ្គង់ និងឧបករណ៍ដទៃទៀតមកតម្កល់ក្នុងក្លិបទុកឱ្យសិស្សទាំង២០នាក់បានហ្វឹកហាត់ផងដែរ ។
ជាមួយនឹងការត្អូញត្អែរពីកង្វះខាតផ្នែកជីវភាព និងការប្រឈមមុខចំពោះក្លិបដែលបើកបានជាងកន្លះឆ្នាំទៅហើយនៅតែខ្វះមុខខ្វះក្រោយព្រោះតែគ្មានការជួយឧបត្ថម្ភនោះ យុគ យក្សគីល បញ្ជាក់ថា នឹងពុះពារក្នុងការប្រកួតសាឡើងវិញ ។ លោកនិយាយថា ប្រមាណជិតមួយខែនេះ លោកផ្លាស់ប្តូរច្រើនណាស់ ព្រោះមិនចង់ជួបការបរាជ័យផ្ទួនៗទៀតទេ អីុចឹងហើយទើបលោកសម្រេចចិត្តមិនទទួលធ្វើការលីសែង ដែលរុញឱ្យលោកបាក់កម្លាំងដូចមុន ហើយសុខចិត្តស៊ីអត់ស៊ីឃ្លានខ្លះ ដើម្បីធ្វើការហ្វឹកហាត់ឱ្យបានពេញកម្លាំង ។
លោកនឹងឡើងសង្វៀនបាយ័នក្នុងពេលដ៏ខ្លី ដោយសន្យាថា មិនឱ្យបាក់មុខទៀតទេ បន្ទាប់ពីទទួលការអាម៉ាស់ក្នុងជំនួបជាមួយកីឡាករវ៉ន វីវ៉ា នៅសង្វៀន CNT នោះ ។ លោករំពឹងថា ការតាំងចិត្តរបស់ខ្លួន នឹងហុចផលពីរទន្ទឹមគ្នា នោះគឺជ័យជម្នះសម្រាប់ការប្រកួតថ្មីៗផង និងការបង្កើនចំនួនកូនសិស្សដែលចេញពីក្លិបឱ្យមានឈ្មោះល្បីកាន់តែច្រើនដូចជាកីឡាករយុគ យក្សផ្លែ និងទី សុភ័ក្ត្រផង ៕


ចែករំលែកព័តមាននេះ