AFP ផ្សាយឱ្យដឹងថា បុរសចំណាស់ជនជាតិសិង្ហបុរីអាយុ៧៦ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញក្លាយជាសាកសពនៅក្នុងលំនៅឋានមួយពោរពេញដោយសំរាម ដែលគេប្រមែប្រមូលទុកអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ។ក្រុមជួយសង្គ្រោះ បានចំណាយពេលជិត១ម៉ោងទើបអាចចូលទៅត្រួតពិនិត្យនៅក្នុងផ្ទះ ក្រោយពីមានអ្នកជិតខាងរៀបរាប់ថា មានក្លិនស្អុយ ដោយក្រុមជួយសង្គ្រោះត្រូវរុកចូលទៅក្នុងគំនរសំរាម រហូតប្រទះឃើញសពបុរសចំណាស់នោះ ។
សមត្ថកិច្ចប៉ូលិសសិង្ហបុរីឱ្យដឹងកាលពីថ្ងៃទី១៥ សីហា ថា សពបុរសចំណាស់អាយុជាង៧០ឆ្នាំនោះ ស្ថិតក្នុងលំនៅឋានរបស់រដ្ឋមួយ ហើយបើតាមការត្រួតពិនិត្យរបស់ប៉ូលិសជំនាញ មិនមែនជាការស្លាប់លក្ខណៈធម្មជាតិទេ ។អ្នកស្រុកម្នាក់បញ្ជាក់ប្រាប់សារព័ត៌មានស្ត្រេតថែមថា ប្រពន្ធនិងកូនស្រីរបស់បុរសនោះបានចាកចេញអស់រយៈពេលជាង១០ឆ្នាំ រីឯគាត់ចាប់ផ្តើមមានជំងឺវិកលចរិត ។ គាត់ពូកែខាងប្រមែប្រមូលវត្ថុផ្សេងៗមកគរទុកនៅក្នុងបន្ទប់ចាប់តាំងពីពេលនោះមក ។
អ្នកស្លាប់តែងតែប្រមូលវត្ថុផ្សេងៗនៅតាមធុងសំរាម និងច្រកទុកក្នុងស្បោងប្លាស្ទិកទៅគរទុកនៅក្នុងបន្ទប់ ។ អ្នកក្បែរខាងដែលប្រទះឃើញសកម្មភាពនោះបញ្ជាក់ទៀតថា «នៅពេលសួរថា តើវត្ថុក្នុងស្បោងគឺអ្វី? បុរសចំណាស់ប្រាប់ថា ខ្លួនមានទ្រព្យសម្បត្តិច្រើន» ។ នៅក្នុងលំនៅឋានរបស់បុរសចំណាស់នោះគ្មានទឹកម៉ាសីុន និងអគ្គិសនី រួមទាំងទ្វារនៅផ្នែកខាងមុខបានចាក់សោជាច្រើនជាន់ ។
សិង្ហបុរីកំពុងប្រឈមមុខនឹងបញ្ហាមនុស្សចាស់ជរានៅពាសពេញប្រទេស ដូចគ្នានឹងបណ្តាប្រទេសជាច្រើនដែលមានអត្រាកំណើតទាប ដោយចាស់ជរាភាគច្រើនត្រូវរស់នៅឯកោ ។ តាមតួលេខស្ថិតិរបស់អាជ្ញាធរបញ្ជាក់ថា សិង្ហបុរីនឹងមានពលរដ្ឋអាយុលើសពី៦៥ឆ្នាំឡើងដល់ទៅ២០ភាគរយក្នុងឆ្នាំ២០៣០ ៕


ចែករំលែកព័តមាននេះ