រាជធានីភ្នំពេញ ៖នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ សីហា កន្លងមកនេះ សហព័ន្ធកីឡាវាយសីកម្ពុជាបានរៀបចំពិធីប្រគល់លិខិតបញ្ជាក់ការសិក្សាវគ្គគ្រូបង្វឹកកីឡាវាយសីថ្នាក់តំន់អាស៊ីអាគ្នេយ៍ និងប្រគល់ប្រាក់រង្វាន់របស់សហព័ន្ធកីឡាវាយសីអាស៊ីដល់កីឡាករឆ្នើមកម្ពុជាចំនួន២រូប ។
លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជាមានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនគ្រូបង្វឹកកីឡាវាយសីនេះបានធ្វើឡើងតាំងពីខែវិច្ឆិកា ឆ្នាំ២០១០ មកម៉្លេះ ប៉ុន្តែមូលហេតុដែលពុំទាន់បានប្រគល់លិខិតបញ្ជាក់ការសិក្សាជូនដោយសារលិខិតនេះមានសុពលភាពជាលក្ខណៈអន្តរជាតិ គឺមានការចុះហត្ថលេខាទទួលស្គាល់ដោយប្រធានខាងអភិវឌ្ឍន៍ និងប្រធានសហព័ន្ធកីឡាវាយសីអាស៊ីទៀតផង។ លោកមានប្រសាសន៍ទៀតថា ថ្ងៃនេះទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សហព័ន្ធកីឡាវាយសីកម្ពុជាដែលពុំធ្លាប់មានបានមកដល់ហើយ នោះ គឺការប្រកួតឈានទៅដល់វគ្គ 1/8 នៅលើឆាកអន្តរជាតិនាពេលកន្លងមក ក្នុងក្របខណ្ឌជ្រើសរើសជើងឯកអាស៊ី ។
សហព័ន្ធកីឡាវាយសីកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ មកម៉្លេះ ប៉ុន្តែនៅឆ្នាំ២០១១ កីឡាករវាយសីកម្ពុជា២រូបគឺកីឡាករងួន កាណូរ៉ា និងកីឡាករសុខ ចាន់ថន ជាអ្នកមានថ្វីដៃឆ្នើមបំផុតក្នុងការទៅចូលរួមប្រកួតនៅទីក្រុងឈីងតាវ សាធារណរដ្ឋប្រជាមានិតចិន អាចឆ្លងកាត់ការប្រកួតវគ្គជម្រុះរហូតឈានដល់វគ្គ 1/8 ដែលជាកម្រិតមួយពិបាកយកបំផុត ។ ពេលនេះសហព័ន្ធកីឡាវាយសីអាស៊ីបានសម្រេចផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន៥៦២ដុល្លារសហរដ្ឋអាមេរិក សម្រាប់កីឡាករទាំង២រូបនេះ តាមរយៈសហព័ន្ធកីឡាវាយសីកម្ពុជា ។
លោកឧត្តមសេនីយ៍ បានថ្លែងទាំងក្តីរំភើបយ៉ាងខ្លាំង ព្រោះលោកបានមើលឃើញពីភាពរីកចម្រើននៃវិស័យកីឡាវាយសីកម្ពុជា ហើយក៏ស្របទៅតាមការធ្វើកំណែទម្រង់យុទ្ធសាស្ត្រថ្មីមួយចំនួនបន្ថែមទៀត ព្រមទាំងពង្រឹងឡើងវិញនូវផែនការទិសដៅការងារល្អៗ ។ លោកបានគូសបញ្ជាក់ទៀតថា ពេលនេះសហព័ន្ធកីឡាវាយសីកម្ពុជា បានកំណត់ទិសដៅរបស់ខ្លួនយ៉ាងច្បាស់លាស់ និងម៉ឺងមា៉ត់បំផុត ដោយខិតខំបំបាត់ឱ្យអស់នូវបាតុភាពអសកម្មមួយចំនួនដែលមានភាពលម្អៀងគ្មានយុត្តិធម៌ ដែលធ្វើឱ្យជះឥទ្ធិពលមិនល្អដល់សតិអារម្មណ៍របស់កីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ ហើយមិនត្រូវបានចាត់តាំងឱ្យចេញទៅប្រកួតនៅក្រៅប្រទេស ។
លោកឧត្តមសេនីយ៍សន្យាថា ចាប់ពីពេលនេះតទៅនឹងខិតខំចំណាយពេលវេលាឱ្យបានច្រើនធ្វើការងារជាប្រចាំជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា ដើម្បីជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត ៕


ចែករំលែកព័តមាននេះ