ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែភាពយន្ត​ខ្លី​​របស់​សិស្ស​កម្ពុជា​​ជាប់​ទៅប្រឡងផ្តាច់​​ព្រ័ត្រ​នៅជប៉ុន​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មហោស្រពវីដេអូ​និង​ខ្សែ​ភាពយន្តកុមារ​អន្តរជាតិអាស៊ីលើកទី៤  ដែល​​រៀបចំដោយ​ស្ថាន​ទូត​ជប៉ុន​ប្រចាំកម្ពុជា ​​បាន​​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដើម្បី​ជ្រើសរើសយកទៅ​ចូល​រួម​ប្រឡង​ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ​​​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា នាទីក្រុង​មីណា​អារ៉ាជី ​ប្រទេស​​​ជប៉ុន ។

ក្រោយ​ពី​កម្មវិធីប្រឡង​គណៈ​កម្មការ​វិនិច្ឆ័យ​បាន​ពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​និង​ផ្តល់ពិន្ទុទៅ​លើរឿង​ខ្លីចំនួន៣​រឿង​ឱ្យ​ជាប់ជា​ចំណាត់​ថ្នាក់ និងជ្រើស​រើស​ទៅចូលរួម​ក្នុង​​មហោ​ស្រព​នៅ​ប្រទេស​ជប៉ុន ។ ខ្សែភាព​យន្តខ្លី​ទាំង៣​រឿង​នោះរួមមាន​រឿង​«សុភមង្គល​នៃជីវិត» ដែល​ជា​ស្នាដៃសិស្សវិទ្យាល័យវត្តកោះ, រឿង«អត្ថ​ន័យ​ជីវិត» ស្នាដៃសិស្ស​វិទ្យា​ល័យ​ទួលទំពូង ​និងរឿង​«ជីវិត»​ស្នាដៃ​សិស្ស​វិទ្យាល័យ​សេរីភាព ។

កម្មវិធី​ប្រឡងជ្រើសរើសវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្ររៀបចំឡើង​កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០១២​ នៅ​មជ្ឈមណ្ឌល​សហប្រតិ​ការ​កម្ពុជា-ជប៉ុន ដោយមាន​ការ​អញ្ជើញចូល​រួម​ជាអធិបតី​ពី​លោកអ៊ិន ថេរ អនុរដ្ឋលេខាធិការ​ក្រសួងអប់រំ​យុវជន និងកីឡា និងលោក​យ៉ូស៊ីហ្វ៊ីរ៉ូ ហ៊ីហ្គ៊ឈិ មន្ត្រី​ស្ថានទូតជប៉ុនប្រចាំកម្ពុជា ។

ក្នុងពិធីបើកកម្មវិធីប្រឡងជ្រើសរើសវគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រនោះ​មន្ត្រីតំណាងស្ថានទូត​ជប៉ុន​បញ្ជាក់ថា កម្មវិធី​ប្រឡង​ជ្រើស​រើស​ខ្សែ​​វីដេអូ និងខ្សែភាព​យន្តកុមារ​អន្តរជាតិអាស៊ី​​នៅ​កម្ពុជា​រៀបចំឡើង​ដោយស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា​សហការ​ជាមួយក្រសួង​អប់រំ​​ យុវជន និង​កីឡា​ ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹងពីគ្នា​ទៅវិញទៅមក​ក្នុងចំណោម​សិស្ស​នៃ​តំបន់អាស៊ី។ ប្រធាន​បទនៃ​មហោ​​ស្រពឆ្នាំនេះ​មាន​ចំណងជើង​ថា«អត្ថន័យ​នៃជីវិត»។

លោក​យ៉ូស៊ីហ្វ៊ីរ៉ូ ហ៊ីហ្គ៊ឈិ ​បញ្ជាក់​ថា ខ្សែ​ភាព​យន្តខ្លីរយៈ​ពេល៣នាទី​ចំនួន៣៦គ្រឿង ​ដែល​ជាស្នាដៃ​របស់សិស្សវិទ្យាល័យ​ចំនួន​៨ នៅ​ក្នុង​និងជុំវិញរាជធានី​ភ្នំពេញ ​ក្នុង​នោះ​ខ្សែ​ភាព​យន្ត​ចំនួន១៦​គ្រឿង​​ត្រូវ​បាន​ជ្រើស​រើសយក​មកបង្ហាញ​ជូន​នៅ​ក្នុង​កម្មវិធី​ប្រឡង​វគ្គពាក់​កណ្តាលផ្តាច់​ព្រ័ត្រ ។ ​លោក​បន្ថែម​​​ថា សិស្សនៃវិទ្យាល័យ​ចំនួន៩​រូប​​ ដែល​ទទួលបាន​ជ័យលាភី​​នឹងត្រូវ​​អញ្ជើញ​ទៅចូល​រួមប្រឡង​វគ្គផ្តាច់​ព្រ័ត្រ​នៅ​ប្រទេស​ជប៉ុន​ដែល​មានសិស្ស​មកពី​វិទ្យា​ល័យ​នៃប្រទេស​ឡាវ, មីយ៉ាន់ម៉ា, ថៃ, វៀត​ណាម, ចិន, កូរ៉េ, តៃវ៉ាន់, ម៉ាឡេស៊ី, ម៉ុងហ្គោលី  និង​ជប៉ុន ។

លោកអ៊ិន ថេរ អនុរដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​មានប្រសាសន៍ថា ​មហោ​​​ស្រព​នៅឆ្នាំ២០១២នេះ ​ក្រសួង​បាន​កំណត់យកវិទ្យាល័យចំនួន៨ នៅ​រាជ​ធានី​ភ្នំពេញ រួមមានវិទ្យាល័យ​ហ៊ុន សែន ប៊ុន រ៉ានី វត្ត​ភ្នំ, ​​វិទ្យា​ល័យវត្តកោះ, វិទ្យាល័យ​ទួលទំពូង,  វិទ្យា​ល័យ​ជា ស៊ីម សន្ធរម៉ុក,​ វិទ្យា​ល័យ​បាក់​ទូក, វិទ្យា​​ល័យជា ស៊ីម ជ្រោយ​ចង្វា, វិទ្យា​ល័យ​ឫស្សី​កែវ, វិទ្យាល័យជា ស៊ីម សាមគ្គី និងវិទ្យា​ល័យ​ខេត្ត​កណ្តាលចំនួន​២ទៀត គឺវិទ្យា​ល័យហ៊ុន  សែន សេរីភាព និងវិទ្យា​ល័យ​ហ៊ុន សែន តាខ្មៅ ​ដោយ​មានសិស្ស​ចូល​រួម​ចំនួន​១៥០​នាក់​​ចែក​ជា​ក្រុម​ ក្នុងមួយ​ក្រុមមាន​សិស្ស៣​នាក់​ផលិត​រឿង​ខ្លីរយៈពេល​៣នាទី​ ។​

លោក​អនុរដ្ឋលេខា​ធិការ​​ថ្លែង​​កោត​សរសើរ​​ចំពោះ​សិស្ស​ទាំង​អស់​ដែលខិតខំ​ប្រឹងប្រែង​យកអស់​ពី​សមត្ថ​ភាពក្នុង​ការផលិត​រឿងខ្លី​ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រលង​ជ្រើសរើស​ជាលក្ខណៈ​អន្តរជាតិ ។ លោក​ក៏ថ្លែងអំណរ​គុណចំពោះ​ស្ថាន​ទូត​ជប៉ុន​ប្រចាំកម្ពុជា​ដែល​តែងតែ​ជួយផ្តល់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅ​កម្ពុជា ពិសេស ​វិស័យ​អប់រំ ​ដែល​ជាមុំ​មួយ​នៃយុទ្ធ​សាស្ត្រ​ចតុ​កោណរបស់​រាជរដ្ឋាភិបាល ៕