ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិល​ត្រឡប់​​របស់​និស្សិត​​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដី​ធ្លី​ជំហាន​ទី​3​សម្រាក​រយៈ​ពេល​5ថ្ងៃ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​​ ​ក្រុមនិស្សិត​ស្ម័គ្រ​ចិត្ត ចុះ​​វាស់វែង​ដីធ្លី​ជូន​ប្រជា​ពល​រដ្ឋ ចំនួន៤២០​នាក់​មក​​ពី​ខេត្ត​​គោល​ដៅចំនួន​៨​ក្នុង​នោះមាន ​ខេត្ត​កែប​ចំនួន​២​ក្រុម កោះកុង៤ក្រុម​ ព្រះសីហនុ​៤​ក្រុម​​ សៀម​រាប​​៣ក្រុម ព្រះវិហារ៥ក្រុម ពោធិ៍​សាត់​៦ក្រុម​ ឧត្តរ​មានជ័យ​៨ក្រុម និងខេត្តតាកែវ​ចំនួន៣ក្រុម​ បានវិលត្រឡប់មក​ជួបជុំ​ក្រុម​គ្រួសារ​​​វិញ​ ខណៈទទួល​បានការឈប់​សម្រាក​រយៈ​​ពេល​៥​ថ្ងៃ​ក្រោយ​​ពី​បំពេញ​ការងារ​ចំនួន​១ខែ​ពេញ ។

ការវិលត្រឡប់របស់និស្សិត​ស្ម័គ្រ​ចិត្ត​វាស់​​វែង​ដីធ្លីជូនប្រជា​ពលរដ្ឋជំហាន​ទី៣​នេះ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ពីសំណាក់មន្ត្រី​​ក្រសួង​រៀប​ចំ​ដែន​ដីនគរូប​នីយកម្ម​ ​និងសំណង់ នៅទី​ស្តី​​ការ​ក្រសួង​ កាល​ពីថ្ងៃទី១៥​ សីហា ឆ្នាំ២០១២ ។ យុវតី ម៉ៅ វឌ្ឍនា​ជាប្រធានក្រុម​និស្សិត​​​​ស្ម័គ្រ​ចិត្ត​ទី៩៣​ក្នុងខេត្តតាកែវ​ ​និយាយ​ថា​ ក្នុង​រយៈ​​ពេល​បំពេញ​បេសកកម្មវាស់វែងដីធ្លីពេញ​មួយ​​ខែកន្លង​មក​នេះ​ គឺទទួល​បានលទ្ធផល​ផ្លែ​ផ្កា​ជា​​ច្រើន​ ដោយ​មិនមាន​​ជួប​ឧបសគ្គ​អ្វីធ្ងន់ធ្ងរ​ឡើយ​​។ ការ​ទទួល​បានជោគជ័យ​គួរឲ្យកត់​សម្គាល់​នេះ ​គឺ​​ដោយ​សារមានការរួម​សហការ​យ៉ាង​​ល្អពី​សំណាក់​អាជ្ញាធរដែនដី​ ជាពិសេស​​បាន​ការ​​ទទួល​រាក់​ទាក់ពីប្រជាពលរដ្ឋដែលរស់​នៅទីនោះ​ផង​ដែរ ​។ ​ក្នុង​ការបំពេញ​បេសកកម្ម​វាស់​វែង​ដីធ្លី​​រយៈ​ពេលមួយខែនេះ ​ក្រុមការងារ​របស់​កញ្ញា ​មិន​មានបញ្ហាអ្វីចោទ​ឡើយ ទាំងការ​ស្នាក់​នៅ និង​ការហូបចុក​ ព្រោះបានការ​យក​ចិត្ត​ទុក​​ដាក់​ពី​អាជ្ញាធរនៅក្នុងតំបន់នោះ​ ជាពិសេស​គឺការ​យក​ចិត្តទុកដាក់​យ៉ាងខ្លាំងពី​សម្តេចអគ្គ​មហា​​សេនា​បតី​តេជោ ហ៊ុន​ សែន និងលោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ 

ចំណែកនិស្សិត​ឈ្មោះ​សុខ​ វណ្ណា ជាប្រធាន​ក្រុម​ទី៩៩ចុះបំពេញ​បេសកក​កម្ម​នៅ​ឃុំជើង​គោ ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ និយាយ​​ថា ក្នុង​រយៈ​​ពេលមួយ​ខែ​នៃបេសកកម្ម​ ក្រុមរបស់​ប្អូន​​ទទួល​​បានលទ្ធផល​ល្អប្រសើរ ពោលគឺបាន​ចំនួន ៩៥​​ភាគរយ ។ ​​បេសក​កម្មរបស់​ក្រុមប្អូន​​ គឺ​នៅ​សល់តែ​៥​ភាគ​រយ​ប៉ុណ្ណោះ នឹង​សម្រេចបាន​ទាំង​ស្រុង​ហើយ​ទាំងការ​ផ្តល់សាលាកប័ត្រ និងក្បាល​ដីជូន​ដល់​ប្រជាពលរដ្ឋ ។​ និស្សិត​ស្ម័គ្រចិត្តរូបនេះ​បាន​បន្ត​ទៀតថា​ បេសកកម្មរបស់ពួកគេពុំមាន​ឧបសគ្គ​អ្វីជាដុំកំភួនឡើយក្រៅពី​អាកាស​ធាតុ​បន្តិច​បន្តួច​ ហើយ​ទាំង​ប្រជាពល​រដ្ឋ អាជ្ញា​ធរ​មូល​ដ្ឋាន​ រហូត​​ដល់​ថ្នាក់​ខេត្ត​ គឺទទួលស្វាគមន៍ និង​យក​​ចិត្ត​ទុក​ដាក់​ដល់​ពួកគេ​ជានិច្ច ។ ក្នុងនាម​ជាប្រធាន​ក្រុម និស្សិត​ សុខ​ វណ្ណា បាន​ប្តេជ្ញា​ចិត្ត​​​ខិត​ខំ​បំពេញបេសកកម្មដ៏ថ្លៃថ្លា​នេះឲ្យ​សម្រេច​បាន​ជា​ផ្លែផ្កាជូន​ប្រមុខរាជរដ្ឋាភិបាល​ ដែលមាន​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន​ សែន ជា​នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជា​ណា​ចក្រកម្ពុជា​ ក្នុង​ការ​​កែ​ទម្រង់​ដីធ្លីជូន​ប្រជា​ពល​រដ្ឋ ។

យោង​តាមរបាយការណ៍របស់ក្រសួង​រៀប​ចំដែនដីនគរូបនីយកម្ម​ និងសំណង់​ រហូត​មក​ដល់​​ថ្ងៃ​ទី១០​ សីហា​ ឆ្នាំ២០១២​ លទ្ធផល​បច្ចេក​ទេស​ក្រុមវាស់វែង​ដីធ្លី​ ដែលមានក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ចូលរួមនេះ​ គឺសម្រេចបាន ប្រកាស​ឃុំ​គោល​ដៅជា​តំបន់វិនិច្ឆ័យ​បាន​ចំនួន​១៥​៨ឃុំ វាស់​វែង​និងគូរផែនទីដើម្បីឆ្វៀល​ចេញ​ទំហំ​ជាង​១៧​ម៉ឺនហិកតា​ បំពេញសាលាកប័ត្រអ្នកកាន់​កាប់​ក្បាលដី​បាន​ចំនួន​ជិត​១៥​ម៉ឺន​ក្បាលដី បាន​ស្រង់​​ស្ថិតិ​ប្រជា​ជន​ដែល​បាន​កាន់​កាប់​ដី​ចំនួន​ជាង៨​ម៉ឺន​គ្រួសារ​ កំណត់ព្រំ និងវាស់វែងក្បាល​ដី បាន​ចំនួន​ជាង​៧,៦ម៉ឺនក្បាលដី គូរក្បាលដីបាន​ចំនួន​ជាង​៥,២ម៉ឺនក្បាលដី និងបំពេញ​ទម្រង់​បែប​​បទ​ទិន្នន័យ​ក្បាលដីបានចំនួន​ជាង៣ម៉ឺន​ក្បាល​ដី ៕