ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​​មិន​​ស្គាល់​មុខ​លប​វាយ​​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​របួស​​៤នាក់

13 ឆ្នាំ មុន

រាជ​​ធានី​​ភ្នំពេញ ៖ ពីខេត្ត​បន្ទាយ​មាន​ជ័យ​មាន​សេចក្តី​​រាយកា​រណ៍ថា កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី១៦ សីហា មានករណី​បោក​គ្រាប់បែកចូល​ក្នុងក្រុមផឹក​ស៊ីមួយកន្លែងជិត​ស្ពានកោះ​កែវ ស្ថិតនៅ​ក្នុងភូមិ​កោះ​កែវ ឃុំប្ញស្សី​ក្រោម ស្រុកមង្គល​បុរី បណ្តាល​ឲ្យ​មនុស្ស​៤​នាក់ បាន​របួស​ធ្ងន់ និងស្រាល  ។

ការ​​វាយ​​ប្រហារ​​ដោយ​​គ្រាប់​បែក​​​ដៃ​​នេះ ​ត្រូវ​​បាន​​​សមត្ថ​​កិច្ច​​​អះ​អាង​ថា ​​គឺជា​រឿង​គំនុំ ​ពេល​នេះ​ប៉ូលិស​កំពុង​តែ​ស្រាវជ្រាវ​​​​រក​ជន​ដៃ​ដល់​យ៉ាង​​​​ដុត​ដៃ​​​ដុត​ជើង​​​ហើយ ។ ក្រោយពី​បោកគ្រាប់បែក​ភ្លាមជនបង្កបានរត់​គេច​ខ្លួន​បាត់ ចំណែកជនរងគ្រោះ​វិញដេក​​រដូក​រណែល​ត្រូវបាន​គេដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី ដើម្បីសង្រ្គោះភ្លាមៗ។

ជនរង​គ្រោះ​មាន ១-ឈ្មោះឡោ គង់ ភេទប្រុស អាយុ៣៥ឆ្នាំ ម្ចាស់ផ្ទះ​ទទួល​រង​របួស​ចំខ្នង៣កន្លែង និង​កំភួនជើង​ឆ្វេង១កន្លែង (ស្រាល) ២-ឈ្មោះ​ប៊ុន បូវាសនា ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធ​ម្ចាស់​ផ្ទះ ទទួលរងរបួសចំភ្លៅ ខាងឆ្វេង​១​កន្លែង (ស្រាល) ៣-ឈ្មោះ​វ៉ា យិញ  ភេទប្រុស អាយុ៣៨ឆ្នាំ ទទួលរបួសចំចុងចិញ្ចើមឆ្វេង១កន្លែង (ស្រាល) និង៤-ឈ្មោះឡាយ ឆៃណា ភេទស្រី អាយុ​៣៨ឆ្នាំ ទទួលរងរបួស​ចំ​ក្រោមក្បាល​ជង្គង់ស្តាំ១កន្លែង (រងរបួសមធ្យម) នារីរងគ្រោះ​ម្នាក់នេះ ត្រូវ​ជាប្រពន្ធ​ឈ្មោះវ៉ា យិញ រស់នៅភូមិ​ប្ញស្សី​ក្រោក ឃុំប្ញស្សី​ក្រោក ស្រុកមង្គលបុរី  ។

ប្រភព​ព័ត៌មាន​បាន​ឲ្យដឹង​ថា ​សមត្ថ​កិច្ចបានចុះ​ធ្វើការ​ស្រាវ​ជ្រាវ​នៅកន្លែ​ង​កើត​ហេតុ​ប្រាប់​ថា គ្រាប់​បែក​ដៃ​នោះ​ជា​ប្រភេទ​គ្រាប់​បែក​មីនី​ផលិតនៅ​ប្រទេស​ចិន តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាជំហានដំបូង​អះ​អាង​ថា ​ករណីនេះគឺរឿងគំនុំក្នុង​ការងាររក​ស៊ី(កិប​កេង​ផ​លប្រយោជន៍តែម្នាក់ឯង) បច្ចុប្បន្ន ​សមត្ថកិច្ច​កំពុង​ធ្វើការ​តាមដាន និងស្រាវជ្រាវយ៉ាងយក​ចិត្ត​ទុកដាក់តាម​ជំនាញ ដើម្បី​ស្វែង​រក​​ចាប់​ខ្លួន​មុខសញ្ញា​​ជន​​បង្កគ្រោះ​ថ្នាក់យក​​មក​ចាត់​ការ​តាម​ច្បាប់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕